ជាតិ
សង្គមជាតិ
សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ឡើងជាព្រះចៅអធិការ​វត្តឧណ្ណាលោម
28, Jun 2024 , 3:59 pm        
រូបភាព
ដោយ: រួបរួម
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត នាមឆាយា សីល​សំវរោ ត្រូវបានតែងតាំងជាព្រះចៅអធិការ​វត្តឧណ្ណាលោម បន្តព្រះសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស។ នេះ​បើតាម​ប្រកាសនីយប័ត្រ​តែងតាំងពី​សំណាក់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី និង​មានការឯកភាពពី​លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ​ និង​សាសនា កាលពីថ្ងៃទី​២៤ ខែមិថុនា។

 
ប្រសូតនៅឆ្នាំ​១៩៧៩ នៅស្រុកថ្មគោល ខេត្តបាត់ដំបង សម្តេចសង្ឃ យ៉ន សេងយៀត បួសបាន​៣៣វស្សា។ សម្តេច​ត្រូវបានគេស្គាល់ថា ជាបញ្ញវន្តសង្ឃដំបូងបំផុតដែលបានបញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតពីសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោក។ ក្រៅពីតួនាទីជាអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះអង្គ​ជា​ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះបាឡាត់គណរាជធានីភ្នំពេញ និងជាព្រះប្រធានគណៈគ្រប់គ្រង​វត្តឧណ្ណោលោម។
 
វត្តឧណ្ណាលោម​ស្ថិតក្នុងចំណោម​វត្តចំណាស់​ទាំង​៦ ដែលត្រូវបាន​សម្តេចព្រះបរមរាជា (ពញាយ៉ាត) ត្រាស់​បង្កាប់​ឱ្យកសាង កាលពីអំឡុង​ឆ្នាំ១៤៤២ ក្រោយពីព្រះអង្គ​ប្តូររាជធានីអង្គរ មក​ចតុម្មុខ។ តាមកម្រងឯកសារ «ប្រវត្តិនៃវត្តឧណ្ណាលោម» ដែលរៀបរៀងដោយ​សម្តេចព្រះមហាសុមេធាតិបតី ជួន ណាត ជោតញ្ញាណោ បោះពុម្ពនៅឆ្នាំ១៩៦៣ ការ​កសាងវត្តទាំង​៦នោះ គឺអនុវត្តបន្ទាប់ពី​ស្តេចពញាយ៉ាត បញ្ជាឱ្យ​កសាង​វិហារលើទីដីខ្ពស់ត្រង់កន្លែងវិហារចាស់​របស់ដូនពេញ ហើយទ្រង់​បញ្ញត្តឱ្យ​ហៅវត្តភ្នំដូនពេញថា «វត្តព្រះចេតិយបព៌ត» ដែលក្រោយ​មក​ប្រែក្លាយជាវត្តភ្នំដូនពេញ វត្តភ្នំពេញ ឬវត្តភ្នំ វិញ។

វត្តទាំង​៦នោះរួមមាន វត្តកោះ នៅត្រង់ទិសខាងកើត​ឆៀងអាគ្នេយ៍ភ្នំដូនពេញ វត្តលង្កា នៅត្រង់ទិសខាងកើតឆៀងឦសានភ្នំដូនពេញ, វត្តព្រះពុទ្ធឃោសា នៅត្រង់​ខាងត្បូងព្រែក​ចិន​ដំដែក នាទិសខាងជើងភ្នំពេញ​ដូនពេញ, វត្តពាមផ្លុង នៅខាងទិសអាគ្នេយ៍ ភ្នំដូនពេញ, វត្តឧណ្ណាលោម ដែលយក​តាម​នាមមាន​ស្រាប់ និង​វត្តខ្ពបតាយ៉ង ដោយ​យក​តាម​តាម្នាក់ឈ្មោះ យ៉ង ដែលជាអ្នក​ជីកខ្ពប ហើយបច្ចុប្បន្ន ជាវត្តបទុមវតី។ 
 

 
តាម​កំណត់​ត្រា​របស់​សម្តេចព្រះមហាសង្ឃរាជ ជួន ណាត «ឧណ្ណាលោម» ចេញពី​ពាក្យបាលី ពាក្យសំស្ក្រឹត ឧណ៌ាលោម ដែលប្រែថា «រោម​ប្រជុំចិញ្ចើម» គឺរោមដែលដុះត្រង់ប្រជុំ​នៃចិញ្ចើម​ទាំងពីរផ្សេងគ្នាពី​រោម​ចិញ្ចើម​ប្រក្រតី។ ក្នុងព្រះរាជ​ពង្សាវតារ ប្រាប់ថា ព្រះបាទ សម្តេចព្រះបរមរាជា ទ្រង់​ប្រទាន​នាមវត្តនេះ តាមនាម​ដើម​ស្រាប់ ជានាម​នៃចេតិយធំដែល​បញ្ចុះព្រះឧណ្ណាលោមនៃព្រះអស្សជិតត្ថេរ ដោយពុំមាន​ប្រវត្តិពិស្តារបន្ថែមឡើយ។ 
 
