ជាតិ
សេដ្ឋកិច្ច
កម្ពុជា នៅតែខ្វះរោងចក្រកែច្នៃចន្ទី ដើម្បីកាត់បន្ថយការនាំចេញចន្ទីស្រស់ទៅវៀតណាម
20, May 2024 , 8:30 am        
រូបភាព
 រូបភាព៖ KOSAL FARMS
រូបភាព៖ KOSAL FARMS
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានដាក់គោលដៅកាត់បន្ថយការលក់គ្រាប់ស្វាយចន្ទីទៅកាន់បរទេសឱ្យបាន ៧០ភាគរយ នាពេលខាងមុខ។ នៅចំពោះមុខ សមាគមមួយនេះ កំពុងកៀរគរអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រ និងសហគ្រាសកែច្នៃនៅកម្ពុជាបន្ថែមទៀត។



បើតាមលោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ៥០ម៉ឺនតោនទៅអន្តរជាតិ ក្នុងនោះមានរហូតដល់៩០ភាគរយ ត្រូវបានហូរចូលទីផ្សារវៀតណាម​។ ការពឹងផ្អែកខ្លាំងលើវៀតណាមនៅពេលនេះ ក៏ដោយសារតែកម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ សម្រាប់កែច្នៃខ្លួនឯង។ 
លោក អួន ស៊ីឡុត មើលឃើញថា បច្ចុប្បន្នសហគ្រាសក្នុងស្រុកមួយចំនួន នៅតែខ្វះខាតទុនបង្វិលសម្រាប់ទិញគ្រាប់ឆៅស្តុកទុក ដើម្បីកែច្នៃបន្ត ស្របពេលពួកគេពិបាកទទួលកម្ចីអនុគ្រោះពីធនាគារ ដោយសារមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ការណ៍នេះ  បង្ខំឱ្យកសិករលក់គ្រាប់ស្រស់ទៅកាន់ប្រទេសវៀតណាម នាំឱ្យការកែច្នៃក្នុងស្រុកមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
 
យ៉ាងណា សមាគមស្វាយចន្ទីកម្ពុជា បានដាក់គោលដៅ​រួច​ហើយក្នុងការកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារបរទេស ជាពិសេសវៀតណាមឱ្យបាន៧០​ភាគ​រយ​ នៅពេលខាងមុខ។ ការបង្កើនវិនិយោគនេះមិនមែនជាការប្រថុយឡើយ ដោយសារកម្ពុជាជាប់លេខ៣នៅលើពិភពលោក ដែលអាចផលិតគ្រាប់ស្វាយចន្ទីបានចន្លោះពី៦០​តោនទៅ៨០ម៉ឺនតោន ក្នុងមួយឆ្នាំ។ ម្យ៉ាងទៀត កម្ពុជាមានពូជចន្ទី M២៣ ដែលមានគ្រាប់ធំ រសជាតិឆ្ងាញ់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ ក៏កំពុងល្បីលើទីផ្សារអន្តរជាតិផងដែរ។ 
 
លោក អួន ស៊ីឡុត​ ប្រាប់ដូច្នេះថា៖«បច្ចុប្បន្ននេះ ៩០ភាគរយនៃគ្រាប់ស្វាយចន្ទីកម្ពុជា នៅតែបន្តហូរចូលទីផ្សារបរទេសដដែល ជាពិសេសវៀតណាម ដោយសារតែសហគ្រាសក្នុងស្រុក​នៅតែប្រឈមមុខនឹងបញ្ហាកង្វះទុនបង្វិល ក្នុងការទិញគ្រាប់ឆៅស្តុកទុក ដើម្បីកែច្នៃ។ ជាការពិតយើងមានគោលដៅច្បាស់លាស់ហើយ ក្នុងការកាត់បន្ថយការនាំចេញនេះ ក្រោយពេលមានគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ហើយធនាគារមួយចំនួន ក៏បានផ្ដល់ជាហិរញ្ញប្បទានអត្រាការប្រាក់អនុគ្រោះ ដល់សហគ្រាសមួយចំនួនដែរ។ ប៉ុន្តែសហគ្រាសទាំងនោះ មិនទាន់បានរៀបចំខ្លួនឱ្យរួចរាល់នៅឡើយ ដូច្នេះធ្វើឱ្យកម្ចីរបស់ពួកគេទៅពីធនាគារនៅកកស្ទះ»។ 


លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបភាព៖ លោក សែម វណ្ណា

បើតាមប្រធានសមាគមស្វាយចន្ទី ដើម្បីសម្រេចបានមហិច្ឆតានេះ កម្ពុជាត្រូវការរោងចក្រកែច្នៃខ្នាតមធ្យមយ៉ាងតិច៣៥កន្លែង ខណៈបច្ចុប្បន្ន​មាន ៤៥កន្លែង ប៉ុន្តែក្នុងនោះសហគ្រាសមធ្យមតែ ៦កន្លែងប៉ុណ្ណោះ។ ក្រៅពីនោះ សហគ្រាស ឬរោងចក្រ ក៏ត្រូវការទុនបង្វិល ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងក្រោយពេលប្រមូលផល ដូចជាឃ្លាំងស្តុក និងទីលានហាលគ្រាប់។ ហេតុនេះ កម្ពុជាត្រូវការមូលធនសរុប៣២៩លានដុល្លារ ដើម្បីអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ​កែច្នៃគ្រាប់ស្វាយចន្ទី ក្នុងរយៈពេល៥ឆ្នាំ ស្របតាមគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។ 
បច្ចុប្បន្ន សមាគម បានធ្វើការជាមួយធនាគារមួយចំនួន ដើម្បីសម្របសម្រួលផ្ដល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់អនុគ្រោះដល់សហគ្រាស។ ក្នុងនោះ សមាគមក៏ព្យាយាមបញ្ចុះបញ្ចូលឱ្យធនាគារលើកលែងលក្ខខណ្ឌមួយចំនួន ដើម្បីឱ្យពួកគេមានលទ្ធភាពទិញគ្រាប់ទុក។ 
 
ជាផែនការយុទ្ធសាស្រ្ត សមាគមបានត្រៀមធនធានមនុស្សជាង១០០នាក់ ដែលមានទាំងបុគ្គលិកជំនាញ និងបុគ្គលិកគ្រឿងយន្ត ដើម្បីត្រៀមស្វាគមន៍នៅពេលមានការវិនិយោគ។

លើសពីនេះ សមាគមស្វាយចន្ទី ក៏មានគោលការកែប្រែកសិករទៅជាកសិពាណិជ្ជករ ដើម្បីឱ្យពួកគេមានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេច ដែលអាចលក់ទៅឱ្យក្រុមហ៊ុនវិនិយោគ ខណៈសមាគមបានបញ្ចុះបញ្ជូលឱ្យក្រុមហ៊ុនមួយចំនួន ទទួលទិញសំបកពីកសិករទាំងអស់នោះ ដើម្បីគាបចញជាប្រេងជីវៈឥន្ធនៈ។ 
 
បច្ចុប្បន្ន មានក្រុមហ៊ុនធំៗចំនួន៣ហើយ កំពុងទទួលទិញផលិតផលពាក់កណ្ដាលសម្រេចពីកសិករ។ កម្ពុជា មានក្រុមហ៊ុនគាបសំបកស្វាយចន្ទីទៅជាប្រេងមួយកន្លែង ដែលកំពុងដំណើរការសាងសង់។ សំបកស្វាយចន្ទី ៣គីឡូក្រាម អាចផលិតប្រេងបាន១គីឡូក្រាម។ 
 
លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖«ដើម្បីសម្រេចបានការកាត់បន្ថយការនាំចេញឱ្យ៧០ភាគរយ គឺយើងត្រូវធ្វើយ៉ាងម៉េចឱ្យមានរោងចក្រធុនមធ្យមចំនួន ៣៥កន្លែង។ សព្វថ្ងៃនេះ យើងបានត្រៀមធនធានមនុស្សមួយចំនួនហើយ ដែលមានទាំងបុគ្គលិកជំនាញ និងបុគ្គលិកគ្រឿងយន្ត។ គោលដៅមួយទៀត គឺយើងចង់ផ្លាស់ប្ដូរកសិករ ទៅជាកសិពាណិជ្ជករ ដែលមានលទ្ធភាពបកសំបកស្វាយចន្ទី លក់គ្រាប់ឱ្យក្រុមហ៊ុន ហើយយើងក៏កំពុងបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុនមួយចំនួន​ ទិញសំបកពីកសិករ ដើម្បីគាប់ចេញប្រេងវិញផងដែរ»។  
 
នៅពេលកម្ពុជាមានធនធានមនុស្ស រោងចក្រគ្រប់គ្រាន់ ហើយកសិករចេះកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចទៀតនោះ នឹងអាចកាត់បន្ថយការចេញទៅក្រៅប្រទេសបាន។ ផលប្រយោជន៍ដែលទទួលបាន គឺផ្ដល់តម្លៃបន្ថែមកសិករ តាមរយៈកសិកម្មបែបកិច្ចសន្យា។ ម្យ៉ាងទៀត អាចបង្កើតការងារក្នុងសហគមន៍ និងកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ។ នេះជាការមើលឃើញរបស់ លោក អួន ស៊ីឡុត ដោយបន្ថែមថា៖«យើងអាចចំណេញបានច្រើន។​ ទី១.សំខាន់បំផុតគឺយើងអាចផ្ដល់តម្លៃបន្ថែមកសិករ តាមរយៈកសិកម្មបែបកិច្ចសន្យា។ មួយទៀត យើងអាចបង្កើតការងារក្នុងសហគមន៍ កាត់បន្ថយ​ចំណាកស្រុករបស់ពលរដ្ឋ»។ 
 
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះសារនៅទំព័រហ្វេសប៊ុក នៅថ្ងៃទី១០ ឧសភា កម្ពុជា គឺជាប្រទេសផលិតស្វាយចន្ទីធំជាងគេមួយ នៅលើពិភពលោករួចហើយ នៅឡើយតែការកែច្នៃប៉ុណ្ណោះ។ 


លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបពី ហ្វេសប៊ុករបស់លោក 
 
លោកថា បច្ចុប្បន្ន កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទាំងជាប់សំបកក្នុងរង្វង់ពី ៧០ម៉ឺនតោន ទៅ៨០ម៉ឺនតោន ក្នុងមួយឆ្នាំ ក្នុងថ្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូក្រាម ធ្វើឱ្យវិស័យនេះមានទំហំប្រហែល១ពាន់លានដុល្លារ។ ប៉ុន្តែប្រសិនបើអាចកែច្នៃ ហើយនាំចេញដោយខ្លួនឯង វិស័យមួយនេះនឹងមានសក្តានុពលខ្លាំងជាងមុន ដោយនាំមកនូវតម្លៃបន្ថែមរហូត ៣ទៅ៤ដង ។  
 
នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិចំនួន ៦៥៦ ០០០ តោន ថយចុះ ៧.៦ភាគរយ។ សរុបទឹកប្រាក់​គឺមានទំហំ ៨៣៧ ០០០ ០០០ ដុល្លារ ថយចុះ១៦.៩ភាគរយ។ ក្នុងចំណោមនោះ ទំហំនាំចេញទៅប្រទេសវៀតណាមមានចំនួន ៦១៨ ០០០តោន។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦​ហិក​តា និងទទួលបានទិន្នផលសរុប ៧០៩ ៤១៩តោន៕ 
 

Tag:
 កសិកម្ម
  ស្វាយចន្ទី
  អួន ស៊ីឡុត
  សមាគមស្វាយចន្ទីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com