ជាតិ
ខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូត៖ ទូតឥណ្ឌូណេស៊ី ផ្តល់ការពិនិត្យសុខភាពឥតគិតថ្លៃ ជូនអ្នកខេត្តព្រះសីហនុ ![លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។](https://image.thmeythmey.com/pictures/2024/05/20/20520241641a.jpg)
លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។
×![]()
ស្ថានទូតឥណ្ឌូណេស៊ី នឹងផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ដល់សាធារណជន នៅខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៨-៩ ខែមិថុនា ខាងមុខ។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសអបអរខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី និងដើម្បីឱ្យពលរដ្ឋនៃប្រទេសទាំង២ គិតគូរពីសុខភាពជាចម្បង។ នេះបើតាម លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ឧសភានេះ។
បើតាមលោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក្រៅពីកម្មវិធីពិនិត្យសុខភាពនេះ នៅមានកម្មវិធីចំនួន២ទៀត ដែលត្រូវរៀបចំឡើង ដើម្បីអបអរខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូណេស៊ី នៅឆ្នាំ២០២៤នេះ។ កម្មវិធីទាំង២នោះ គឺ ការជួយឧបត្ថម្ភសាលាក្នុងខេត្តព្រៃវែង និងសួស្ដីឥណ្ឌូណេស៊ីនៅភ្នំពេញ។
ចំពោះការពិនិត្យសុខភាពឥតគិតថ្លៃ នៅខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ នឹងពិនិត្យឈាម រកជាតិស្ករ កូលេស្តេរ៉ុល និងអាស៊ីត ដោយចំណាយពេលតែ១០ ទៅ១៥នាទីប៉ុណ្ណោះ។ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានលើកឡើងបែបនេះ ហើយបន្ថែមថា៖ «ការជ្រើសរើសខេត្តព្រះសីហនុ ជាខេត្តគោលដៅពិនិត្យសុខភាព និងលើកទឹកចិត្តឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អ ក្នុងចំណោមពលរដ្ឋកម្ពុជា និងឥណ្ឌូនេស៊ី ដែលរស់នៅក្នុងប្រទេសកម្ពុជា ហើយមន្ត្រីក្នុងខេត្តក៏មានការជួយជំរុញសកម្មភាពនេះ។ ហេតុផលមួយទៀត គឺពលរដ្ឋឥណ្ឌូណេស៊ី រស់នៅក្នុងខេត្តព្រះសីហនុច្រើន ប្រមាណ១ម៉ឺននាក់»។
ក្រៅពីផ្តល់ការពិនិត្យសុខភាព ស្ថានទូត នឹងផ្សព្វផ្សាយផលិតផលសុខភាព និងឱសថរបស់ប្រទេសឥណ្ឌូណេស៊ី ដែលមានវត្តមាននៅទីផ្សារកម្ពុជាដែរ។
សម្រាប់សកម្មភាព២ទៀត ត្រូវបានលោក សាន់តូ ដាម៉ូស៊ូម៉ាតូ បញ្ជាក់ថា ក្រុមការងារ ស្ថានទូត នឹងចុះសាលារៀនមួយក្នុងនៅខេត្តព្រៃវែង ដែលជាសាលាមិត្តភាពឥណ្ឌូណេស៊ី-កម្ពុជា ខេត្តព្រៃវែង ដើម្បីជួយជួសជុលបរិក្ខាមួយចំនួន ដូចជា តុ កៅអី បង្គន់ជាដើម។
ចំណែក ពិព័រណ៍ សួស្ដីឥណ្ឌូណេស៊ី (Sousdey Indonesia) នឹងរៀបចំឡើងពីថ្ងៃទី១ ៣-១៤កញ្ញា នៅកោះពេជ្រ ដោយនឹងមានស្តង់ចំនួន១០០ សម្រាប់ក្រុមហ៊ុនឥណ្ឌូណេស៊ី និងអ្នកចែកចាយកម្ពុជា ដែលនាំចូលផលិតផលឥណ្ឌូណេស៊ីមកកម្ពុជា។ ក្នុងគោលបំណងនៃពិព័រណ៍នេះ គឺដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ អប់រំ សិល្បៈ ម្ហូបអាហារ និងវប្បធម៌ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com