តាម​ការពន្យល់ក្នុង​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត  វត្តដ៏ធំមួយក្នុងក្រុងភ្នំពេញនោះ មានចេតិយបុរាណធំមួយនៅខាងក្រោយឧបោសថាគារ មានចេតិយធំបន្ទាប់ ៥ព័ទ្ធជុំវិញ តភ្ជាប់នឹងចេតិយធំ; ក្នុងចេតិយធំនោះ តាមសេចក្ដីតំណាលថា គេបញ្ចុះរោមប្រជុំចិញ្ចើមនៃព្រះមហាថេរមួយអង្គមាននាមពុំប្រាកដ ...។ លុះដល់មកពុទ្ធសករាជ ២៤២៣ សម្ដេចព្រះមហាសង្ឃរាជព្រះនាម ទៀង (សុវណ្ណកេសរៈ) បានបញ្ចុះព្រះបរមសារីរិកធាតុនៃព្រះសក្យមុនីសម្មាសម្ពុទ្ធមួយព្រះអង្គតូចក្នុងចេតិយធំកណ្ដាល, ព្រះបរមធាតុនោះ ព្រះសិរីសុមង្គលាចារ្យ ជាសង្ឃនាយកនៅលង្កាទ្វីបបានចាត់មហាថេរមួយរូបឈ្មោះ នាថវីរិយ ឱ្យនាំមកថ្វាយ (តាមអក្សរចារឹក នៅលើមាត់ទ្វារចេតិយទាំងគូខាងមុខចេតិយធំ)។ ពាក្យនេះខ្មែរប្រើជា រាជស័ព្ទ ថា ព្រះឧណ្ណាលោម «រោមប្រជុំចិញ្ចើមព្រះសម្ពុទ្ធឬក្សត្រិយ៍» ដែលកម្រមនុស្សណាមាន)។    
 
តាំងពី​រជ្ជកាលព្រះបាទព្រះបរមរាជា (ពញាយ៉ាត) វត្តឧណ្ណាលោម រមែង​មាន​ភិក្ខុ​សង្ឃនៅជាប់​មិនដែល​ដាច់ដរាបមក គ្រាន់តែពុំច្បាស់ថា តំណចៅអធិការ​ពីមួយមក​មួយទៀតតៗរៀងមកប៉ុណ្ណោះ។ ក្នុងព្រះរាជពង្សាវតារមានសេចក្តីបញ្ជាក់ត្រឹមតែ ព្រះពោធិវង្ស (ឯក) មួយ​អង្គ​ប៉ុណ្ណោះ ក្នុង​រជ្ជកាលព្រះបាទ សម្តេចព្រះជ័យចេស្តា ។ លុះដល់​រជ្ជកាល​ព្រះបាទសម្តេចព្រះនរោត្តម ស្តេចយាងចេញចាកពីក្រុងឧដុង្គមានជ័យ មកគង់នៅភ្នំពេញ សម្តេចព្រះមហាសង្ឃរាជ ព្រះនាមទៀង និងព្រះរាជាគណៈឋាននុក្រម​ច្រើនរូប មានព្រះមហាវិមលធម្មនាម កុយ ព្រះពុទ្ធឃោសាចារ្យនាម ប្រាក់ ក៏បានចាកចេញពីវត្តប្រាង្គក្រុងឧដុង្គមានជ័យ មកគង់នៅវត្តឧណ្ណាលោម ផងដែរ​។


 
នាសម័យ​កាលនោះ តាមឯកសារ វត្តឧណ្ណាលោម​មានព្រះចៅអធិការស្រាប់ នាម​​លោកគ្រូគង់ ដែល​មានសមណស័ក្តិទីរាជាគណៈជាព្រះធម្ម​វង្សា (លោកតាគង់ ព្រះធម្ម​វង្សា)។ លោកតាគង់ បាន​​ថ្វាយ​ឋានៈព្រះចៅអធិការ​​ដល់សម្តេចទៀង ប៉ុន្តែ​ព្រះអង្គ​មិនព្រម រហូតដល់ព្រះធម្ម​វង្សា គង់ អនិច្ចធម្មទើប សម្តេចឡើងជាចៅអធិការវត្ត។
 
ចាប់តាំងពី​វជ្ជកាលសម្តេចព្រះនរោត្តម មក ព្រះចៅអធិការវត្ត​ឧណ្ណាលោម រួមមានព្រះធម្ម​វង្សា គង់, សម្តេចព្រះមហាសង្ឃរាជ ព្រះនាម ទៀង (សុវណ្ណកេសរ), សម្តេចព្រះធម្ម​លិខិត ព្រះនាម អ៊ុក, ព្រះ​មហាវិមលធម្ម កែវ គង់, ព្រះពុទ្ធឃោសាចារ្យ ជួន ណាត (ជោតញ្ញាណោ),  សម្តេចសង្ឃរាជ ហួត តាត មុនពេលកម្ពុជាធ្លាក់​ចូល​ក្នុង​សម័យ​កាលគ្មាន​សាសនាក្នុងរបបខ្មែរក្រហម។
 
ក្រោយឆ្នាំ១៩៧៩ ព្រះវិន័យធរ ទេព វង្ស កាន់តំណែងជា​ប្រធាន​សង្ឃវត្តឧណ្ណាលោម ហើយ​ក្រោយ​សម្តេចព្រះអគ្គ​មហាសង្សរាជ កាន់តំណែងជាព្រះចៅអធិការវត្តលង្ការ​ចាប់ពី​ឆ្នាំ១៩៩១ រហូតដល់​ព្រះអង្គ​យាងសោយព្រះទិវង្គតក្នុងព្រះជន្ម៩២ព្រះវស្សា កាលពីថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២៤៕

Tag:
 វត្តឧណ្ណាលោម
  សម្តេចសង្ឃ យ៉ន សេងយៀត
© រក្សាសិទ្ធិដោយ thmeythmey.com