កីឡាអន្តរជាតិ
អន្តរជាតិ
Man City លើកពាន Haaland ឈ្នះស្បែកជើងមាស Watkins បញ្ជូនបាល់ច្រើនជាងគេ
20, May 2024 , 9:40 am        
រូបភាព
Manchester City ក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២៣-២៤ និងជាលើកទី៤ជាប់គ្នា ដោយនាំមុខគូប្រជែង Arsenal ២ពិន្ទុ។ Erling Haaland ទទួលបានស្បែកជើងមាស (Golden Shoe) ក្រោយស៊ុតបញ្ចូលទីច្រើនជាងគេចំនួន២៧គ្រាប់។ Ollie Watkins ជាប់ជាអ្នកបញ្ជូនបាល់ឱ្យដៃគូសម្រេចទី (Assists) ច្រើនជាងគេចំនួន១៣លើក។ David Raya អ្នកចាំទី Arsenal រារាំងមិនគូប្រជែងស៊ុតបញ្ចូលទី (Clean Sheets) ច្រើនជាងគេ ចំនួន១៦លើក។



នាជំនួបចុងក្រោយបិទរដូវកាល ដែលជាជំនួបកាត់ក្តីរកជើងឯក រវាង Man City និង Arsenal នៅយប់ថ្ងៃទី១៩ ខែឧសភា ក្រុមម្ចាស់ការពារតំណែងជើងឯក ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខ្លួនខកចិត្តឡើយជាមួយទម្រង់លេងវាយសម្រុកលើគូប្រជែង West Ham United។ 
 
Phil Foden រកបានពីរគ្រាប់ម្នាក់ឯងនៅ២នាទីដំបូង និងនាទី១៨ ជួយក្រុមលោក Pep Guardiola នាំមុខ ២-០ មុនពេល Mohammed Kudus តាមបាន១គ្រាប់នៅនាទី៤២។ Rodri សម្រេចគ្រាប់ទី៣ ឱ្យមេឃខៀងនៅនាទី៥៩ ខណៈលទ្ធផល ៣-១ រក្សារហូតចប់ការប្រកួត។
 
តាមរយៈលទ្ធផលនេះ បានជួយក្រុមលោក Guardiola បន្តគ្រងជើងឯកលីគកំពូលអង់គ្លេស៤រដូវកាលជាប់គ្នា និងជាលើកទី៦ ក្រោមការដឹកនាំរបស់ខ្លួន។
 
ចំណែក Arsenal ទទួលបានត្រឹមខកចិត្តសម្រាប់ការប្រជែងជើងឯកលីគកំពូលអង់គ្លេសលើកដំបូងក្នុងរយៈពេល២០ឆ្នាំ បើទោះពួកគេវាយបកឈ្នះ Everton ២-១ ក្តី។ Idrissa Gana Gueye រកបានគ្រាប់នាំមុខឱ្យ​ Everton មុនពេល Takehiro Tomiyasu និង Kai Havertz រកបានម្នាក់១គ្រាប់តាមពីក្រោយ។
 
Haaland ខ្សែប្រយុទ្ធអន្តរជាតិន័រវែស ដែលស៊ុតបញ្ចូលទី២៧គ្រាប់ឱ្យ Man City ក្លាយជាម្ចាស់ស្បែកជើងមាស ប្រចាំរដូវកាលនេះ និងជាលើកទី២ជាប់គ្នាក្រោយធ្វើបានកាលពីរដូវកាលមុនចំនួន៣៦គ្រាប់។ កីឡាករអង់គ្លេស Cole Palmer ស្ថិតនៅចំណាត់ថ្នាក់ទី២ ក្រោយរកបាន២២គ្រាប់ឱ្យ Chelsea ខណៈលេខ៣ Alexander Isak កីឡករអន្តរជាតិស៊ុយអែត ដែលស៊ុតឱ្យ Newcastle United ចំនួន២១គ្រាប់។
 
Watkins ខ្សែប្រយុទ្ធឆ្នើម Aston Villa ជាប់ជាកីឡាករបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទីច្រើនជាងគេប្រចាំលីគកំពូលអង់គ្លេស ចំនួន១៣លើក។ មិនត្រឹមបញ្ជូនបាល់ច្រើនជាងគេ កីឡាករអន្តរជាតិអង់គ្លេសរូបនេះ​ រកស៊ុតបញ្ចូលទី ១៩គ្រាប់ផងដែរ។
 
Palmer ឈរលេខ២ ក្រោយបញ្ជូន១១លើក ស្របពេល Kevin De Bruyne ខ្សែបម្រើឆ្នើម Man City ដែលធ្លាប់ជាប់អ្នក assists ច្រើនជាងគេពីររដូវកាលជាប់គ្នា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្រោយបញ្ចូនបាន១០លើករដូវកាលនេះ។
 
កីឡាករ Arsenal ៣រូប ជាប់ជាអ្នករារាំងមិនឱ្យគូប្រជែងស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងនោះមានខ្សែការពារបារាំង William Saliba ចំនួន១៨លើក អ្នកចាំទីអេស្ប៉ាញ David Raya ចំនួន១៦លើក និងខ្សែការពារប្រេស៊ីល Gabriel Magalhães ចំនួន១៥លើក៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com