ជាតិ
រដូវកាលសាវម៉ាវ! ម្ចាស់ចម្ការម្នាក់នៅស្រុកចំការលើ បើកប៊ូហ្វេសាវម៉ាវម្នាក់១ម៉ឺនរៀល
11, May 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ចម្ការតាថន ជាឈ្មោះចម្ការមានផ្លែឈើដាំដុះច្រើនមុខ ដែលមានទីតាំងនៅស្រុកចំការលើ ខេត្តកំពង់ចាម។ លោក ថន ចាន់ធឿន ម្ចាស់ចម្ការតាថន បានលើកឡើងថា​​ នេះជាឆ្នាំទី៣ហើយ ដែលលោក បើកកម្មវិធីប៊ូហ្វេសាវម៉ាវ ដោយ១ម្នាក់មានតម្លៃ ១ម៉ឺនរៀល និងអាចបរិភោគតាមចិត្ត មិនកំណត់ម៉ោងនោះឡើយ។



ចម្ការ មានអាយុកាលជាង៣០ឆ្នាំនេះ និងមានផ្ទៃដី ១៨ហិកតា គឺជាមុខរបរលក្ខណៈគ្រួសាររបស់សមាជិក«ចម្ការតាថន»។ ក្រៅពីដំណាំសាវម៉ាវ ចម្ការតាថន មានទាំង ដំណាំទុរេន មង្ឃុត ម៉ាក់ប្រាង និងបំពេញរាជ្យជាដើម។ ដោយឡែក អតិថិជន អាចចូលកម្សាន្តក្នុងចម្ការ ដើម្បីដើរបេះផ្លែសាវម៉ាវ តាមចំណង់ ដោយគ្រាន់តែបង់ប្រាក់តម្លៃ ១ម៉ឺនរៀលប៉ុណ្ណោះ។​ 
 
លោក ថន ប៊ុនធឿន បានប្រាប់សារព័ត៌មានឌីជីថលThmeyThmey ថា កម្មវិធីប៊ូហ្វេនេះ លោកបានបើកតាំងពីថ្ងៃ៨ ឧសភាមក ដែលជារដូវកាលប្រមូលផលសាវម៉ាវ។ តាមរយៈការបង្ហោះលើហ្វេសប៊ុកផេកកន្លងមក គឺទទួលបានការគាំទ្រច្រើន និងមានភ្ញៀវមកជារៀងរាល់ថ្ងៃ។ ចម្ការនេះ បើកស្វាគមន៍ភ្ញៀវ ចាប់ពីម៉ោង​៧ព្រឹក រហូតដល់ម៉ោង៦ល្ងាច។



«ភ្ញៀវភាគច្រើនជាអ្នកចម្ងាយ ខ្លះមកពីព្រៃវែង កំពង់ធំ ភ្នំពេញ  និងខេត្តផ្សេងៗទៀត។ ភ្ញៀវមានរាល់ថ្ងៃ ប៉ុន្តែថ្ងៃដែលសម្បូរភ្ញៀវច្រើនជាងគេ គឺថ្ងៃសៅរ៍ អាទិត្យ។ ហើយក្រៅពី សាវម៉ាវ យើងក៏មានប៊ូហ្វេទុរេន ដោយម្នាក់១០ដុល្លារ តែត្រូវកក់ទុកមុន ព្រោះយើងជាអ្នកប៉ះទុរេនឱ្យគាត់។ ភ្ញៀបមិនអាចប៉ះខ្លួនឯងបានទេ។»  លោក ថន ប៊ុនធឿន ម្ចាស់ចម្ការតាថន ពន្យល់បែបនេះ។
 
ម្ចាស់ចម្ការរូបនេះ បន្ថែមថា ទិន្នផលស្ទើរតែគ្រប់មុខក្នុងឆ្នាំនេះរៀងធ្លាក់ចុះជាងឆ្នាំមុន ព្រោះកត្តាអាកាសធាតុ ប៉ុន្តែតម្លៃគឺមិនខុសពីឆ្នាំមុននោះឡើយ។ សាវម៉ាវ ១គីឡូក្រាម មានតម្លៃ១ម៉ឺនរៀល ចំណែកទុរេន មានតម្លៃចាប់ពី២០០០០រៀល ទៅ ២៦០០០រៀល។ លោក បន្តថា​នាឆ្នាំនេះ ការនាំចេញឱ្យឈ្មួញ នឹងកាត់បន្ថយ ព្រោះលោក ចង់ទុកទិន្នផលទំាងនេះ សម្រាប់ឱ្យអតិថិជន មកជាវនៅចម្ការរបស់លោកផ្ទាល់ច្រើនជាង៕






Tag:
 ThmeyThmey
 សាវម៉ាវ
  ថន ប៊ុនធឿន
  ចំការលើ
 កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com