ជាតិ
សេដ្ឋកិច្ច
កម្ពុជា គួរពង្រីកការលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញទេសចរអន្តរជាតិ?
23, Jun 2024 , 9:29 am        
រូបភាព
ភ្ញៀវទេសចរដើរកម្សាន្តនៅមុខប្រាសាទអង្គរវត្ត។ រូបភាព ៖ Xinhua
ភ្ញៀវទេសចរដើរកម្សាន្តនៅមុខប្រាសាទអង្គរវត្ត។ រូបភាព ៖ Xinhua
ប្រទេសក្នុងតំបន់ជាច្រើន កំពុងប្រជែងគ្នាលើគោលនយោបាយពង្រីកការលើកលែងទិដ្ឋាការ ដើម្បី ទាញភ្ញៀវទេសចរអន្តរជាតិ។ ថ្មីៗនេះ ​ថៃបាន​ពង្រីកការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរដល់ ប្រទេសចំនួន៩៣, ម៉ាឡេស៊ីមាន១៣៤ និងសិង្ហបុរី១៦២ ស្របពេលកម្ពុជាមានត្រឹម ១១ប្រទេស។ តើកម្ពុជាដល់ពេលពង្រីកទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ?

គោលនយោបាយលើកលែងទិដ្ឋាការរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន។ កំណើនភ្ញៀវទេសចរចិននៅតំបន់ទេសចរណ៍នានា​ ជាសញ្ញានៃការរស់ឡើងវិញយ៉ាងខ្លាំងនៅក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ ចាប់តាំងពីទីក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងការធ្វើដំណើរយ៉ាងតឹងរ៉ឹងនៅដើមឆ្នាំ២០២៣ បន្ទាប់ពីការបិទព្រំដែនរយៈពេល ៣ឆ្នាំ។
 
ចិន និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ នៅថ្ងៃទី២៨ ខែមករា ដែលអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរចេញ-ចូល ដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ  ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ 
 
ថ្មីនេះ ថៃបានពង្រីកការលើកលែងទិដ្ឋាការដល់ ៣៦​ប្រទេសបន្ថែមទៀតក្នុងនោះមានកម្ពុជាផង ដោយ​បង្កើន​ចំនួន​ប្រទេស និង​ដែនដី​ដែល​គ្មាន​ទិដ្ឋាការ​ពី​៥៧ រហូត​ដល់​៩៣ប្រទេស ដែល​អនុវត្ត​បាន​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា។ ជាមួយទិដ្ឋាការថ្មីនេះ ភ្ញៀវទេសចរអាចស្នាក់នៅថៃរហូតដល់ ៦០ថ្ងៃ។ នេះបើតាមកាសែត Bangkok Post។ 
 
ទន្ទឹមនេះ គណៈរដ្ឋមន្ត្រីក៏បានអនុម័តទិដ្ឋាការពេលមកដល់ (visa on arrival) ដល់ប្រទេសចំនួន៣១ ដែលកើនឡើងជិតទ្វេដងធៀបពីមុនមានត្រឹមតែចំនួន ១៩ប្រទេស។
 
លើសពីនេះ​ សម្រាប់ភ្ញៀវទេសចរដែលចង់ទាំងធ្វើការ និងកម្សាន្តនៅថៃ អាចត្រូវបានផ្តល់ទិដ្ឋាការមានរយៈពេល ៥ឆ្នាំជាមួយនឹងការស្នាក់នៅរហូតដល់ ១៨០ថ្ងៃ និងអាចបន្តបាន ១៨០ថ្ងៃបន្ថែមទៀត។ ពីមុន ថៃបានកំណត់កម្មវិធីទិដ្ឋាការប្រចាំថ្ងៃដែលភ្ញៀវអាចចេញចូលតែ២ដងប៉ុណ្ណោះ ក្នុងរយៈពេល៣០ថ្ងៃ។
 
សម្រាប់ម៉ាឡេស៊ី គោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសនេះបានពង្រីកទៅកាន់ប្រទេសចំនួន ១៣៤ នៅពាសពេញពិភពលោក។ នេះបើតាមវេបសាយ Travel and Tour World ចុះផ្សាយថ្ងៃទី១៨ ខែមិថុនា។ គោលនយោបាយនេះ បានជំរុញគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តដែលមានគោលដៅទាក់ទាញភ្ញៀវទេសចរឲ្យបាន ៣៥,៦លាននាក់នៅឆ្នាំ២០២៦។ ម៉ាឡេស៊ីផ្តល់ការលើកលែងទិដ្ឋាការដល់អ្នកដំណើរមកពីប្រទេសផ្សេងៗទៅតាមប្រភេទការលើកលែងទិដ្ឋាការ̣៩០ថ្ងៃ, ៣០ថ្ងៃ, ១៤ថ្ងៃ។ 
 
