ជាតិ
ក្រសួងយុត្តិធម៌ នឹងធ្វើវិសោធនកម្ម ទាក់ទងនឹងបទល្មើសឃាតកម្ម
26, Jun 2024 , 5:44 pm        
រូបភាព
ក្រសួងយុត្តិធម៌ នឹងធ្វើវិសោធនកម្ម ទាក់ទងនឹងបទល្មើសឃាតកម្មនេះ ក្រោយផ្ទុះការវែកញែកកាន់ខ្លាំង នៅក្នុងបណ្ដាញសង្គម។ សាធារណជន មិនពេញចំពោះតុលាការ ដែលបានចោទប្រកាន់ជនល្មើស ស្រី ស៊ីណា ពីបទ ឃាតកម្ម ឡើយ។ ជាបំណងមហាជន ពួកគេចង់ឱ្យតុលាការដាក់បទចោទធ្ងន់ធ្ងរជាងនេះ ដោយប្ដូរពីបទឃាតកម្ម ទៅឃាតកម្មគិតទុកជាមុន។



បទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដែលមិនបានគិតទុកជាមុន។ ឃាតកម្មនេះ ត្រូវផ្ដន្ទាទោសពី១០ទៅ១៥ឆ្នាំ។ ប៉ុន្តែមហាជន បានគិតថា ទោសទណ្ឌ និងសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្ដែងរបស់ជនល្មើស ស្រី ស៊ីណា មិនគួរទទួលទោសត្រឹមបទចោទ ឃាតកម្ម នេះឡើយ។ ពួកគេ យល់ថា បុគ្គលរូបនេះ គួរតែទទួលបានបទចោទ ឃាតកម្មគិតទុកជាមុន ដែលអាចជាប់ពន្ធនាគារ អស់មួយជីវិត។
 
ដោយសារអារម្មណ៍មហាជនមិនស្ងប់ ចំពោះបទចោទ លើជនល្មើស ស្រី ស៊ីណា នេះហើយ ទើបបានជាលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រៀបចំសន្និសីទកាសែតនៅរសៀលថ្ងៃទី ២៦ មិថុនា ដើម្បីបង្ហាញដល់សាធារណជន ពីគោលជំហរ ចំណាត់ការ និងការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងសំណុំរឿងនេះ ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា ការធ្វើសន្និសីទកាសែត ជុំវិញករណីជនសង្ស័យលោក ស្រី ស៊ីណា ដែលបានប្រហារលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់ និងរបួសនេះ មិនមែនដើម្បីចេញមុខការពារតុលាការ ដែលបានដាក់បទចោទលើជនល្មើសនោះទេ។ ប៉ុន្តែដើម្បីពន្យល់មហាជនឱ្យកាន់តែច្បាស់ថែមទៀត។
 
ក្នុងសន្និសីទកាសែតជិត៣ម៉ោងនេះ លោក កើត រិទ្ធ បានពន្យល់ពីនិតិវិធី អង្គហេតុ និងការប្រមូលភស្តុតាង ដែលផ្អែកតាមគោលការណ៍ តាមដំណាក់កាលនីមួយៗ ដល់មហាជនឱ្យយល់ពីនិតិវិធីនៃការដាក់បទចោទ ឃាតកម្មនេះ និងមូលហេតុដែលមិនដាក់បទចោទ ពីបទឃាតកម្មទុកជាមុន។ 
 
ពិតមែនហើយ ការយល់ឃើញរបស់មហាជន កើតឡើងតាមរយៈអារម្មណ៍ខឹងសម្បារលើជនល្មើស បូកជាមួយសកម្មភាព និងរូបភាពវីដេអូបែកធ្លាយរបស់ជនបង្កទៅលើជនរងគ្រោះ។ ប៉ុន្តែអ្នកច្បាប់ មិនអាចចាត់វិធានការតាមអារម្មណ៍បានឡើយ ពោលគឺអនុវត្តនីតិវិធីដោយផ្អែកលើការពិនិត្យលើភស្តុតាង និងអង្គហេតុ ស្របតាមច្បាប់ជានិច្ច។ នេះបើតាមលោក កើត រិទ្ធ។
 
បើតាមលោក កើត រិទ្ធ ការចោទរបស់តុលាការ លើឧក្រិដ្ឋជន ស្រី ស៊ីណា គឺមិនខុសទេ ព្រោះវាមានអង្គហេតុត្រឹមត្រូវ ប៉ុន្តែបញ្ហាត្រង់ថា នៅក្នុងច្បាប់កម្ពុជា ចែងអំពីបទល្មើសឃាតកម្ម តែមិនមានចែងពីស្ថានទម្ងន់ទោស សម្រាប់បុគ្គលណា ដែលសម្លាប់មនុស្សចាប់ពី២នាក់ឡើងទៅ ត្រូវជាប់ទោសធ្ងន់ធ្ងរជាងនេះ។ 
 
ដើម្បីដោះស្រាយបញ្ហានេះ សម្រាប់ថ្ងៃអនាគត ក្រសួងយុត្តិធម៌ នឹងធ្វើវិសោធនកម្មច្បាប់ពីបទឃាតកម្ម ត្រង់មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ «ក្រមនេះ នឹងត្រូវធ្វើវិសោធនកម្ម ព្រោះខ្ញុំមើលទៅក្រមនេះ មានចំណុចច្រើនណាស់ ដែលត្រូវធ្វើវិសោធនកម្ម»។ នេះបើតាមលោក កើត រិទ្ធ ដែលទទួលបានការណែនាំ ពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឱ្យពិនិត្យមើល និងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌឡើងវិញ។
 
រដ្ឋមន្រ្តីយុត្តិធម៌រូបនេះ ក៏យល់ច្បាស់ពីអារម្មណ៍មហាជន ដែលកំពុងខឹងលើជនល្មើស។ ដើម្បីឱ្យមហាជនស្ងប់ចិត្តលើករណីនេះ លោក កើត រិទ្ធ បានប្រកាសថា ក្រោយតុលាការសម្រេចផ្ដន្ទាទោសហើយនោះ ជនល្មើស ស្រី ស៊ីណា នឹងត្រូវអនុវត្តទោសតាមសាលដីកាតុលាការ ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសជាដាច់ខាត ។
 
ផ្អែកតាមការស្រាវជ្រាវខាងលើ តុលាការសម្រេចបែងចែកករណីខាងលើជា២សំណុំរឿង កាលពីថ្ងៃទី២២ មិថុនា។ សំណុំរឿងទី១ ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារបណ្ដាលឱ្យជនរងគ្រោះ២នាក់ស្លាប់នេះ តុលាការបានចោទប្រកាន់លើលោក ស្រី ស៊ីណា ពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដែលមិនបានគិតទុកជាមុន។ ឃាតកម្មនេះ ត្រូវផ្ដន្ទាទោសពី១០ទៅ១៥ឆ្នាំ។ 
 
ចំណែក សំណុំរឿងទី២ មានជនសង្ស័យ ស្រី ស៊ីណា បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ២នាក់រងរបួស។ អង្គហេតុនេះ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើបុគ្គលនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧, មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។ បទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ៕

អត្ថបទទាក់ទង

 

Tag:
 កើត រិទ្ធ
  ស្រី ស៊ីណា
© រក្សាសិទ្ធិដោយ thmeythmey.com