ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ផលិតផលខ្មែរជាង១៦០០មុខ កំពុងដាក់លក់លើ Alibaba
28, May 2024 , 7:59 pm        
រូបភាព
រូបភាព៖ លោក ឃឹម ហ្វីណង់ - Khim Finan
រូបភាព៖ លោក ឃឹម ហ្វីណង់ - Khim Finan
ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលផ្តល់ឱកាសឱ្យសហគ្រាសធុនតូច និងមធ្យម អាចទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។ មកទល់ពេលនេះ មានផលិតផលខ្មែរជាង១៦០០មុខហើយ បានដាក់លក់នៅលើ Alibaba។



លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ឧសភានេះ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន Alibaba ដើម្បីផ្សព្វផ្សាយ និងដាក់លក់ផលិតផលកម្ពុជា នៅលើថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក (eWTP)។ បច្ចុប្បន្ន​ មានផលិតផលខ្មែរជាង១៦០០មុខ បានដាក់លក់នៅលើ Alibaba ក្នុងនោះ មានផលិតផលកសិកម្ម,ឧស្សាហកម្ម, សិប្បកម្ម,ជលផល, វាយនភណ្ឌសម្លៀកបំពាក់ និងស្បែកជើងជាដើម។ 
 
Alibaba គឺជាទីផ្សារអេឡិចត្រូនិកដ៏ធំមួយនៅលើពិភពលោក ដែលមានអ្នកទិញមានគ្រប់ជាតិសាសន៍។ តាមរយៈក្រុមហ៊ុនចិនមួយនេះ បានជំរុញការលក់ទំនិញរប​ស់កម្ពុជាកាន់តែជឿនលឿន​ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ នៅក្នុងបញ្ចកោណទី២ ស្តីពី «ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និងបញ្ចកោណទី៥ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ច, សង្គមឌីជីថល និងការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥»។
 
លោក ប៉ែន សុវិជាតិ ប្រាប់ដូច្នេះថា៖« រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ចាត់ទុកដាក់ Alibaba គឺជាការបើកច្រកទីផ្សារថ្មីមួយទៀត ដើម្បីនាំផលិតផលខ្មែរទៅក្រៅប្រទេស។ នេះគឺជាឱកាសមួយផ្សារភ្ជាប់អ្នកលក់ និងអ្នកទិញនៅក្រៅប្រទេស ហើយវាក៏ជំរុញដល់ការលក់ទំនិញរបស់យើងតាមប្រព័ន្ធអេឡិចត្រូនិក កាន់តែជឿនលឿនថែមទៀត ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល»។ 
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ 

បើតាមទំព័រហ្វេសប៊ុករបស់ សម្ដេច ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៧ ឧសភា ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រុមហ៊ុន Alibaba ក្នុងការបើកពន្លាជាតិកម្ពុជា នៅក្នុងផ្សារពាណិជ្ជកម្ម Alibaba.com នៅខែកញ្ញាខាងមុខ នៅក្នុងព្រឹត្តការណ៍អម ពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន និងចូលរួមសហការក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជាបន្ថែមទៀត នៅក្នុងព្រឹត្តការណ៍ពិព័រណ៍ផ្សេងៗទៀតផងដែរ។ 
 
លោក ប៉ែន សុវិជាតិ​ បានបន្ថែមថា ពន្លាជាតិ គឺជាបណ្ដុំនៃផលិតផលខ្មែរក្នុងថ្នាលតែមួយ។ ដូច្នេះ ការបើកពន្លាជាតិនៅក្នុងផ្សារពាណិជ្ជកម្ម Alibaba នឹងបង្កភាពងាយស្រួលដល់អ្នកចូលមើល និងអ្នកទិញ។
 
លោក ប្រាប់ដូច្នេះថា៖« ការបើកឱ្យមានពន្លាជាតិក្នុងAlibaba គឺដើម្បីឱ្យអ្នកទិញងាយស្រួលចូលមើល ឬបញ្ជាទិញផលិតផលខ្មែរ​បានលឿនជាងមុន។ លើសពីនេះ វាផ្ដល់លទ្ធភាពឱ្យអ្នកទិញ ផ្សារភ្ជាប់ជាមួយអ្នកលក់បានងាយស្រួលជាងមុនផងដែរ»។ 
 
