អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ បៃឌិន បារម្ភលោក ត្រាំ មិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រសិនបើចាញ់
09, May 2024 , 11:59 am        
រូបភាព
លោក ចូ បៃឌិន (ឆ្វេង) និងលោក ដូណាល់ ត្រាំ ។ រូបភាព ៖ AP
លោក ចូ បៃឌិន (ឆ្វេង) និងលោក ដូណាល់ ត្រាំ ។ រូបភាព ៖ AP
ប្រធានាធិបតី ចូ បៃឌិន បាននិយាយថា លោក ដូណាល់ ត្រាំ នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតខែវិច្ឆិកាខាងមុខទេ ប្រសិនបើអតីតប្រធានាធិបតីរូបនេះចាញ់ឆ្នោតជាថ្មី ជាពិសេសនឹងបង្កឲ្យមានហានិភ័យ។

 
នៅថ្ងៃទី៨ ខែឧសភា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បង្ហាញនូវការព្រួយបារម្ភជុំវិញលោក ដូណាល់ ត្រាំ នឹងមិនទទួលយកលទ្ធផល ប្រសិនបើអតីតប្រធានាធិបតីរូបនេះចាញ់ការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា។ នេះបើតាមសារព័ត៌មាន CNN។ «គាត់ប្រហែលជាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ។ ខ្ញុំធានាចំពោះអ្នកថា គាត់មិនទទួលយកទេ វាពិតជាមានគ្រោះថ្នាក់»។ ប្រមុខសេតវិមានបានលើកឡើងបែបនេះ។ 
 
បើ​តាម​លោក​ បៃឌិន សម្ពន្ធមិត្ត​​អាម៉េរិក​សង្ឃឹម​ថា ​លោក​នឹង​ជាប់​ឆ្នោត​ឡើង​វិញ។ «សូមក្រឡេកមើលខ្ញុំ នៅជុំវិញពិភពលោក មេដឹកនាំពិភពលោកផ្សេងទៀត តើអ្នកដឹងទេថា ពួកគេនិយាយអ្វី? នេះមិនមែនជាការលេងសើចទេ ៨០ភាគរយ នៃអ្នកទាំងនោះ បន្ទាប់ពីយើងជួបប្រជុំគ្នា សុទ្ធតែនិយាយថា អ្នកត្រូវតែឈ្នះ... ប្រជាធិបតេយ្យរបស់ខ្ញុំ កំពុងត្រូវបានគំរាមកំ ហែង»។ 
 
បើតាមការបញ្ជាក់ពីប្រមុខសេតវិមានរូបនេះ ការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងយុទ្ធនាការបង្ហាញថា លោក ត្រាំ នឹងរៀបចំតំណែងប្រធានាធិបតី សម្រាប់គោលបំណងផ្ទាល់ខ្លួន ប្រសិនបើទទួលបានកៅអីសេតវិមានឡើងវិញ។ «លោក ត្រាំ បាននិយាយថា គាត់នឹងធានាថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងកាត់ទោសមនុស្សដែលលោក ត្រាំ ចង់កាត់ទោស ប្រសិនបើមិនចង់ត្រូវបានគេបណ្តេញចេញ។ គាត់បាននិយាយរឿងនេះ អំពីការកាត់ទោសគ្រប់កម្រិត»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ។ 
 
យ៉ាងណាមិញ លោក ត្រាំ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ ចំពោះ​សេចក្តី​ថ្លែងការណ៍​ខាង​លើ​នោះ​ទេ៕

Tag:
 អាម៉េរិក
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com