កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea និង Newcastle ពឹងលើ Man City ឈ្នះ Man Utd ដើម្បីកៅអី Europa និង Conference
20, May 2024 , 2:50 pm        
រូបភាព
Chelsea និង Newcastle United ត្រូវពឹងលើ Manchester City យកឈ្នះ Manchester United ដណ្តើមជើងឯក FA Cup ដើម្បីទទួលបានកៅអី UEFA Europa League និង Europa Conference League។



ក្រោយទទួលបានជ័យជម្នះ ២-១ លើក្រុម Bournemouth ក្នុងជំនួប​ Premier League សប្តាហ៍ចុងក្រោយនៅកីឡដ្ឋាន Stamford Bridge បានជួយ Chelsea បញ្ចប់ចំណាត់ថ្នាក់ទី៦ និងធានាកៅអី Conference League រួចស្រេច។ យ៉ាងណាក៏ដោយ ប្រសិនបើ Man City យកឈ្នះ Man Utd នៅវគ្គផ្តាច់ព្រ័ត្រ FA Cup នោះក្រុមលោក Mauricio Pochettino នឹងទទួលបានកៅអី Europa League ជំនួសវិញ។
 
Newcastle United ក៏នឹងត្រូវរង់ចាំទទួលភាគលាភពីក្រុមមេឃខៀវផងដែរ ដើម្បីទទួលបានកៅអី Conference League រដូវកាលក្រោយ។ ក្រុមសិរិការព្រៃ បញ្ចប់ចំណាត់ថ្នាក់ទី៧ក្នុងតារាងលីគកំពូលអង់គ្លេសក្រោយឈ្នះ Brentford ៤-២។ នេះមានន័យថា បើក្រុម Pep Guardiola លើកពាន FA Cup នោះ Newcastle នឹងទទួលបានកៅអីក្របខណ្ឌទី៣អឺរ៉ុប។
 
ក្រុមបិសាចក្រហមធ្វើមិនបានល្អឡើយក្នុងការប្រកួតក្នុងលីគរដូវកាលនេះ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី៨ ដែលជាចំណាត់ថ្នាក់មិនទទួលបានកៅអីអឺរ៉ុបមួយណាឡើយនៅរដូវកាលក្រោយ។
 
Man Utd ត្រូវពឹងលើជ័យជម្នះក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Man City ដើម្បីទទួលបានកៅអីជម្រុះ Europa League រដូវកាលក្រោយ។ FA Cup វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នាថ្ងៃទី២៥ ខែឧសភា។
 
បើក្រុមលោក Erik ten Hag ឈ្នះជើងឯក FA Cup នោះ Chelsea បានកៅអី Conference League ដដែល ស្របពេល Newcastle មិនទទួលបានកៅអីអឺរ៉ុបឡើយ៕

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com