កីឡាជាតិ
ជាតិ
Asean U16 ៖ លទ្ធផល១-១ ខុសពីក្តីរំពឹងទុករបស់វៀតណាម ខណៈអ្នកគាំទ្រកម្ពុជា ពេញចិត្ត
26, Jun 2024 , 12:14 pm        
រូបភាព
ការប្រកួតរវាង U-16 វៀតណាម និងកម្ពុជា រូបពី Cambodian Premier League
ការប្រកួតរវាង U-16 វៀតណាម និងកម្ពុជា រូបពី Cambodian Premier League
លទ្ធផល ១-១ ជាមួយក្រុមបាល់ទាត់អាយុក្រោម១៦ឆ្នាំរវាងកម្ពុជា និងវៀតណាម ក្នុងព្រឹត្តិការណ៍ Asean U16 Boy’s Championship កាលពីថ្ងៃទី២៥ ខែមិថុនា បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាពេញចិត្តយ៉ាងខ្លាំង។ ផ្ទុយទៅវិញ លទ្ធផលនេះ ធ្វើឲ្យអ្នកគាំទ្រវៀតណាម និងគ្រូបង្វឹក លោក Tran Minh Chien ខកចិត្ត ដោយសារខុសពីការរំពឹងទុករបស់ពួកគេ ដែលគិតថា អាចយកឈ្នះកម្ពុជា ដោយងាយស្រួល។



ជំនួប U-16 វៀតណាម និង U-16 កម្ពុជា បានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១។ សាច់បាល់ និងចង្វាក់លេង របស់ក្រុមវៀតណាម គឺមានប្រៀបច្រើនជាងកម្ពុជា បន្ដិចបណ្ណោះ។ ប៉ុន្ដែ ក្រុមទាំង២ បានដាក់សម្ពាធ និងមានឱកាសនៅតំបន់គ្រោះថ្នាក់ច្រើនដូចគ្នា។
 
កីឡាករ Nguyen Viet Long ខ្សែប្រយុទ្ធវៀតណាម រកបានមួយគ្រាប់មុន នៅនាទី៥៧ បន្ទាប់ពីមានការប្រជែងបាល់គ្នា យ៉ាងរញ៉េរញ៉ៃ នៅពីមុខទីរបស់ក្រុមកម្ពុជា។ លុះ៥នាទីក្រោយមក កីឡាករ ផាន វីរៈ បានតែតបាល់បញ្ចូលទីបានយ៉ាងល្អ បន្ទាប់ពីមិត្តរួមក្រុម ទាត់បាល់ជ្រុង (Corner) ចូលក្នុងតំបន់គ្រោះថ្នាក់ក្រុមវៀតណាម។
 
ចំពោះលទ្ធផលស្មើគ្នានេះ គ្រូបង្វឹក U-16 វៀតណាម យល់ថា ជាការខ្ជះខ្ជាយឱកាសបញ្ចប់ទីជាច្រើនលើក ច្រើនសាររបស់កីឡាករខ្លួន។ លទ្ធផលនេះ ក៏ខុសទៅនឹងអ្វី ដែលគ្រូបង្វឹករូបនេះ រំពឹងទុកមុនការប្រកួតថា ក្រុមរបស់លោកនឹងអាចយក៣ពិន្ទុ ពីក្រុមកម្ពុជា។
 
ដោយឡែកទម្រង់លេងរបស់កម្ពុជា បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង និងបានសាទរ ហើយកោតសរសើរតាមបណ្ដាញសង្គមនានា។ លទ្ធផលនេះ ក៏បានធ្វើឲ្យគ្រូ U-16 កម្ពុជា លោក KOJI GYOTOKU ពេញចិត្តព្រោះដូចបំណងលោកចង់បាន គឺឲ្យកូនក្រុមធ្វើបានល្អ និងអស់ពីសមត្ថភាព។ 
 
ក្នុងពូលB កម្ពុជា ត្រូវជួបជាមួយព្រុយណេ នៅថ្ងៃទី២៨ ខែមិថុនា នៅកីឡដ្ឋាន Sriwedari ប្រទេសឥណ្ឌូណេស៊ី ។ ចំណែកវៀតណាម ត្រូវប្រកួតជាមួយមីយ៉ាន់ម៉ា។ កម្ពុជា ដូចជាសង្ឃឹមឈ្នះច្រើនលើក្រុមព្រុយណេ ព្រោះក្រុមនេះ មានកីឡាកររបួសច្រើន។ ចំណែក មីយ៉ាន់ម៉ា មិនមែនជាក្រុមងាយស្រួលសម្រាប់វៀតណាមយកឈ្នះទេ ព្រោះទាំងកម្រិតបច្ចេកទេស និងកម្លាំងកីឡាករ គឺនៅល្អទាំងអស់។ 
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Asean U-16 Boy’s Championship មាន១២ ប្រទេសចូលរួម ហើយបានចែកជា៣ពូល។ ក្នុងពូល A ឥណ្ឌូណេស៊ី ឈរលេខ១ មាន៦ពិន្ទុ ស្មើគ្នាជាមួយ ឡាវ ឈរលេខ២។ ចំណែក សិង្ហបុរី ឈរចំណាត់ថ្នាក់លេខ៣ មិនមានពិន្ទុ ដូចក្រុមចំណាត់ថ្នាក់លេខ៤ ហ្វីលីពីន។
 
ក្នុងពូល B U-16 វៀតណាម ឈរនៅចំណាត់ថ្នាក់លេខ១ មាន៤ ពិន្ទុ ស្មើជាមួយកម្ពុជា ឈរចំណាត់ថ្នាក់លេខ២។ មីយ៉ាន់ម៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មាន៣ពិន្ទុ តាមពីក្រោយដោយ ព្រុយណេ លេខ៤ មិនមានពិន្ទុ។
 
រីឯពូល C ម៉ាឡេស៊ី ឈរនៅលេខ១ មាន៣ពិន្ទុ ឆ្លងកាត់បាន១ប្រកួត។ ចំណែកថៃ ឈរនៅលេខ២ មាន១ពិន្ទុ ស្មើជាមួយអូស្ដ្រាលី ចំណាត់ថ្នាក់លេខ៣។ ចំណាត់ថ្នាក់លេខ៤ ទីម័រខាងកើត មិនមានពិន្ទុ៕
 

Tag:
 បាល់ទាត់
  Asean U16 Boy’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com