ដោយ៖ ហាន ណូយ
កម្ពុជា ប្រកាសគាំទ្រកូរ៉េខាងត្បូងដែលចង់ឱ្យតំបន់ឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លែអ៊ែ ដើម្បីសន្តិភាព និងស្ថិរភាព យូរអង្វែងនៅក្នុងតំបន់។ អ្នកវិភាគថា ជំហរកម្ពុជាគាំទ្រកូរ៉េខាងត្បូងបែបនេះ ជាភារកិច្ចត្រឹមត្រូវ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍រួមរវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ឧសភា បានបញ្ជាក់ថា៖« ភាគីកម្ពុជាបានស្វាគមន៍គំនិតផ្តួចផ្តើម Audacious Initiative របស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងសម្រេចឱ្យបាននូវឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លែអ៊ែ មានសន្តិភាព និងវិបុលភាព ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់»។
បើតាមសេចក្តីថ្លែងការណ៍ កម្ពុជានិងកូរ៉េខាងត្បូង បានអំពាវនាវឱ្យកូរ៉េខាងជើង គោរពតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសារសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។
ការបង្ហាញជំហគាំទ្ររបស់កម្ពុជានេះ ធ្វើឡើងនៅអំឡុងពេលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការលើកដំបូង ចាប់ពីថ្ងៃទី១៥ដល់ទី១៨ ខែឧសភា តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េលោក យូន ស៊កយ៉ល។
លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ លើកឡើងថា ជំហរបស់កម្ពុជាលើបញ្ហាឧបទ្វីកូរ៉េ ដោយការគាំទ្រកូរ៉េខាងត្បូង គឺជាគោលនយោបាយសន្តិភាព ក្នុងនាមកម្ពុជាគឺជាសមាជិករបស់អង្គការសហប្រជាជាតិ។ បើតាមអ្នកស្រាវជ្រារូបនេះ ឆន្ទៈរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាអន្តរជាតិ និងការសម្រេចនានាកន្លងមក គឺមិនប៉ះពាល់ដល់កម្ពុជាទេ ពីព្រោះថាបញ្ហាសាយភាយអាវុធនុយក្លែអ៊ែរបស់កូរ៉េខាងជើង គឺជាក្តីបារម្ភសម្រាប់ពិភពលោក។
ដោយឡែកអ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ស៊ឺន សំ លើកឡើងថា ការអំពាវនាវរបស់ភាគីទាំងពីរ ដើម្បីសន្តិភាពនៅតំបន់ឧបទ្វីបកូរ៉េ និងគ្មានអាវុធនុយក្លេអ៊ែ គឺជាកិច្ចការត្រឹមត្រូវ ។ បើតាមលោក ស៊ឺន សំ ជំហរបស់កម្ពុជានេះ មិនមែនមានន័យថា កម្ពុជាប្រឆាំងប្រទេសណាមួយទេ ប៉ុន្តែជាការបង្ហាញពីការគោរពយ៉ាងហ្មត់ចត់ ទៅតាមច្បាប់អន្តរជាតិអំពីការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។
អ្នកវិភាគរូបនេះបញ្ជាក់ថា៖«ខ្ញុំគិតថា សកម្មភាពរបស់ប្រទេសកម្ពុជាចំពោះកូរ៉េខាងជើង ជារឿងត្រឹមត្រូវណាស់ ហើយកិច្ចការនេះនឹងផ្តល់ប្រយោជន៍ចំពោះគោលនយោបាយការបរទេសរបស់កម្ពុជាផង ហើយក៏នឹងផ្តល់មុខមាត់ ក៏ដូចជាប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាផងដែរ»។
លោក Kim Tae-hyo អនុប្រធានទីមួយនៃការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៦ ខែឧសភា ថា កម្ពុជាអនុវត្តទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងយ៉ាងតឹងរ៉ឹង ។ លោក Kim បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគោរពតាមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ លោកបាននិយាយថា កម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ពលករកូរ៉េខាងជើងរាប់រយនាក់ ជាពិសេសចាប់បាននាវាកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងការបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ជាពិសេសបិទអាជីវកម្មទាំងអស់ ដែលគ្រប់គ្រងដោយកូរ៉េខាងជើង។
លោក គីម បានថ្លែងថា៖ «កម្ពុជាបានធ្វើសកម្មភាពដោយស្មោះត្រង់តាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ជុំ សុន្ទរី បានបញ្ជាក់ថា កម្ពុជា បានសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការសមស្របចំពោះការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC)។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖«ចាប់តាំងពីឆ្នាំ២០១៧មក ប្រទេសកម្ពុជាបានសម្រេចចិត្តមិនផ្តល់ការអនុញ្ញាតការងារសម្រាប់ពលករកូរ៉េខាងជើងនៅកម្ពុជា ហើយក៏មិនផ្តល់ការពន្យារទិដ្ឋាការដល់ពលករកូរ៉េខាងជើងនៅកម្ពុជាផងដែរ។ ពួកគេទាំងអស់បានចាកចេញពីប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩»។
បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជាបានបិទអាជីវកម្មកូរ៉េខាងជើងទាំងអស់នៅកម្ពុជា រួមមានភោជនីយដ្ឋាន ក្រុមហ៊ុន ព្រមទាំងសារមន្ទីផងដែរ។ «កម្ពុជាបន្តគោរពរាល់សេចក្តីសម្រេចរបស់ UNSC ស្តីពីកូរ៉េខាងជើង»។ នេះបើតាមលោក ជុំ សុន្ទរី៕