ជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឱ្យចាប់ឈ្មួញនេសាទត្រីខុសច្បាប់
23, Mar 2022 , 4:20 pm        
រូបភាព
នាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យចាប់ឈ្មួញទុច្ចរិត នេសាទត្រីខុសច្បាប់ នៅលើបឹងទន្លេសាប។


សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យលោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ជាពិសេសចាប់ឈ្មួញទុច្ចរិត ក្នុងករណីនេសាទនេះ។ សម្ដេច ដែលទទួលបានរបាយការណ៍ពីអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា ជុំវិញករណីបទល្មើសនេសាទត្រីខុសច្បាប់ ដែលអាចបំផ្លិចបំផ្លាញត្រីក្នុងបឹងទន្លេសាប។
 
ជុំវិញករណីបង្ក្រាបបទល្មើសនេសាទនេះ មន្ត្រី និងអាជ្ញាធរ បានអះអាងប្រាប់សម្ដេច ហ៊ុន សែន ថា ចាប់ជនល្មើសនេសាទខុសច្បាប់មិនបានទេ ដោយសារមានករណីបែកការណ៍មុន ដែលធ្វើឱ្យពួកជនល្មើសដឹងខ្លួន ហើយបើកទូកក្នុងល្បឿនលឿនគេចចេញទៅ។
 
ហេតុផលបែបនេះ ហាក់ធ្វើឱ្យសម្ដេច ហ៊ុន សែន មិនជឿឡើយ។ សម្ដេច ដាក់ការសង្ស័យវិញថា៖«មូលហេតុអ្វីយើងចាប់(ជនល្មើសនេសាទ)មិនបាន? មន្ត្រីយើងស៊ីសំណូកគេ ឬយ៉ាងម៉េច?»។
 
សម្ដេច ក៏បានចំអកឱ្យមន្ត្រី និងអាជ្ញាធរថា បង្ក្រាបបានតែអ្នកដាក់មងតូចតាច មិនដែលបង្ក្រាបទូកនេសាទត្រី បានម្ដង១តោនឡើយ។ ចំណែកបង្ក្រាបឈើដូចគ្នា គឺបង្ក្រាបបានតែអ្នកកាប់អុសតូចតាច មិនដែលបង្ក្រាប់បានអ្នករកស៊ីឈើធំៗបានដែរ។

Tag:
 ហ៊ុន សែន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com