កីឡាជាតិ
ជាតិ
អាកាសធាតុក្តៅ អំណោយផលដល់កីឡាករកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះ Davis Cup
19, May 2024 , 9:40 am        
រូបភាព
កញ្ញា ស៊ុម ចិន្ដា ប្រកួតក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម រូបពីហ្វេសប៊ុក ស៊ុម ចិន្ដា
កញ្ញា ស៊ុម ចិន្ដា ប្រកួតក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម រូបពីហ្វេសប៊ុក ស៊ុម ចិន្ដា
កញ្ញា ស៊ុម ចិន្ដា នាយករៀបចំការប្រកួតវគ្គជម្រុះ Davis Cup Asia/Oceania Group IV បានលើកឡើងថា សមិទ្ធផលមេដាយសំរិទ្ធស៊ីហ្គេមចំនួន២ បញ្ជាក់ថាអត្ដពលិកកម្ពុជា មានសមត្ថភាព មិនក្រោមបរទេសប៉ុន្មានឡើយ។ អាកាសធាតុអំណោយផល ដល់អត្ដពលិកកម្ពុជា សម្រាប់វគ្គជម្រុះវាយកូនបាល់កម្រិតពិភពលោកនេះ ដ្បិតអត្តពលិកស៊ាំជាមួយកម្ដៅថ្ងៃ។



ព្រឹត្តិការណ៍វគ្គជម្រុះ Davis Cup អាស៊ី/អូសេអានី ក្រុម៤ ជាការប្រកួតកីឡាវាយកូនបាល់កម្រិតពិភពលោក (World Cup of Tennis) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៨-១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន៨ប្រទេសចូលរួម។ ៨ប្រទេសនោះ មានដូចជា ម្ចាស់ផ្ទះ កម្ពុជា, មីយ៉ាន់ម៉ា ស្រីលង្កា កាតា អ៊ីរ៉ាក់ កៀហ្ស៊ីស៊ីស្ថាន​ កូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។


កញ្ញា ស៊ុម ចិន្ដា

ដោយឡែក កញ្ញា ស៊ុម ចិន្តា ដែលជាកីឡាការិនីវាយកូនបាល់ជម្រើសជាតិកម្ពុជា នឹងមិនបានប្រកួតទេ ព្រោះជាវិញ្ញាសាសម្រាប់បុរស ប៉ុន្ដែកញ្ញា នឹងធ្វើជានាយករៀបចំការប្រកួតមួយនេះ។ តាមការបញ្ជាក់របស់នាយកវ័យ ២៤ឆ្នាំរូបនេះ មកសារព័ត៌មានថ្មីៗ កីឡាករចំនួន ៥រូប ហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
 
កីឡាការិនីខ្មែរអាម៉េរិក ស៊ុម ចិន្ដា ក៏បាននិយាយផងដែរ លទ្ធផលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាលពីឆ្នាំ២០២៣ បានបង្ហាញថា អត្ដពលិកកម្ពុជា អាចប្រកួតប្រជែងបាន ព្រោះកម្រិតប្រហាក់ប្រហែលគ្នាជាមួយបរទេស។
 
នាយកវ័យ២៤ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖«ចាប់ពីឆ្នាំមុន ក្នុងស៊ីហ្គេម យើងបានបង្ហាញប្រទេសផ្សេងទៀតថា យើងអាចប្រកួតប្រជែងបាន។ ខ្ញុំ ក៏បានចូលរួមប្រកួតដែរ ហើយបានឈ្នះមេដាយសំរិទ្ធ១ លើវិញ្ញាសានារី ហើយកីឡាករ ប៊ុន កេន្នី ឈ្នះមេដាយសំរិទ្ធ១ លើវិញ្ញាសាបុរស។ ឥឡូវនេះ កីឡាវាយកូនបាល់កម្ពុជា បានវិវឌ្ឍទៅយ៉ាងល្អ ព្រោះយើងអាចប្រកួតប្រជែងជាមួយនិងក្រុមអន្ដរជាតិ ម្យ៉ាងវិញទៀត យើងក៏មានអត្ដពលិកខ្លះ កំពុងហ្វឹកហាត់នៅបរទេស ហើយពួកគេនឹងមកប្រកួតតំណាងឲ្យយើង។»។
 
ដោយឡែក ប្រទេសចូលរួមទាំងនោះ សុទ្ធតែមានកម្រិតខ្លាំង ប៉ុន្ដែ កញ្ញា ចិន្ដា នៅតែមានជំនឿចិត្តលើអត្ដពលិកកម្ពុជា ព្រោះអ្នកទាំងនោះ បានហ្វឹកហាត់ជាយូរ ជាពិសេសការផ្ដល់កម្លាំងចិត្តពីអ្នកគាំទ្រ បន្ថែមលើការប្រឹងប្រែងប្រកួតរបស់ពួកគេ។ «ក្នុងចំណោមប្រទេសចូលរួមទាំងអស់ សុទ្ធតែមានកម្រិតខ្លាំង ប៉ុន្ដែយើងបានហ្វឹកហាត់ ត្រៀមខ្លួនជាយូរហើយ។ ខ្ញុំគិតថា អ្វីៗនឹងល្អ ព្រោះយើងនឹងប្រកួតនៅមុខអ្នកគាំទ្រកម្ពុជាទាំងអស់។ សម្លេងរបស់អ្នកគាំទ្រ នឹងផ្ដល់ជាកម្លាំងចិត្តបន្ថែម ទៅកីឡាករយើង។» ចិន្ដា បាននិយាយដូច្នេះ។
 
ការស៊ាំជាមួយអាកាសធាតុ គឺអំណោយផលដល់ម្ចាស់ផ្ទះកម្ពុជា ព្រោះបរទេស នឹងមិនអាចបន្សាំបានភ្លាមជាមួយនិងកម្ដៅនៅទីនេះ។ ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមលើកទី៣២ បានលើកឡើងថា៖«យើង គឺមានប្រៀប ព្រោះយើង ស៊ាំជាមួយអាកាសធាតុនៅទីនេះ។ ពេលបរទេសមកទីនេះ ហើយគេមានអារម្មណ៍ថាក្ដៅ ហើយពួកគេពិបាកបន្សាំជាមួយនិងអាកាសធាតុបែបនេះ ប៉ុន្ដែសម្រាប់អត្ដពលិករបស់យើង គេពួកស៊ាំហើយជាមួយនិងអាកាសធាតុ។»៕

Tag:
 (ស៊ុម ចិន្ដា
  កីឡាវាយកូនបាល់)
© រក្សាសិទ្ធិដោយ thmeythmey.com