ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ស្នើឱ្យមានការអបអរពីគ្រប់ទីកន្លែងនាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ
28, Jun 2024 , 10:13 am        
រូបភាព
សម្តេច ហេង សំរិន សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត នាពិធីអបអរខួប​៧៣ឆ្នាំ​នៃការបង្កើតគណបក្ស​ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា នេះ នៅវិមាន៧មករា
សម្តេច ហេង សំរិន សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត នាពិធីអបអរខួប​៧៣ឆ្នាំ​នៃការបង្កើតគណបក្ស​ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា នេះ នៅវិមាន៧មករា
ដោយ: រួបរួម
ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តចំពោះគម្រោងព្រែកជីកហ្វូណនតេជោ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើទៅរាជរដ្ឋាភិបាលបំផុសការអបអរសាទរនៅគ្រប់ទីវត្តអារាម និងកន្លែងផ្សេងៗ តាមរយៈការទូងស្គរ បាញ់កាំជ្រួច រួមទាំងសកម្មភាពនានា នាថ្ងៃបើកការដ្ឋានគម្រោងផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្រនេះ នៅថ្ងៃទី៥ ខែសីហា ខាងមុខ។



«គម្រោងនេះ វានឹងបង្កើតឱកាសសម្រាប់រាប់រយ រាប់ពាន់ រាប់ម៉ឺនឆ្នាំសម្រាប់កម្ពុជា ដើម្បីធានាថា កម្ពុជាអាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទរដោយខ្លួនឯង ដោយមិនបាំបាច់ឆ្លងកាត់ប្រទេសដទៃ»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ខណៈសម្តេចថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរខួបទី៧៣នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា។

ជាមួយគ្នានេះ ផងដែរ អតីតប្រមុខរដ្ឋាភិបាល និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានវាយតម្លៃថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ទិសនីរតីរបស់កម្ពុជា ដោយរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងបង្កើតនូវស្ថានភាពបៃតងគ្រប់រដូវក្នុងតំបន់។

ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ សម្តេច ហ៊ុន សែន តែងតែប្រកាសថា គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះឡើយ។ ថ្លែងសារពិសេសពីភូមិគ្រឹះនាក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែឧសភា សម្តេចអះអាងថា គម្រោងនេះ ជាគំនិតរបស់កម្ពុជា ដើម្បីបង្កើតឡើងក្នុងគោលបំណងបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិ ពោលមិនមែនដើម្បីបម្រើផលប្រយោជន៍ឱ្យចិនឡើយ។ សម្ដេច ហ៊ុន សែន បានថ្លែងបែបនេះ ឆ្លើយតបទៅនឹងសារព័ត៌មានបរទេស ដែលបានចុះផ្សាយថា គម្រោងព្រែកជីកនេះ ផ្ដល់ឱកាសឱ្យចិន អាចឈរជើង និងចល័តទ័ព នៅលើទឹកដីកម្ពុជា។

គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ត្រូវចំណាយទុនវិនិយោគ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ រយៈពេល៤ឆ្នាំ។ សម្រាប់ទំហំចរាចរណ៍វិញ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ ម៉ែត្រ) សម្រាប់នាវាឆ្លងកាត់។ ត្រង់ចំណុចសម្ដេច ហ៊ុន សែន បានពន្យល់ថា ទំហំចរាចរនាវានេះ មិនអាចឱ្យនាវាធំៗរបស់ចិន ធ្វើដំណើរចល័តទ័ពលើផ្ទៃទឹកបានឡើយ។
 
សម្ដេច ហ៊ុន សែន ចាត់ទុកការចុះផ្សាយបែបនេះ ជាការទាញកម្ពុជា ចូលទៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងគោលដៅដើម្បីប្រឆាំងចិន។ «ព្រែកជីកនេះ គ្មានការជាប់ទាក់ទងណាមួយ ជាមួយចិន ក្នុងគោលដៅគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយនោះទេ»។ នេះជាការបញ្ជាក់របស់ប្រមុខបក្សកាន់អំណាច ដែលបានបន្ថែមថា កម្ពុជា ត្រូវឯកភាពខាងនយោបាយលើការដឹកជញ្ជូននេះ ដើម្បីបម្រើផ្នែកសេដ្ឋកិច្ចកម្ពុជា។
 
បើតាមអតីតនាយករដ្ឋមន្រ្តីជាង៣៧ឆ្នាំរូបនេះ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងរបស់កម្ពុជា ប៉ុន្តែត្រូវការគាំទ្រវិនិយោគពីវិស័យឯកជន ជាពិសេសអ្នកវិនិយោគចិន មកបោះទុនលើគម្រោងនេះ។ ប៉ុន្តែបើសិនជាគ្មានការវិនិយោគពីក្រៅប្រទេសនោះ គម្រោងនេះ ក៏នៅតែលេចចេញជារូបរាងឱ្យខាងតែបាន តាមរយៈមូលធនវិនិយោគក្នុងស្រុក។

ផ្អែកតាមលទ្ធផលសិក្សា និងពិនិត្យលើទិដ្ឋភាពច្បាប់ និងកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥វិញ គម្រោងនេះ ជាគម្រោង ដែលមានលក្ខណៈជាការប្រើប្រាស់ និងបង្វែរទឹកចេញពីទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេ (ក្នុងអាងទន្លេមេគង្គ) ទៅអាងទន្លេដទៃផ្សេងទៀត (ក្រៅពីអាងទន្លេមេគង្គ)។ យោងតាមខ្លឹមសារនៃមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន គម្រោងនេះ អាចអនុវត្តបាន ដោយភាគីកម្ពុជា គ្រាន់តែអនុវត្តតាមរយៈការជូនដំណឹងជាមុន ទៅគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដោយភ្ជាប់ជាមួយនូវរបាយការណ៍នៃការសិក្សាលម្អិត មុនពេលចាប់ផ្ដើមការងារសាងសង់ប៉ុណ្ណោះ ពោលគឺមិនចាំបាច់ស្នើសុំការយល់ព្រមណាមួយ ពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនោះឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com