ជាតិ
រថយន្ត
ព្រោះតែស្រឡាញ់ លោកសំណាង ទិញVolkswagen ដែលខូចទាំងអស់ មកជួសជុលជិះឡើងវិញ ![](https://image.thmeythmey.com/pictures/2021/08/16/front_credit.jpg)
×![]()
នៅទូទាំងពិភពលោក ប្រហែលជាប្រភេទឡានបុរាណដែលនៅសល់ច្រើនជាងគេ គឺជាម៉ាក Volkswagen ប្រភេទទី១ ហេតុដូច្នេះហើយបានជាក្នុងចំណោមឡានបុរាណ ដែលត្រូវនាំចូលមកប្រទេសកម្ពុជា ច្រើនជា Volkswagen ប្រភេទទី១ដែរ។ លោកហាក់ សំណាង ដែលជាម្ចាស់យានដ្ឋាន សំណាង168 នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល បានឃើញរថយន្ដ Volkswagen ប្រភេទទី១ កែច្នៃ២គ្រឿងដូចគ្នា ផលិតប្រហែល៥០ឆ្នាំមុន។ លោក ហាក់ សំណាង ដែលស្រឡាញ់ពេញចិត្តខ្លាំងលើរថយន្តបុរាណ បានសុំទិញរថយន្តទាំង២នេះ ពីម្ចាស់ដើមដែលរស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីយកមកជួលជុលឱ្យអាចជិះបានឡើងវិញ។
រថយន្តទាំង២គ្រឿងនោះ ត្រូវបានគេកែច្នៃនៅអំឡុងឆ្នាំ២០០០ ដោយកាត់ដំបូល និងដែកកាងចេញ ហើយប្ដូរហ្វារក្រោយ ស៊ីញ៉ូ និងកង់ទាំង៤។ ដោយសារម្ចាស់មុនបានទុកវាចោល ដូច្នេះវាខូចអស់រលីង នៅសល់តែទ្រង់ទ្រាយ និងតាប្លូប៉ុណ្ណោះ ដែលអាចសង្គ្រោះបាន។ លោក ហាក់ សំណាង បញ្ជាក់ដូច្នេះ៖«និយាយរួមទៅវាខូចទាំងអស់ នៅសល់តែរាងខាងក្រៅទេ។ ពុកក៏ពុក! តោនពុក! ហើយដូរម៉ាស៊ីន បាញ់ថ្នាំវិញទាំងអស់ ដូរម៉ាស៊ីន ដូរគ្រឿងក្នុងវិញទាំងអស់។ រយៈពេលធ្វើដូចជាយូរដែរ! ដូចជា៧-៨ ខែបានធ្វើហើយ។ ខ្ញុំទុកសិន ធ្វើម្តងមួយ! ធ្វើតាមទឹកលុយ មានលុយបានធ្វើទៀត»។
ដោយសារតែគ្រឿងបន្លាស់ Volkswagen ប្រភេទទី១ មានតែនៅប្រទេសបរទេស ហើយវាថ្លៃទៀត ហេតុនេះលោក សំណាង សម្រេចដាក់គ្រឿងបន្លាស់ពីប្រភពផ្សេងៗ ដែលមិនមែនបុរាណវិញ ដើម្បីអាចរក្សាទ្រង់ទ្រាយដើម។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ហាក់ សំណាង ដូចតទៅ៖
រថយន្ដ Volkswagen នេះមានឈ្មោះផ្លូវការថា ប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន Volkswagen បានផលិតចាប់ពីឆ្នាំ១៩៣៨ រហូតដល់ឆ្នាំ១៩៧៨ ខណៈនៅបន្តផលិតដល់ឆ្នាំ២០១៩ នៅប្រទេសប្រេស៊ីល។ ក៏ប៉ុន្តែគ្មាននរណា ហៅវាដូចនេះទេ! ប្លែកមែន តាមភាសានីមួយៗរថយន្ដនេះ មានឈ្មោះហៅថា Coccinelle (ភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសាអង់គ្លេស) Käfer (ភាសាអាល្លឺម៉ង់) Kever (ភាសាហូឡង់) Maggiolino (ជាភាសាអ៊ីតាលី)។ ល។ ដែលអាចបកប្រែថាសត្វខ្ញុង ពីព្រោះវាមានរាងដូចសត្វល្អិតនេះ។
Volkswagen ប្រភេទទី១ ត្រូវបានដំឡើងចំនួន២១លានគ្រឿង តាមរោងចក្រនៅប្រទេសអាល្លឺម៉ង់ ហើយនៅប្រទេសនានា ក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាមេរិក តែមិនមែននៅទ្វីបអាស៊ីយើងទេ។ ហេតុនេះហើយ រថយន្ដនេះនៅទ្វីបអាស៊ី មិនពេញនិយមដូចនៅទ្វីបដទៃទៀតទេ។ មុនសង្គ្រាម នៅប្រទេសកម្ពុជាមាន ឡាន Volkswagen ប្រភេទទី១ ច្រើនគួរសម។ ប៉ុន្តែសូមបញ្ជាក់ថាសព្វថ្ងៃ នៅរាជធានីភ្នំពេញមាន Volkswagen ប្រភេទទី១ ប្រមាណ៣ ទៅ ៤គ្រឿង ប៉ុណ្ណោះ , នៅក្រុងសៀមរាបមាន ៥ ទៅ ៦គ្រឿង នៅកំពង់ឆ្នាំង១គ្រឿង នៅពោធិ៍សាត់១គ្រឿង និងនៅខេត្តបាត់ដំបង ១គ្រឿង។
ម៉ាក Volkswagen ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថា ឡាន៕
![](https://image.thmeythmey.com/pictures/2021/08/16/thumb2/credit___1_.jpg)
![](https://image.thmeythmey.com/pictures/2021/08/16/thumb2/credit___2_.jpg)
![](https://image.thmeythmey.com/pictures/2021/08/16/thumb2/credit___3_.jpg)
![](https://image.thmeythmey.com/pictures/2021/08/16/thumb2/credit___4_.jpg)
![](https://image.thmeythmey.com/pictures/2021/08/16/thumb2/credit___5_.jpg)
![](https://image.thmeythmey.com/pictures/2021/08/16/thumb2/credit___6_.jpg)
![](https://image.thmeythmey.com/pictures/2021/08/16/thumb2/credit___7_.jpg)
![](https://image.thmeythmey.com/pictures/2021/08/16/thumb2/credit___8_.jpg)
![](https://image.thmeythmey.com/pictures/2021/08/16/thumb2/credit___9_.jpg)
Tag:
យានយន្ត
រថយន្តបុរាណ
Volkswagen
ហាក់ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com