កីឡាជាតិ
ជាតិ
កីឡាករប្រដាល់គុនខ្មែរ អាចមានបញ្ហាសុខភាព បើបន្ដរត់ក្រោមកម្ដៅថ្ងៃ ៤០អង្សា ![លោក រីក គី ពាក់អាវខ្មៅរត់មុខគេ ដឹកនាំសិស្សប្រដាល់ រូបពីហ្វេសប៊ុក Ricky Sun](https://image.thmeythmey.com/pictures/2024/05/02/a__1_.jpg)
លោក រីក គី ពាក់អាវខ្មៅរត់មុខគេ ដឹកនាំសិស្សប្រដាល់ រូបពីហ្វេសប៊ុក Ricky Sun
×![]()
ក្លិបប្រដាល់គុនខ្មែរខ្លារខិនមានឬទ្ធិ បានផ្លាស់ប្ដូរម៉ោងហ្វឹកហាត់ ពីម៉ោង៣រសៀល ទៅចាប់ផ្តើមពីម៉ោង ៤ រសៀលវិញ ដោយសារកម្តៅឡើងខ្ពស់។ លោក រីក គី ប្រធានក្លិបប្រដាល់គុនខ្មែរខ្លារខិនមានឬទ្ធិ បានបញ្ជាក់ពីមូលហេតុថា ធាតុអាកាសក្ដៅខ្លាំង បណ្ដាលឲ្យមានផលប៉ះពាល់ដល់សុខភាពកីឡាករ-កីឡាការិនី នៅពេលហ្វឹកហាត់រត់។
ក្លិបប្រដាល់គុនខ្មែរខ្លារខិនមានឬទ្ធិ ដែលមានទីតាំងនៅខ័ណ្ឌឬស្សីកែវ មានសិស្សចំនួន៣០នាក់។ សិស្សប្រុសទាំងអស់នោះ តែងចេញហាត់រត់នៅតាមផ្លូវ ចាប់ពីម៉ោង៣ រសៀល។
ដោយឡែក ១ខែមុនពេលចូលឆ្នាំខ្មែរ លោក រីក គី ប្រធានក្លិប និងជាគ្រូបង្វឹក ក៏បានផ្លាស់ប្ដូរម៉ោងហ្វឹកហាត់ ដោយសារសីតុណ្ហភាពឡើងក្ដៅរហូតដល់ ៤០អង្សា។
![](https://image.thmeythmey.com/pictures/2024/05/02/a__2_.jpg)
សិស្សប្រដាល់ខ្លារខិនមានឬទ្ធិ ហូបអាហារថ្ងៃត្រង់ រូបពីហ្វេសប៊ុក លោក រីក គី
គ្រូបង្វឹករូបនេះ បញ្ជាក់ថា កីឡាករ នឹងមានបញ្ហាសុខភាព ដោយសាររត់ក្រោមកម្ដៅក្ដៅពេក។ កន្លងមក កីឡាករខ្លះ បានឈឺដោយសារបញ្ហានេះ។ «ពេលយើងហាត់ក្រោមកម្ដៅថ្ងៃក្ដៅពេក ធ្វើឲ្យកីឡាកររបស់យើង ដង្ហក់។ យើង ដូរមកម៉ោង ៤-៦វិញ ធ្វើឲ្យកីឡាករយើង មិនដង្ហក់ ហើយក៏មិនប៉ះពាល់ដល់សុខាភាពកីឡាករដែរ។»។ លោក រីក គី បាននិយាយដូច្នេះ។
ការហ្វឹកហាត់ នឹងចាប់ផ្ដើមពីម៉ោង៤-៦ រសៀល មានដូចជារត់ ហ្វឹកហាត់ទាត់ ទាត់ខ្យល់ លោតលើសម្បកកង់ឡាន ជាដើម៕
Tag:
រីកគី
ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com