ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ឱ្យមន្ត្រីបក្សប្រជាជនធ្វើខ្លួនជាអ្នកបម្រើពលរដ្ឋដោយស្មោះ
29, Jun 2024 , 10:47 am        
រូបភាព
«យើងជាអ្នកបម្រើដ៏ស្មោះរបស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះឡើយ!។»។ នេះគឺជាគូសបញ្ជាក់របស់ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា។

 
សម្តេច ហ៊ុន សែន លើកឡើងដូច្នេះ បន្ទាប់ពីបានលើកឡើងនូវខុសឆ្គងរបស់មន្ត្រីគណបក្សមួយចំនួន ដែលធ្វើឱ្យពលរដ្ឋមិនពេញចិត្ត។ «ប្រជាជនកម្ពុជា ត្រូវការការដឹកនាំរបស់គណបក្ស និងគាំទ្រគណបក្ស(ប្រជាជនកម្ពុជា) ប៉ុន្តែអ្វីដែលប្រជាជន មិនសប្បាយចិត្ត គឺទង្វើខុសឆ្គងរបស់មន្ត្រីគណបក្សមួយចំនួន។ ដែលនោះ ខ្ញុំអំពាវនាវចំពោះមន្ត្រីគណបក្សទាំងអស់ ចូរធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះ»។ ប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងដូច្នេះ។
 
ក្នុងមិទ្ទិញដដែល សម្តេច ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា ប្រជាជន គឺជាកត្តាសម្រេចនៃជ័យជម្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ ទាំងក្នុងដំណាក់កាលតស៊ូរំដោះជាតិ  និងដំណាក់កាលនៃការកាន់អំណាចដឹកនាំប្រទេស។ បើប្រជាជន មិនគាំទ្រ មិនចូលរួម មិនជឿលើការដឹកនាំរបស់ គណបក្សនោះ គឺគ្មានភារកិច្ចណា ដែល គណបក្សអាចសម្រេចបានឡើយ។ ប្រធានបក្សប្រជាជនកម្ពុជា បន្ថែមដូច្នេះ មុននឹងប្រាប់ ទៅគ្រប់អង្គការចាត់តាំងគណបក្ស នៅគ្រប់ជាន់ថ្នាក់ ឱ្យផ្សារភ្ជាប់ជាមួយប្រជាជន ធ្វើបង្អែកដោះស្រាយសំណូមពរ និងការលំបាក របស់ប្រជាជន។
 
សម្រាប់ សម្តេច ហ៊ុន សែន ក៏ទាមទារឱ្យមន្ត្រីបក្សរបស់ខ្លួន រក្សានូវភាពស្អាតស្អំ មានគុណធម៌ និងសីលធម៌ និងត្រូវចៀសវាងប្រព្រឹត្តនូវបាតុភាពអសកម្ម  ដែលបំពានគោលការណ៍បក្ស និងច្បាប់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍របស់ប្រជាជន៕

© រក្សាសិទ្ធិដោយ thmeythmey.com