ជាតិ
ចំណីសត្វស្លាបធ្លាក់ចុះ បានប៉ះពាល់ដល់ការផ្លាស់ទី និងកំណើនសត្វស្លាប
12, May 2024 , 8:09 pm        
រូបភាព
ភ្នំពេញ៖  នាសប្តាហ៍ទី២នៃខែឧសភា ជាថ្ងៃនៃទិវាសត្វស្លាប ដែលតែងប្រារព្ធជារៀងរាល់ឆ្នាំ។ យុទ្ធនាការនៃឆ្នាំនេះ បានផ្តោតសំខាន់លើប្រធានបទ សារៈសំខាន់សត្វល្អិតសម្រាប់ពពួកសត្វស្លាបទេសន្តរប្រវេសន៍។ ការធ្លាក់ចុះពពួកសត្វល្អិត ដែលជាចំណីរបស់សត្វស្លាប ​ធ្វើឱ្យមានក្តីបារម្ភពីការថយចុះសត្វស្លាបដូចគ្នា។

 
ទិវាសត្វស្លាបទេសន្តរប្រវេសន៍នេះ ត្រូវបានផ្តួចផ្តើមធ្វើឡើងចាប់តាំងពីឆ្នាំ២០០៦ ហើយ ក៏ជាយុទ្ធនាការអប់រំផ្សព្វផ្សាយប្រចាំឆ្នាំ ដែលធ្វើឡើងដើម្បីអភិរក្ស ប្រភេទសត្វស្លាប ទេសន្តរប្រវេសន៍ និងទីជម្រករបស់វា។ ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលផ្លាស់ទី  ឆ្លងតំបន់  ឆ្លងដែន ដែលប្រភេទមួយចំនួនអាចហើរបាន រាប់រយនិងរាប់ពាន់គីឡូម៉ែត្រដើម្បី ស្វែងរកប្រព័ន្ធអេកូឡូស៊ី និងជម្រកសមស្របដើម្បី រស់នៅ បន្តពូជ និងចិញ្ចឹមកូនរបស់វា។ 
 
សត្វល្អិត ជាអាហារថាមពលដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ ជាច្រើនប្រភេទ មិនត្រឹមតែនៅរដូវបន្តពូជប៉ុន្នោះទេថែមទាំង នៅអំឡុងពេលធ្វើដំណើដ៏វែងឆ្ងាយរបស់វា។ ការធ្វើបម្លាស់ទីចម្ងាយឆ្ងាយរបស់សត្វស្លាប មានភាពសកម្មក្នុងការស្វែងរកសត្វល្អិត ដែលជាអាហារថាមពលរបស់ខ្លួននៅតាមទីវាល។



តួយ៉ាងសត្វស្លាប នឹងផ្លាស់ទីទៅតាមរដូវកាលនីមួយៗ និងតំបន់ណាដែលមានវត្តមានសត្វល្អិត ដូចជា តំបន់ព្រៃ តំបន់ដីសើមនិងទីជម្រកជាច្រើនទៀត។ តំបន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ រកចំណី ធ្វើសំបុកពងកូន និងជាកន្លែងសម្រាក បំពេញថាមពលឡើងវិញ ក្នុងអំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយ របស់សត្វស្លាបទេសសន្តរប្រវេសន៍។
 
យ៉ាងណាមិញ កត្តាមជ្ឈដ្ឋានដូចជា ការបាត់បង់ជម្រកសត្វល្អិត វាលស្មៅជាដើម ការប្រើប្រាស់ថ្នាំពុលកសិកម្ម សម្រាប់ការពារដំណាំ ពីសត្វល្អិត ការកង្វះអាហារថាមពល និងប្រូតេអ៊ីន បានរំខានដល់លការស្វែរកចំណីរបស់សត្វស្លាប។ ការបាត់បង់នូវចំនួនសត្វល្អិត នៅកន្លែងបន្តពូជ ពងកូន និងកន្លែងធ្វើបម្លាស់់ទីបានគំរាមកំហែងដល់សុខុមាលភាព និងការរស់រានមានជីវិតរបស់ សត្វស្លាប។ រួមទាំង ការបន្តពូជរបស់សត្វស្លាប ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងការកើនឡើងអត្រាមរណភាពសម្រាប់សត្វស្លាប ពេញវ័យ និងកូនចៅរបស់វា។



ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម គឺជាប្រព័ន្ធអេកូឡូស៊ីដែលសំបូរដោយសត្វល្អិត ដែលមានលក្ខណៈ អំណោយផលខ្លាំងដល់សត្វស្លាបទេសន្តរប្រវេសន៍ ក្នុងការរស់នៅ បន្តពូជ និងបង្កើនថាមពលសម្រាប់ការធ្វើបម្លាស់ទីរបស់ខ្លួន។ 
 
សូមបញ្ជាក់ថា កម្ពុជាមានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ៣០ភាគរយ នៃផ្ទៃប្រទេស ហើយតំបន់ ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅ ស្នាក់អាស្រ័យរកចំណីយ៉ាងសំខាន់សម្រាប់ សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ដែលទ្រទ្រង់ សោភណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ៕

Tag:
 ThmeyThmey
  ទិវាសត្វស្លាប
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com