អន្តរជាតិ
ឆ្មា «Max» បានបណ្ឌិតកិត្តិយស «litter-ature» ពីសាកលវិទ្យាល័យ Vermont
19, May 2024 , 2:47 pm        
រូបភាព
Max នៅបរិវេណសាកលវិទ្យាល័យ សាកលវិទ្យាល័យរដ្ឋ Vermont សាខាប្រចាំក្រុង Castleton
Max នៅបរិវេណសាកលវិទ្យាល័យ សាកលវិទ្យាល័យរដ្ឋ Vermont សាខាប្រចាំក្រុង Castleton
ដោយ: រួបរួម
សាកលវិទ្យាល័យរដ្ឋ Vermont សាខាប្រចាំក្រុង Castleton បានប្រគល់សញ្ញាបត្រកិត្តិយសផ្នែក «litter-ature» ដល់សត្វឆ្មាមួយក្បាលឈ្មោះ Max។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។



Max ត្រូវបានចាត់ទកជាសមាជិកគ្រួសារនៅសាកលវិទ្យាល័យ Vermont ក្នុងក្រុង Castleton អស់រយៈពេលជាច្រើនឆ្នាំ។ នៅមុនពិធីប្រគល់សញ្ញាបត្រដល់និស្សិតនាថ្ងៃសៅរ៍ ទី១៨ ខែឧសភា ថ្នាក់ដឹកនាំសកលវិទ្យាល័យ បានសម្រេចផ្តល់កិត្តិយសដល់ឆ្មាឈ្មោលមួយក្បាលនេះ ជាមួយនឹងបណ្ឌិតកិត្តិយសផ្នែក «litter-ature»។

«Litter-ature» មិនមែន «Litterature» ក្នុងន័យអក្សរសាស្ត្រ ជាភាសាខ្មែរនោះឡើយ។ បើតាមការពន្យល់របស់សាកលវិទ្យាល័យ បណ្ឌិតកិត្តិយសនេះ មិនមែនដោយសារ Max ពូកែចាប់កណ្តុរ ឬដេកនោះទេ ប៉ុន្តែដោយសារតែភាពរួសរាយរាក់ទាក់ប្រកបដោយមិត្តភាពរបស់វា។

Max រស់នៅជាមួយគ្រួសារមួយ ដែលស្ថិតនៅក្បែរផ្លូវចូលសាកលវិទ្យាល័យ ហើយវាអាចចេញចូលបានតាមចិត្ត។ អ្នកស្រី Ashley Dow បានបញ្ជាក់ថា Max មានទំនាក់ទំនងយ៉ាងល្អជាមួយបណ្តានិស្សិត ហើយពួកគេស្រឡាញ់វាខ្លាំងណាស់។
ម្ចាស់ឆ្មារូបនេះ បានបន្ថែមថា ៤ឆ្នាំហើយដែល Max ក្លាយជាមិត្តរបស់ក្រុមនិស្សិត ពេលខ្លះ ពួកគេនាំគ្នាថតសែលហ្វី ហើយថែមទាំងនាំវាដើរលេងកម្សាន្តក្នុងបរិវេណសាកលវិទ្យាល័យ ថែមទៀតផង។

Max មិនបានចូលរួមទទួលសញ្ញាបត្រដោយផ្ទាល់នោះឡើយ ប៉ុន្តែសញ្ញាបត្រនឹងផ្ញើជូនទៅកាន់អ្នកស្រី Ashley Dow៕



© រក្សាសិទ្ធិដោយ thmeythmey.com