ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ
17, May 2024 , 4:19 pm        
រូបភាព
កម្ពុជា-កូរ៉េខាងត្បូង កំពុងពិភាក្សាគ្នាក្នុងការបង្កើតសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា។ ជាពិសេសគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ។ ផែនការនេះត្រូវលើកឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាជំនួបលោក ហាន់ ដុកស៊ី នាយករដ្ឋមន្រ្តីកូរ៉េ នៅទីក្រុងសេអ៊ូល​ នាថ្ងៃទី១៦ ឧសភា។​

 
កម្ពុជា គឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។ លោក ​ហាន់ ដុកស៊ូ នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ បានលើកឡើងបែបនេះនៅចំពោះសម្តេច ហ៊ុន ម៉ាណែត ដោយបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការជួបពិគ្រោះយោបល់ជាទៀងទាត់ រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា។
 
ជុំវិញនៃការគាំទ្ររបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េនេះ, សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» គឺជាទំនាក់ទំនងដ៏ល្អប្រសើរ។ សម្តេចចាត់ទុកវិស័យឯកជន មានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេស ដោយការពង្រឹងតួនាទីរបស់វិស័យឯកជន នឹងធ្វើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន។ 
 
តាមរយៈកម្រិតនៃ«ភាពជាដៃគូយុទ្ធសាស្រ្ត» ទាំងសម្តេច ហ៊ុន ម៉ាណែត ​ទាំងលោក ​ហាន់ ដុកស៊ូ ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ បច្ចុប្បន្នកូរ៉េខាងត្បូងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១៣របស់កម្ពុជា។ ជាក់ស្តែងក្នុងរយៈពេល៤ខែមកនេះ ចាប់ពីខែមករា-មេសា ឆ្នាំ២០២៤ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានក្នុងទំហំប្រមាណ២៥០លានដុល្លារ កើន៧,៤ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ការចេញរបស់កម្ពុជា​មាន៩៨ដុល្លារ និងនាំចូលមាន១៥៨លានដុល្លារ។
 
គួរជម្រាបថា សព្វថ្ងៃកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង ស្ថិតនៅ៩រាជធានី-ខេត្ត។ ក្នុងនោះ នៅរាជធានីភ្នំពេញមានតំបន់សេដ្ឋកិច្ចចំនួន២, ខេត្តកណ្តាលមាន២, កំពង់ស្ពឺមាន១, ព្រះសីហនុមាន៤, កំពតមាន១, កោះកុងមាន១, ក្រចេះមាន១, ស្វាយរៀងមាន៩កន្លែង និងខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣កន្លែង។​ 
 
តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេច សម្រាប់អាជីវកម្ម និងការវិនិយោគ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង៕ 

Tag:
 ពាណិជ្ជកម្ម
  តំបន់សេដ្ឋកិច្ចពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com