ជាតិ
បន្ទាប់ពីសេះសមុទ្រ! ខេត្តកំពត សង់នាឡិកាយក្សកម្ពស់៣៥ម៉ែត្រ ![](https://image.thmeythmey.com/pictures/2024/06/28/28620241720untitled-1.jpg)
×![]()
រដ្ឋបាលខេត្តកំពត កំពុងសាងសង់«នាឡិកាយក្ស»កម្ពស់៣៥ម៉ែត្រ បន្ទាប់ពីរូបសំណាកសេះសមុទ្រ បានទាក់ទាញទេសចរយ៉ាងគគ្រឹកគគ្រេងរួចទៅហើយ។ សំណង់«នាឡិកាយក្ស»នេះ គ្រោងបញ្ចប់នៅមុនខែធ្នូខាងមុខ ដែលខេត្តកំពតជាម្ចាស់ផ្ទះបុណ្យសមុទ្រឆ្នាំ និងការស្វាគមន៍អ្នកទេសចរ នៅថ្ងៃចូលឆ្នាំសកល។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មី នៅថ្ងៃទី២៨ មិថុនាថា នាឡិកាយក្សនេះ មានទំហំ៩,៧ម៉ែត្រ និងកម្ពស់៣៥ម៉ែត្រ រំលេចដោយលេខនិងរចនាបថខ្មែរ។ សំណងនេះ បានដំណើរការសាងសង់ហើយ នៅត្រើយខាងលិចព្រែក ទល់មុខសាលាខេត្តកំពត ដែលមានចម្ងាយប្រហែល៥០០ម៉ែត្រ ពីខាងត្បូង រូបសំណាក់សេះសមុទ្រ។
នាឡិកាយក្ស ផលិតផលទេសចរណ៍ថ្មីរបស់ខេត្តកំពត បន្ទាប់ពីជោគជ័យលើការសាងសង់រូបសំណាក់សេះសមុទ្រ។ សមិទ្ធផលថ្មីនេះ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរមកកម្សាន្តខេត្តកំពត បន្ថែមទៀត។ នេះជាការលើកឡើងរបស់ លោក សយ ស៊ីណុល ដោយបន្ថែមដូច្នេះថា៖«គោលបំណងយើងធ្វើនេះ គឺដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍។ ដូច្នេះ បើយើងបានបន្ថែម រូបនាឡិកាយក្សក្នុងក្រុងកំពតមួយទៀត វានឹងបង្កើនភាពទាក់ទាញភ្ញៀវទេសចរកាន់ច្រើន»។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះ ក្រោយដាក់ដំណើរការរូបសំណាកសេះសមុទ្រ ខេត្តកំពតទទួលបានភ្ញៀវទេសចរ ក្នុងរង្វង់៥ម៉ឺននាក់ ក្នុងមួយសប្ដាហ៍ ធៀបនឹងពេលកន្លងទៅ មានត្រឹម២ ទៅ៣ម៉ឺននាក់ប៉ុណ្ណោះ។ គិតត្រឹមដំណាច់ខែមិថុនានេះ ខេត្តកំពត ទទួលបានភ្ញៀវទេសចរប្រមាណ ១.៣លាននាក់ កើនឡើង២៩ភាគរយ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ៦៤ ០០០នាក់ កើនឡើង៥២ភាគរយ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ កាលពីថ្ងៃទី២៥ មិថុនា លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្ត បានជ្រើសយកការអភិវឌ្ឍវិស័យទេសចរណ៍មុនគេ ដើម្បីពង្រឹងសេដ្ឋកិច្ចខេត្ត និងផលប្រយោជន៍ពលរដ្ឋ។
កំពត គឺជាខេត្តចំណាស់ ដែលមានសក្ដានុពលទេសចរណ៍ជាច្រើនផ្នែក ដូចជាសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ សំណង់បេតិកភណ្ឌ និងទេសចរណ៍បែបជំនឿសាសនា រួមបញ្ចូលទាំងដំណាំកសិកផលល្បីល្បាញជាច្រើនទៀត ដូចជា ទុរេន និងម្រេច ជាដើម៕
Tag:
នាឡិកាយក្ស
រដ្ឋបាលខេត្តកំពត
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com