ជាតិ
ព័ត៍មានសុខភាព
សុខភាព
ពិតអត់? ហូបសាច់ក្រហមច្រើន ប្រឈមនឹងមហារីកពោះវៀនធំ
28, Jun 2024 , 10:59 pm        
រូបភាព
មនុស្សគ្រប់គ្នាតែងតែខ្លាចរអាទៅលើជំងឺមហារីក សូម្បីតែឮក៏មិនចង់ឮផង ​​ជាពិសេសនោះគឺមហារីកពោះវៀនធំ។ ផ្អែកទៅលើការសិក្សាស្រាវជ្រាវក្នុងការស្វែងរកជំងឺមហារីក របស់អង្គការសុខភាពពិភពលោក “WHO” បានបង្ហាញថា​ ជំងឺមហារីកពោះវៀនធំ គឺជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមមហារីកទាំងអស់ក្នុងសរីរាង្គរបស់មនុស្ស ហើយមហារីកពោះវៀនធំនេះផងដែរ ត្រូវបានគេរកឃើញថានៅអាស៊ីយើងគឺមានអត្រាប្រឈមដល់ទៅ ១០.៦%ក្នុងនោះដែរ អ្នកជំងឺដែលមានមហារីកពោះវៀនធំអត្រារស់បាន ៥ ឆ្នាំមានត្រឹមតែ ១៦% ប៉ុណ្ណោះ។ ជំងឺនេះជាជម្ងឺមួយដ៏កាចសាហាវដែលអាចឆក់យកជីវិតអ្នកបានយ៉ាងងាយ។

 
លោកវេជ្ជបណ្ឌិតជំនាញវេជ្ជសាស្ត្រទូទៅ រ៉ា ប៉លី ដែលសព្វថ្ងៃនេះកំពុងតែបម្រើការនៅមន្ទីរសម្រាកព្យាបាលឯកជនមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា៖ “សព្វថ្ងៃនេះយើងរាល់គ្នាកំពុងតែប្រឈមនឹងជំងឺនេះដោយមិនដឹងខ្លួន ក៏ព្រោះតែយើងមិនបានយកចិត្តទុកដាក់ទៅលើរបបអាហារប្រចាំថ្ងៃ។ ជាពិសេសចំពោះអ្នកដែលចូលចិត្តបរិភោគសាច់ក្រហម ដែលរួមមានដូចជាសាច់គោ និងសាច់ជ្រូកជាដើម។”
 
លោកវេជ្ជបណ្ឌិត រ៉ា ប៉លី ក៏បានបន្តទៀតថា៖ “សាច់គោ និងសាច់ជ្រូកនេះ គឺជាអាហារដ៏ពេញនិយម មិនថានៅប្រទេសកម្ពុជាឬក៏ប្រទេសដទៃនោះទេ ដោយហេតុថាវាជាប្រភេទអាហារពេញនិយម។ ដោយហេតុនេះហើយទើបអ្នកទាំងអស់គ្នា មិនសូវបារម្ភទៅលើវា ហើយគិតថាវាមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទៅលើអ្នក។​”
 
ផ្ទុយស្រឡះពីការគិតរបស់អ្នក ដោយមានការសិក្សាស្រាវជ្រាវទាក់ទងនឹងជំងឺមហារីករបស់សាកលវិទ្យាល័យHarvardក្នុងទីក្រុង Boston​ សហរដ្ឋអាមេរិក បានរកឃើញថា មានការជាប់ទាក់ទងគ្នារវាងកត្តាដែលធ្វើឲ្យមានកើតមហារីកពោះវៀនធំចំពោះអ្នកទទួលទានសាច់ក្រហម។
 
ការសិក្សានោះគេបានជ្រើសរើសយកអ្នកជំងឺចំនួន ៩០០​នាក់មកសិក្សា ហើយអ្នកទាំងអស់នោះនឹងត្រូវបានគេអោយរាយការណ៍អំពីរបបអាហារ ហើយក្នុងនោះដែរអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេនោះ គឺអ្នកទាំងនោះភាគច្រើនទទួលសាច់ក្រហមជាអាហារប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ គេក៏រកឃើញថាសាច់ក្រហមអាចធ្វើឲ្យមានការខូចខាតនិងមានការបម្លែងខ្លួនរបស់កោសិកាពោះវៀនធំ(Damage and Mutation KRAS and PIK3CA gene ) ដែលជាហេតុធ្វើឲ្យពោះវៀនធំអាចកើតជាមហារីកបាន។
 
ជាចុងក្រោយ លោកវេជ្ជបណ្ឌិត រ៉ា ប៉លី ក៏បានផ្តល់អនុសាសន៍ជូនដល់យើងទាំងអស់គ្នាថា៖ “សូមពុកម៉ែ បងប្អូនទាំងអស់គ្នា មុននឹងទទួលទានសាច់ សូមគិតពីគុណសម្បត្តិនិងគុណវិបត្តិរបស់វាផង។ ចូរកុំហូបលើសកំណត់ តែយ៉ាងណាក៏ដោយក៏មិនត្រូវអត់សោះនោះដែរ៕”

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com