ជាតិ
ចិត្តគ្រូពេលឃើញសិស្សតស៊ូ! លោកគ្រូ ឌុក សុឫទ្ធី ចេញលុយទិញកាតាបថ្មីជំនួសការ៉ុង ![](https://image.thmeythmey.com/pictures/2023/11/12/121120231533front.jpg)
×![]()
ភ្នំពេញ៖ លោកគ្រូ ឌុក សុឫទ្ធី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្វាយ ស ដែលស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង និងជាអ្នកដែលបានផ្តល់ថវិកាទិញកាតាបរៀនថ្មី ដល់សិស្សម្នាក់របស់ខ្លួន ឈ្មោះ អ៊ីម អ៊ីឃាង ដែលមានជីវភាពលំបាក ដល់ថ្នាក់យកការ៉ុងមកដាក់សៀវភៅ។
តាមរយៈឃ្លីបវីដេអូជាង២នាទី ដែលបង្ហោះចេញគណនីហ្វេសប៊ុក លោកគ្រូ ឌុក សុឫទ្ធី កាលពីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ហើយត្រូវបានសាធារណជនចែករំលែកបន្តគ្នានោះ លោកគ្រូ សុឫទ្ធី រៀបរាប់ថា ថវិកាដែលខ្លួនជួយផ្តល់ទៅកូនសិស្សរបស់ខ្លួននេះ គឺព្រោះតែស្រឡាញ់នូវការតស៊ូរបស់សិស្សដែល នៅតែក្រាញននៀលនឹងការសិក្សា ទោះបីជាជីវភាពលំបាកលំបិនក៏ដោយ។
![](https://image.thmeythmey.com/pictures/2023/11/12/a1.jpg)
កុមារី អ៊ីម អ៊ីឃាង ទទួលបានកាតាបថ្មី។ រូបភាព៖ លោក សុខ លូ
ក្រៅពីរៀបរាប់នៅក្នុងឃ្លីបវីដេអូហើយ គ្រូបង្រៀនរូបនេះ ក៏បានបញ្ជាក់បន្ថែមតាមរយៈការពិពណ៌នាខ្លី នៅលើហ្វេសប៊ុកថា៖«គ្រូនៅតែលើកទឹកទឹកចិត្តកូន ឣ្វីដែលគ្រូជួយជាលុយផ្ទាល់របស់គ្រូ។ គ្រូពេញចិត្តនឹងជួយ ខំរៀនឡើង ឣនាគតកូននឹងល្ឣ។ ខ្ញុំជួយគាត់ក្នុងនាមជាគ្រូបន្ទុក(ថ្នាក់)របស់គាត់ ហើយឣ្វីដែលគាត់ទទួលបានពីខ្ញុំ ក៏គ្រប់គ្រាន់ដែរ មិនថាសៀវភៅ ប៉ិច ខ្មៅដៃ សំលៀក បំ ពាក់ជាដើម។»។
ក្រោយវីដេអូនេះត្រូវបានចែកចាយហើយនោះ ក៏មានសប្បុសជន បានជួយឧបត្ថម្ភបន្ថែម ដល់សិស្សរបស់ខ្លួនបន្តបន្ទាប់ដែរ ក្នុងនោះមានទាំងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ផងដែរ។
ក្នុងនាមជាគ្រូជាបន្ទុកថ្នាក់ និងជាគ្រូបង្រៀនម្នាក់ លោក ឌុក សុឫទ្ធី ពិតជារំភើបផង ក្តុកក្តួលផង ហើយក៏នៅតែបារម្ភដែរ។ ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរសព្ទ លោកគ្រូបន្ទុកថ្នាក់រូបនេះ បារម្ភថា សិស្សនឹងកាន់តែលំបាកចំពោះការចំណាយលើការសិក្សានៅពេលគេរៀននៅថ្នាក់មធ្យមសិក្សា ឬឧត្តមសិក្សា។ តែយ៉ាងណា លោកគ្រូ ឌុក សុឫទ្ធី នៅតែមានសង្ឃឹមថា សិស្សរបស់ខ្លួន នឹងបន្តពុះពារបានដើម្បីការសិក្សា ហើយក្លាយជាជំហរគ្រួសារវិញ នៅថ្ងៃអនាគត។
![](https://image.thmeythmey.com/pictures/2023/11/12/a2.jpg)
លោក ឌុប សុឫទ្ធី គឺជាគ្រូបង្រៀនរបស់ អ៊ីឃាង នៃសាលាបឋមសិក្សាស្វាយស។
កុមារីដែលតស៊ូទៅរៀនក្នុងស្ថានភាពលំបាក ដោយសុខចិត្តស្ពាយតាកាបរៀនដែលឪពុកច្នៃពីការ៉ុងពណ៌ខៀវមួយនោះ នឹងត្រូវបន្តការសិក្សាថ្នាក់ទី៧ នៅឆ្នាំសិក្សាថ្មី។ នាងរស់នៅជាមួយឪពុកម្តាយ និងមានបងប្អូន៣នាក់ ប៉ុន្តែម្តាយរបស់ កុមារីរូបនេះ មានជំងឺប្រចាំកាយ រីឯឪពុកជាអ្នករកចំណូលផ្គត់ផ្គង់គ្រួសារ។ ដ្បិតមានភារកិច្ចមើលថែម្តាយឈឺ គួបផ្សំនឹងជីវភាពខ្សត់ខ្សោយក៏ដោយ កុមារី អ៊ីម អ៊ីឃាង នៅតែឱហាត់សិក្សា។ កូនសិស្សថ្នាក់ទី៦ របស់លោកគ្រូ ឌុក សុឫទ្ធី សុខចិត្តសុំគ្រូទៅរៀនយឺត ប៉ុន្តែមិនដែលខកខានទៅសាលានោះឡើយ៕
![](https://image.thmeythmey.com/pictures/2023/11/12/a3.jpg)
លោក សុខ លូ ផ្តល់កាតាប និងអំណោយដល់គ្រួសារ កុមារី អ៊ីម អ៊ីឃាង។
© រក្សាសិទ្ធិដោយ thmeythmey.com