ជាតិ
ត្រីមេពូជ កូនត្រី និងវារីសត្វ ១.៥លានក្បាល ត្រូវបានលែងចូលបឹងធម្មជាតិ ក្នុងខេត្តកំពង់​ចាម
01, Jul 2024 , 10:29 am        
រូបភាព
កូនត្រី ត្រីមេពូជ និងវារីសត្វ ប្រមាណ ២០ប្រភេទ សរុបប្រមាណ ១.៥លានក្បាល នឹងត្រូវ​លែងចូល ក្នុងបឹងធំ ស្ថិតនៅក្នុង​ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់​ចាម នៅក្នុង​ទិវាមច្ឆជាតិ លើកទី១៩ នៅថ្ងៃទី១ កក្កដានេះ។

 
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រភេទ​ត្រី និងវារីសត្វដែលត្រូវបានលែងចូលក្នុងបឹងធម្មជាតិនោះមានដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក និងកន្ធាយជាដើម។
ទិវា​មច្ឆជាតិ ត្រូវបានប្រារព្ធឡើង ដើម្បី​ផ្សព្វផ្សាយ​ និងបំផុស​ស្មារតី​ឱ្យប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធន​ធានជលផល ប្រកបដោយនិរន្តរភាព សំដៅ​បង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខ​ស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ លោក ឌិត ទីណា បន្ថែមដូច្នេះ នៅក្នុងសុន្ទរកថាខ្លីរបស់ខ្លួន ក្នុងទិវា ទិវា​មច្ឆជាតិនេះ។
 
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជ ​ក្នុងស្រុក​ប្រមាណ ៥លានក្បាល ត្រូវ​បាន​លែង​ចូលទៅក្នុងដែនទឹកធម្មជាតិ៕
 
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com