នៅពេលថ្មីៗនេះ ម៉ាឡេស៊ី បានផ្តល់ការលើកលែងទិដ្ឋាការដល់ប្រភពភ្ញៀវទេសចរធំពីរលើពិភពលោក គឺឥណ្ឌា និងចិន រួមជាមួយនឹងអ្នកកាន់លិខិតឆ្លងដែនមកពីប្រទេសមួយចំនួន ព្រមទាំងប្រទេសសមាជិកអាស៊ាន អាចទៅកម្សាន្តនៅប្រទេសនេះដោយគ្មានទិដ្ឋាការរហូតដល់ ៣០ថ្ងៃ។ លើសពីនេះ បុគ្គលដែលកាន់ប័ណ្ណធ្វើដំណើរតំបន់រដ្ឋបាលពិសេសម៉ាកាវ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ ១៤ថ្ងៃដោយគ្មានទិដ្ឋាការ។
 
អាម៉េរិក អង់គ្លេស អូស្រាលី និងនូវែលសេឡង់ ក៏ទទួលបានការលើកលែងទិដ្ឋាការដែលចូលមកកម្សាន្តនៅម៉ាឡេស៊ីរយៈពេល ៩០ថ្ងៃ។ ទន្ទឹមនេះ រដ្ឋជាសមាជិកសហភាពអឺរ៉ុបក៏អាចចូលទៅម៉ាឡេស៊ី ៩០ថ្ងៃដោយគ្មានទិដ្ឋាការដែរ។ 
 
លើសពីនេះ ក្រុមប្រទេស Gulf Cooperation Council  រួមមាន អារ៉ាប៊ីសាអូឌីត បារ៉ែន គុយវ៉ែត អូម៉ង់ កាតា និងអេមីរ៉ាតអារ៉ាប់រួប ត្រូវបានអនុញ្ញាតឱ្យទៅទស្សនា និងស្នាក់នៅម៉ាឡេស៊ីរហូតដល់ ៩០ថ្ងៃសម្រាប់គោលបំណងទេសចរណ៍ ឬអាជីវកម្ម។ 
 
សម្រាប់វៀតណាម បច្ចុប្បន្នកំពុងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរពីប្រទេសចំនួន ២៥ ដែលក្នុងនោះប្រទេសចំនួន១៣ ត្រូវបានលើកលែងទិដ្ឋាការជាឯកតោភាគីរួមមាន អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស និងអៀរឡង់ខាងជើង រុស្ស៊ី ជប៉ុន និងកូរ៉េខាងត្បូង ស៊ុយអែត ន័រវេស ហ្វាំងឡង់ បេឡារុស្ស។
 
ក្រៅពីនេះ មានប្រទេសជាច្រើនក្នុងទ្វីបអាស៊ីកំពុងបង្កើនការប្រកួតប្រជែងដើម្បីទាក់ទាញភ្ញៀវទេសចរជាមួយនឹងគោលនយោបាយគ្មានទិដ្ឋាការ ឧទាហរណ៍ សិង្ហបុរីបានលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន១៦២, ហ្វីលីពីន (១៥៧ប្រទេស), ជប៉ុន (៦៨ប្រទេស) និងកូរ៉េខាងត្បូង (៦៦ ប្រទេស)។ នេះបើតាមសារព័ត៌មាន VnExpress នៅថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២៤។ 
 
ចំណែកកម្ពុជាវិញ បច្ចុប្បន្នប្រទេសនេះមានការការលែងទិដ្ឋាការដល់ភ្ញៀវទេសចរចំនួន ១១ប្រទេសប៉ុណ្ណោះ។ ភ្ញៀវទេសចរមកពី ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ ហ្វីលីពីន វៀតណាម និងសិង្ហបុរី អាចចូលមកកម្ពុជាដោយគ្មានទិដ្ឋាការរយៈពេល ៣០ថ្ងៃ។ ទន្ទឹមនេះ កម្ពុជាក៏បានលើកលែងទិដ្ឋាការដល់ប្រទេសសីស្ហែល ១៥ថ្ងៃ ខណៈព្រុយណេ មីយ៉ាន់ម៉ា និងថៃមានត្រឹមតែ ១៤ថ្ងៃ។ 
 
ចំនួននេះ ហាក់មានតិចនៅឡើយបើធៀបប្រទេសនៅក្នុងតំបន់។ ដើម្បីសម្រេចនូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ កម្ពុជាគួរពង្រីកការលើកលែងទិដ្ឋាការដល់ប្រទេសជាច្រើនទៀត ដើម្បីជំរុញចំណូលសេដ្ឋកិច្ចជាតិតាមរយៈភ្ញៀវទេសចរអន្តរជាតិ។ 
 
គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ឆ្នាំនេះ ថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៩លាននាក់ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយច្រើនជាង១,៦ដងនៃចំនួនភ្ញៀវទេសចរទៅកាន់ម៉ាឡេស៊ី ដែលឈរលំដាប់ទីពីរប្រចាំតំបន់។ ឈរលេខរៀងបន្ទាប់គឺ​សិង្ហបុរី ​មាន​ភ្ញៀវ​៤,៣៥​លាន​នាក់ ឥណ្ឌូណេស៊ី​មាន​៣​លាន​នាក់ ហ្វីលីពីន​១,៦​លាន​នាក់ កម្ពុជា​១,៥​លាន​នាក់ និង​ឡាវ​១​លាន​នាក់​៕ 
 

Tag:
 កម្ពុជា ​
  ទេសចរ
  ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com