ជាតិ
សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបគ្រឿងញៀនជិត៦០គីឡូក្រោម និងអាវុធ៨ដើម នៅសណ្ឋាគារមួយកន្លែង
13, May 2024 , 10:29 am        
រូបភាព
សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ រូបពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ រូបពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ ក្រុមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ និងបង្រ្កាបករណី កាន់កាប់អាវុធខុសច្បាប់ រួមទាំងផលិត និងជួញដូរគ្រឿងញៀន នៅសណ្ឋាគារមួយ​កន្លែង ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិនបាន១នាក់។

 
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញផ្សាយលើទំព័ហ្វេសប៊ុកថា ការចុះបង្ក្រាបនេះ សមត្ថកិច្ចរកឃើញសារធាតុញៀន៥៨គីឡូ ក្នុងនោះមានសារធាតុញៀនប្រភេទមេតំហ្វតាមីន (ICE), សារធាតុញៀនប្រភេទមេតំហ្វេតាមីន (WY), សារធាតុញៀនប្រភេទកេតាមីន (K) និងសារធាតុញៀនប្រភេទអ៉ិចស្ដាស៊ី (MDMA)។ 
 
ជាមួយគ្នានេះ សមត្ថកិច្ចរកឃើញជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៤គ្រឿង, ផ្លាកលេខរថយន្ដចំនួន៤ផ្លាក, ឧបករណ៍ផលិត កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។ ក្នុងប្រតិបត្តិការ​នេះ សមត្ថកិច្ចក៏ដកហូត អាវុធបានចំនួន៨ដើម។ អាវុធទាំងនេះ មានអាវុធវែង៣ដើម មានម៉ាកAKM, EKOL 9MM P.A និងម៉ាកLITTLE BADGER-ITALY។ ចំណែកអាវុធខ្លីមាន៥​ដើម មានម៉ាកGLOCK 17 GEN4-AUSTRIA, SIGSAUER, ZORAKI M906-T, ZORAKI 4918-TD និងBERETTA-MCO 950 B-CAL635។ 
 
ទន្ទឹមនឹងនេះ សមត្ថកិច្ចបានរកឃើញគ្រាប់អាវុធប្រភេទអឹមសី ចំនួន១១៣គ្រាប់, គ្រាប់ប្រភេទ AK ចំនួន១០២ គ្រាប់, គ្រាប់អាវុធប្រភេទ៣៨០ ចំនួន២១៩គ្រាប់, គ្រាប់អាវុធប្រភេទ​៩mm ចំនួន១៥០គ្រាប់ និងគ្រាប់អាវុធប្រភេទបេអាតា ចំនួន៧៥គ្រាប់។ ក្រៅពីនេះ មានបំពង់ទប់សំឡេងអាវុធ៣ និងគ្រាប់បែកក្រឡាទាប១ផងដែរ។ 
 
ក្រោមពេលចុះបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ ហើយសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ៕ 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com