ជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ ៖ ឧក្រិដ្ឋជន ស្រី ស៊ីណា មិនដាក់ចូលក្នុងបញ្ជីបន្ធូរបន្ថយទោសឡើយ
26, Jun 2024 , 4:48 pm        
រូបភាព
នាសន្និសីទកាសែត នារសៀលថ្ងៃទី២៦ មិថុនានេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ប្រកាសថា ឧក្រិដ្ឋជន ស្រី ស៊ីណា នឹងមិនត្រូវបានដាក់ក្នុងបញ្ជីបន្ធូរបន្ថយទោសឡើយ។


លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានសង្កត់ធ្ងន់ថា ក្រោយតុលាការសម្រេចផ្ដន្ទាទោសហើយនោះ ជនល្មើស ស្រី ស៊ីណា នឹងត្រូវអនុវត្តទោសតាមសាលដីកាតុលាការ ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសជាដាច់ខាត ។

«ក្នុងនាមខ្ញុំ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មាធិការជាតិ ដាក់ឈ្មោះជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំទទួលបន្ធូរបន្ថយទោស និងលើកលែងទោសបានឡើយ ដើម្បីធានាថា អំពើសម្លាប់មនុស្សដ៏សាហាវបែបនេះ ត្រូវតែទទួលរងការជាប់ទោសក្នុងពន្ធនាគារយ៉ាងធ្ងន់ធ្ងរ ឱ្យសាកសមនូវអ្វីដែលខ្លួនបានប្រព្រឹត្តស្របតាមគោលការណ៍សមទណ្ឌោ ដែលជាគោលការណ៍គ្រឹះមួយ ក្នុងវិស័យយុត្តិធម៌»។ នេះបើតាមលោក កើត រិទ្ធ។
 
បើតាមផ្លូវច្បាប់ រាល់ទណ្ឌិតរូបណា ដែលបានអនុវត្តទោសជាប់ពន្ធនាគារ បានចំនួន២ភាគ៣ នៃការផ្តន្ទាទោសសរុបពីតុលាការនោះ គឺរូបគេអាចទទួលបានការស្នើសុំបន្ធូរបន្ថយ ឬលើកលែងទោស តាមរយៈការត្រួតពិនិត្យ និងវាយតម្លៃពីគណៈកម្មាធិការជាតិ។ ប៉ុន្តែក្នុងករណីខ្លះ ក៏មិនអាចទទួលបានការបន្ធូរបន្ថយ ឬលើកលែងទោសដែរ អាស្រ័យលើបទល្មើសបានប្រព្រឹត្ត ដូចជា ករណីភេរវកម្ម ការរំលោភសេពសន្ថវៈសាហាវឃោឃៅ ជាដើម។ រដ្ឋមន្រ្តីយុត្តិធម៌ បានគូសបញ្ជាក់បែបនេះ។
 
ទណ្ឌិតទទួលបានការបន្ធូរបន្ថយ និងលើកលែងទោស គឺស្ថិតនៅក្នុងកម្មវិធីបុណ្យជាតិ និងទិវា ចំនួន៥ដែលរដ្ឋាភិបាល បានកំណត់ ក្នុងនោះរួមមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ,បុណ្យវិសាខបូជា ,បុណ្យឯករាជ្យជាតិ ,ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ និងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា)។
 
ផ្អែកតាមការស្រាវជ្រាវខាងលើ តុលាការសម្រេចបែងចែកករណីខាងលើជា២សំណុំរឿង កាលពីថ្ងៃទី២២ មិថុនា។ សំណុំរឿងទី១ ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារបណ្ដាលឱ្យជនរងគ្រោះ២នាក់ស្លាប់នេះ តុលាការបានចោទប្រកាន់លើលោក ស្រី ស៊ីណា ពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដែលមិនបានគិតទុកជាមុន។ ឃាតកម្មនេះ ត្រូវផ្ដន្ទាទោសពី១០ទៅ១៥ឆ្នាំ។ 
 
ចំណែក សំណុំរឿងទី២ មានជនសង្ស័យ ស្រី ស៊ីណា បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ២នាក់រងរបួស។ អង្គហេតុនេះ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើបុគ្គលនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧, មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។ បទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។
 
ក្រោយដាក់បទចោទនេះ ក្រសួងយុត្តិធម៌ ដែលបានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ បានស្នើឱ្យតុលាការធានាថា ច្បាប់ត្រូវបានអនុវត្តដោយ «ត្រឹមត្រូវ» និង «ម៉ឺងម៉ាត់» នៅក្នុងករណីនេះ ។ ជាពិសេសធានាថា ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ។ ដោយឡែកអ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។
 
ផ្អែកលើបទចោទប្រកាន់ និងការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់នៅកម្ពុជា ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៣ មិថុនា ក៏បានស្នើឱ្យតុលាការសម្រេចទោសលើសំណុំរឿងទាំងពីរខាងលើនេះ ដោយមិនត្រូវស្រូបបញ្ចូលគ្នាឡើយ។ 
 

Tag:
 កើត រិទ្ធ
  ស្រី ស៊ីណា
© រក្សាសិទ្ធិដោយ thmeythmey.com