ជាតិ
ក្រសួងព័ត៌មាន ឱ្យទូរទស្សន៍អនឡាញស្លឹករឹត បញ្ឈប់ការផ្សាយ​ព័ត៌មាន​ប្រើ​ពាក្យ​​អសុរោះ​ ​
20, May 2024 , 3:29 pm        
រូបភាព
ក្រសួងព័ត៌មាន បាន​ប្រាប់ទៅ​ចាងហ្វាងគេហទំព័រ www.srtv.asia (ទូរទស្សន៍អនឡាញ ស្លឹករឹត) ឱ្យបញ្ឈប់​រាល់ការផ្សព្វផ្សាយព័ត៌មាន ដោយប្រើប្រាស់​ពាក្យ​ពេចន៍មិនសមរម្យ អសុ​​រោះ មិនគប្បី។ នេះបើតាមលិខិតចុះថ្ងៃទី១៩ ឧសភា ដែលលោក នេត្រ ភក្ត្រា រដ្ឋ​មន្ត្រី​ក្រ​សួងព័ត៌មាន ផ្ញើទៅ លោក សែម សារឿន ចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹក​រឹត។

 
​ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារជំនាញ​របស់ក្រសួងព័ត៌មាន បាន​រកឃើញថា ការ​ផ្សាយ​របស់​​ទូរទស្សន៍​អនឡាញនេះ ​មានការអត្ថាធិប្បាយ និង​ការអនុវត្ត​តួនាទី​លើស​ពី​អ្នក​សារព័ត៌មាន ដែល​បំពាន​ក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណជន​មានការ​យល់ច្រឡំ​។ 
 
«ក្រសួង ​សូមព្រមានឱ្យអង្គភាពសារព័ត៌មានខាងលើនេះ គោរពឱ្យបានខ្ជាប់ខ្ជួន នូវក្រមសី​ល​ធម៌ វិជ្ជាជីវៈ និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយប្រើប្រាស់ពាក្យពេចន៍​មិនសមរម្យ អសុរោះមិនគួរគប្បី បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន»។ រដ្ឋ​មន្ត្រី​ក្រសួងព្រមានដូច្នេះ មុននឹងបញ្ជាក់ពីការចាត់វិធានការតាមផ្លូវច្បាប់ ស្ថាប័ននេះ នៅ​តែ​មិន​ញញើត ហើយបន្តបំពានលើក្រមសីលធម៌ ​វិជ្ជាជីវៈសារព័ត៌មាននោះ៕
 
​​ 
 

© រក្សាសិទ្ធិដោយ thmeythmey.com