កីឡាជាតិ
ជាតិ
រដ្ឋមន្ត្រីអប់រំ ស្នើសហព័ន្ធកីឡាជាតិទាំងអស់ បន្ដបណ្ដុះធនធានកីឡាករ-ការិនីចូលជម្រើសជាតិ
26, Jun 2024 , 7:59 pm        
រូបភាព
លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ប្រាក់រង្វាន់ដល់អត្ដពលិក រូបពីអគ្គនាយកដ្ឋានកីឡា
លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ប្រាក់រង្វាន់ដល់អត្ដពលិក រូបពីអគ្គនាយកដ្ឋានកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធកីឡាទាំងអស់ ជាពិសេសសហព័ន្ធកីឡាជាតិ ខិតខំប្រឹងប្រែងរៀបចំការប្រកួតក្នុងស្រុក ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីចូលជាជម្រើសជាតិ។ រដ្ឋមន្ដ្រីរូបនេះ ក៏ជំរុញឲ្យសហព័ន្ធកីឡាជាតិ បណ្ដុះធនធានធានកីឡាករ-កីឡាការិនីជំនាន់ក្រោយ ឲ្យមានសមត្ថភាព ផងដែរ។


 
យោងទៅលើការផ្សាយរបស់អគ្គនាយកដ្ឋានកីឡា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ហង់ ជួន ណារ៉ុន បានចូលរួមពិធីប្រគល់ប្រាក់រង្វាន់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជ័យលាភីពីការប្រកួតកីឡាអាស៊ី លើកទី១៩ និងព្រឹត្តិការណ៍អន្ដរជាតិនានា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រសួងអប់រំ យុវជន និងកីឡា ។
 
ក្នុងពិធីនេះដែរ លោករដ្ឋមន្ត្រីអប់រំ បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ បន្ដការរៀបចំការប្រកួតក្នុងស្រុក និងយកចិត្តទុកដាក់ក្នុងការរើសសមត្ថភាពជម្រើសជាតិ ជាពិសេសការបណ្ដុះធនធានកីឡាករ-កីឡាការិនីថ្នាល ដើម្បីជោគជ័យក្នុងការប្រកួតប្រជែងជ័យលាភីអន្ដរជាតិ នាពេលអនាគត។
 
បន្ថែមពីនេះ រដ្ឋមន្ដ្រីរូបនេះ លើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនី គ្រូបង្វឹក ប្រកាន់នូវគោលការខ្ជាប់ខ្ជួន ការគោរពវិន័យ ការហ្វឹកហាត់ទៀងទាត់ ការដកស្រង់បទពិសោធន៍ ដើម្បីបង្កើនសមត្ថភាពរបស់អត្តពលិកជាតិ។
 
គួរបញ្ជាក់ផងដែរថា កីឡាការិនីការ៉ាតេ ពុទ្ធា ស្រីណុច មេដាយសំរិទ្ធ១ កីឡាអាស៊ីលើកទី១៩ ទទួលបានថវិកា២៤លានរៀល, ប្រាក់រង្វាន់ប្រគល់ជូនក្រុមកីឡាប៉េតង់ ដែលឈ្នះមេដាយសំរិទ្ធ ៣ពី World Championship 2023 នៅទីក្រុងបេនីន និងក្រុមអត្ដពលិកគុនល្បុក្កតោ ឈ្នះមេដាយមាស៤ ប្រាក់៥ និងសំរិទ្ធ២។ ទឹកប្រាក់រង្វាន់សរុបលើកីឡា ៣ប្រភេទនេះ មានចំនួន៤២៣,៧០០,០០០រៀល៕

Tag:
 ហង់ ជួនណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com