អន្តរជាតិ
បោះឆ្នោតសភាបារាំង៖ បក្សស្តាំនិយមជ្រុលទទួលបានសំឡេងនាំមុខបក្សលោក ម៉ាក្រុង
01, Jul 2024 , 10:59 am        
រូបភាព
ក្នុងការបោះឆ្នោតរដ្ឋសភានៅដំណាក់កាលដំបូង បក្សមាននិន្នការស្តាំនិយមជ្រុល National Rally របស់លោកស្រី ម៉ារីន ឡឺ ប៉ែន បាននាំមុខបក្សផ្សេងទៀត ខណៈសម្ព័ន្ធភាពរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ទទួលបានសំឡេងគាំទ្រលំដាប់ទី៣។ នេះបើតាមស្រង់មតិប្រជាជនចេញពីមណ្ឌលបោះឆ្នោត ដោយស្ថាប័ន IFOP, Ipsos, OpinionWay និងElabe។

 
ក្នុងការបោះឆ្នោតនៅដំណាក់កាលទី១ ដែលរៀបចំនៅថ្ងៃទី៣០ ខែមិថុនា ប្រជាជនបារាំងមានសិទ្ធិបោះឆ្នោតចំនួន ៤៩លាននាក់ ដើម្បីរើសតំណាងរាស្រ្តចំនួន ៥៧៧អាសនៈ។ តំណាងរបស់បក្សដែលទទួលសំឡេងភាគច្រើនក្នុងមណ្ឌលនីមួយៗ នឹងឈ្នះ១អាសនៈនៅក្នុងសភា ខណៈបេក្ខជនដែលទទួលបានសំឡេងគាំទ្រយ៉ាងហោចណាស់ត្រឹម១២,៥ភាគរយ នឹងបន្តទៅជុំចុងក្រោយ ដែលរៀបចំនៅថ្ងៃទី៧ ខែកក្កដា។ 
 
ការសម្រេចចិត្តរំលាយសភារបស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដែលចង់ស្ដារប្រជាប្រិយភាពឡើងវិញក្រោយបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប ទំនងមិនផ្ដល់ផលដូចចិត្តលោកចង់បានឡើយ។
 
ទោះសន្លឹកឆ្នោតមិនទាន់រាប់រួចក៏ដោយ ប៉ុន្តែស្ថាប័នស្រង់មតិមួយចំនួន បានរំពឹងថា បក្សស្តាំនិយមជ្រុល National Rally របស់លោកស្រី ម៉ារីន ឡឺ ប៉ែន ដែលជាដៃគូប្រជែងរបស់លោកអេម៉ានុយអែល ម៉ាក្រុង កំពុងមានសំឡេងនាំមុខក្នុងការបោះឆ្នោតសភាដំណាក់កាលដំបូង។ 
 
បក្ស National Rally ទទួលបានសំឡេងគាំទ្រចំនួន៣៤ភាគរយ ដោយនាំមុខបក្សផ្សេងទៀត ស្របពេលបក្សឆ្វេងនិយម New Popular Front ឈរនៅលំដាប់ទី២ ពោលគឺមានការគាំទ្រ ២៩ភាគរយ។ ដោយឡែកបក្សសម្ព័ន្ធរបស់លោកអេម៉ានុយអែល ម៉ាក្រុង Ensemble មានការគាំទ្រ ២០,៣ភាគរយ។ នេះបើតាមការស្រង់មតិប្រជាជនចេញពីមណ្ឌលបោះឆ្នោតដោយស្ថាប័ន IFOP, Ipsos, OpinionWay និងElabe។ 
 
ការទទួលបានសំឡេងនាំមុខរបស់បក្សស្តាំនិយមជ្រុល ទំនងជាការត្រួសត្រាយផ្លូវសម្រាប់បក្សនេះដឹកនាំរដ្ឋាភិបាល ហើយក៏បង្កើនលទ្ធភាពលោកស្រី  ឡឺ ប៉ែន ក្នុងការប្រជែងកៅអីប្រធានាធិបតីដែរ។ ពីមណ្ឌល Henin-Beaumont នៅភាគខាងជើងបារាំង លោកស្រី ឡឺ ប៉ែន លើកឡើងថា ប្រជាជន មានឆន្ទៈក្នុងការប្តូរទំព័រថ្មី។ ចំណែក លោក Jordan Bardella ប្រធានបក្ស National Rally និងជាបេក្ខជននាយករដ្ឋមន្រ្តី បានយល់ឃើញថា ការបោះឆ្នោតនៅជុំចុងក្រោយរៀបចំនៅថ្ងៃទី៧ ខែកក្កដា នឹងជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្ត។ 
 
កន្លងមក ទាំងលោកស្រី ឡឺ ប៉ែន និងលោក Jordan Bardella បានលើកឡើងថា បក្សស្តាំនិយមជ្រុល ចង់បានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា​ ពោលគឺសំឡេង ២៨៩អាសនៈ។ 
 
ប្រសិនបើបក្សស្តាំនិយមជ្រុល ទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា បារាំង នឹងមាននាយករដ្ឋមន្រ្តី និងប្រធានាធិបតីមកពីបក្សផ្សេងគ្នា។ បញ្ហានេះ នឹងធ្វើឱ្យលោកម៉ាក្រុង ពិបាកក្នុងការដាក់ចេញគោលនយោបាយ ដ្បិតរដ្ឋាភិបាលមកពីបក្សស្តាំនិយមជ្រុល។ 
 
ខណៈចំនួនគាំទ្ររបស់ខ្លួនតាមពីក្រោយបក្សស្តាំនិយមជ្រុល លោកម៉ាក្រុង បានអំពាវនាវឱ្យមានសំឡេងគាំទ្រដ៏ច្រើននៅជុំចុងក្រោយ ដើម្បីតទល់នឹងបក្ស Nation Rally។ ចំណែកនាយករដ្ឋមន្រ្តីបារាំង លោក Gabriel Attal បានព្រមានពីការខិតទៅរកការកាន់អំណាចរបស់បក្សស្តាំនិយមជ្រុល។ 
 
ក្នុងការបោះឆ្នោតនៅថ្ងៃទី៣០ ខែមិថុនា​ ប្រជាជនបារាំងប្រមាណ ៦៥,៥ភាគរយនៃចំនួនប្រជាជនមានសិទ្ធិបោះឆ្នោត បានចេញទៅបោះឆ្នោត។ នេះជាចំនួនដ៏ខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ ១៩៩៧។ 
 
សូមបញ្ជាក់ថា ប្រធានាធិបតីបារាំង នៅដើមខែមិថុនា បានប្រកាសរំលាយសភា ភ្លាមៗបន្ទាប់ពីលទ្ធផលដំបូងនៃការបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុបបានបង្ហាញថា បក្សរបស់លោកចាញ់បក្សស្ដាំនិយមជ្រុល៕ 

Tag:
 បារាំង
  បោះឆ្នោតសភា
© រក្សាសិទ្ធិដោយ thmeythmey.com