អន្តរជាតិ
អ្នកវិភាគថា ជំហរកម្ពុជាគាំទ្រកូរ៉េខាងត្បូង លើមូលបទ«ឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លែអ៊ែ» ជារឿងត្រឹមត្រូវ
20, May 2024 , 10:44 am        
រូបភាព
សម្កេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួបលោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងដំណើរទស្សនកិច្ចផ្លូវការ នាទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៦ ឧសភា ២០២៤។
សម្កេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួបលោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងដំណើរទស្សនកិច្ចផ្លូវការ នាទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៦ ឧសភា ២០២៤។
ដោយ៖ ហាន ណូយ
 
កម្ពុជា ប្រកាសគាំទ្រកូរ៉េខាងត្បូងដែលចង់ឱ្យតំបន់ឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លែអ៊ែ ដើម្បីសន្តិភាព និងស្ថិរភាព យូរអង្វែងនៅក្នុងតំបន់។ អ្នកវិភាគថា ជំហរកម្ពុជាគាំទ្រកូរ៉េខាងត្បូងបែបនេះ ជាភារកិច្ចត្រឹមត្រូវ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ។

 
សេចក្តីថ្លែងការណ៍រួមរវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ឧសភា បានបញ្ជាក់ថា៖« ភាគីកម្ពុជាបានស្វាគមន៍គំនិតផ្តួចផ្តើម Audacious Initiative របស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងសម្រេចឱ្យបាននូវឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លែអ៊ែ មានសន្តិភាព និងវិបុលភាព ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់»។
 
បើតាមសេចក្តីថ្លែងការណ៍ កម្ពុជានិងកូរ៉េខាងត្បូង បានអំពាវនាវឱ្យកូរ៉េខាងជើង គោរពតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសារសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី​ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។
 
ការបង្ហាញជំហគាំទ្ររបស់កម្ពុជានេះ ធ្វើឡើងនៅអំឡុងពេលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការលើកដំបូង ចាប់ពីថ្ងៃទី១៥ដល់ទី១៨ ខែឧសភា តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េលោក​ យូន​ ស៊កយ៉ល។
 
លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ លើកឡើងថា ជំហរបស់កម្ពុជាលើបញ្ហាឧបទ្វីកូរ៉េ ដោយការគាំទ្រកូរ៉េខាងត្បូង គឺជាគោលនយោបាយសន្តិភាព ក្នុងនាមកម្ពុជាគឺជាសមាជិករបស់អង្គការសហប្រជាជាតិ។ បើតាមអ្នកស្រាវជ្រារូបនេះ ឆន្ទៈរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាអន្តរជាតិ និងការសម្រេចនានាកន្លងមក គឺមិនប៉ះពាល់ដល់កម្ពុជាទេ ពីព្រោះថាបញ្ហាសាយភាយអាវុធនុយក្លែអ៊ែរបស់កូរ៉េខាងជើង គឺជាក្តីបារម្ភសម្រាប់ពិភពលោក។
 
ដោយឡែកអ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ស៊ឺន សំ លើកឡើងថា ការអំពាវនាវរបស់ភាគីទាំងពីរ ដើម្បីសន្តិភាពនៅតំបន់ឧបទ្វីបកូរ៉េ និងគ្មានអាវុធនុយក្លេអ៊ែ គឺជាកិច្ចការត្រឹមត្រូវ ។ បើតាមលោក ស៊ឺន សំ ជំហរបស់កម្ពុជានេះ មិនមែនមានន័យថា កម្ពុជាប្រឆាំងប្រទេសណាមួយទេ ប៉ុន្តែជាការបង្ហាញពីការគោរពយ៉ាងហ្មត់ចត់ ទៅតាមច្បាប់អន្តរជាតិអំពីការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។
 
អ្នកវិភាគរូបនេះបញ្ជាក់ថា៖«ខ្ញុំគិតថា សកម្មភាពរបស់ប្រទេសកម្ពុជាចំពោះកូរ៉េខាងជើង ជារឿងត្រឹមត្រូវណាស់ ហើយកិច្ចការនេះនឹងផ្តល់ប្រយោជន៍ចំពោះគោលនយោបាយការបរទេសរបស់កម្ពុជាផង ហើយក៏នឹងផ្តល់មុខមាត់ ក៏ដូចជាប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាផងដែរ»។
 
លោក Kim Tae-hyo អនុប្រធានទីមួយនៃការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៦ ខែឧសភា ថា កម្ពុជាអនុវត្តទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងយ៉ាងតឹងរ៉ឹង​ ។ លោក Kim បាន​ទទួល​ស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ​ក្នុង​ការ​គោរព​តាម​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។ លោកបាននិយាយថា កម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ពលករកូរ៉េខាងជើងរាប់រយនាក់ ជាពិសេសចាប់បាននាវាកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងការបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ជាពិសេសបិទអាជីវកម្មទាំងអស់ ដែលគ្រប់គ្រងដោយកូរ៉េខាងជើង។
 
លោក គីម បាន​ថ្លែង​ថា​៖ «កម្ពុជា​បាន​ធ្វើ​សកម្មភាព​ដោយ​ស្មោះ​ត្រង់​តាម​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​លើ​កូរ៉េ​ខាង​ជើង»។
 
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ជុំ​ សុន្ទរី បានបញ្ជាក់ថា កម្ពុជា បានសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការសមស្របចំពោះការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC)។
 
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖«ចាប់តាំងពីឆ្នាំ២០១៧មក ប្រទេសកម្ពុជាបានសម្រេចចិត្តមិនផ្តល់ការអនុញ្ញាតការងារសម្រាប់ពលករកូរ៉េខាងជើងនៅកម្ពុជា ហើយក៏មិនផ្តល់ការពន្យារទិដ្ឋាការដល់ពលករកូរ៉េខាងជើងនៅកម្ពុជាផងដែរ។ ពួកគេ​ទាំង​អស់​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ២០១៩»។
 
បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជាបានបិទអាជីវកម្មកូរ៉េខាងជើងទាំងអស់នៅកម្ពុជា រួមមានភោជនីយដ្ឋាន ក្រុមហ៊ុន ព្រមទាំងសារមន្ទីផងដែរ។ «កម្ពុជា​បន្ត​គោរព​រាល់​សេចក្តី​សម្រេច​របស់ UNSC ស្តីពី​កូរ៉េខាងជើង»។ នេះបើតាមលោក ជុំ​ សុន្ទរី៕

© រក្សាសិទ្ធិដោយ thmeythmey.com