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នមានក្រុមហ៊ុនខ្នាតតូច និងមធ្យមជាច្រើន បានខិតខំចុះឈ្មោះ ដើម្បីភ្ជាប់ជាមួយទីផ្សារ Alibaba។ លោក យល់ថា សហគ្រាសតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ដែលមានតួនាទីផលិតទំនិញសម្រាប់ដាក់លក់នៅលើទីផ្សារ។ ហេតុនេះ អ្នកផលិតទាំងអស់ត្រូវត្រៀមខ្លួនប្រកួតប្រជែង ទាំងគុណភាព អនាម័យ ការវេចខ្ចប់ តម្លៃ និងស្ថិរភាពនៃផ្គត់ផ្គង់ជូនអតិថិជន។
 
លោក ប៉ែន សុវិជាតិ ប្រាប់ដូច្នេះថា៖«ពិតណាស់! សហគ្រាសតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ដែលមានតួនាទីផលិតទំនិញសម្រាប់ដាក់លក់។ ដូច្នេះ មិនថាទីផ្សារអេឡិចត្រូនិក ឬទីផ្សារដោះដូតាមបែបប្រពៃណីនោះទេ ទំនិញទាំងអស់ចាំបាច់ត្រូវមានគុណភាព វេចខ្ចប់ និរន្តរភាពនៃការផ្គត់ផ្គង់ និងតម្លៃសមរម្យ ទើបអាចមានភាពប្រកួតប្រជែងជាមួយគេបាន»។
 
ក្រៅតែពី Alibaba កម្ពុជាក៏កំពុងសម្លឹកឃើញទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំៗមួយចំនួនទៀតដែរ ដូចជា amazon និងLazada ដើម្បីពង្រីកវិសាលភាពក្នុងការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិថែមទៀត។

ពិធីបើកសិក្ខាសាលាស្តីពី«លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba

បើតាម លោក ប៉ែន សុវិជាតិ តាមរយៈការធ្វើពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិកនេះ នឹងជំរុញទំហំពាណិជ្ជកម្មកម្ពុជា និងពិភពលោកកាន់តែរីកចម្រើន ជាពិសេសចិន។​ កម្ពុជា-ចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយលក្ខខណ្ឌសម្របសម្រួល ភូតគាមអនាម័យ និងការអនុលោមផ្នែកបច្ចេកទេសផ្សេងត្រូវបានកំណត់រួចរាល់ ដូច្នេះ វាបានជួយដល់ការនាំចេញទំនិញរបស់កម្ពុជា​ទៅកាន់ទីផ្សារចិន កាន់តែងាយស្រួល។​ 
 
លោក ប្រាប់ដូច្នេះថា៖«កម្ពុជា-ចិន យើងមានលក្ខខណ្ឌសម្របសម្រួល ភូតគាមអនាម័យ និងការអនុលោមផ្នែកបច្ចេកទេសផ្សេងត្រូវបានកំណត់រួចរាល់ ដូច្នេះ វាបានជួយដល់ការនាំចេញទំនិញរបស់កម្ពុជា​ទៅកាន់ទីផ្សារចិន មានភាពងាយស្រួល។​ ហេតុនេះ យើងមានក្ដីរំពឹងខ្ពស់ថា ទំហំពាណិជ្ជកម្មវាងកម្ពុជា និងចិន នឹងកាន់តែរីកចម្រើន ហើយទំហំពាណិជ្ជកម្មរបស់យើង ជាមួយពិភពដែលកំពុងរីកចម្រើន នឹងបន្តរីកចម្រើនថែមទៀត តាមរយៈការចូលរួមធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ»។ 
 
ក្នុងពិធីបើកសិក្ខាសាលាស្តីពី«លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com» នៅថ្ងៃទី២៦ ឧសភា លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជា សិក្សាអំពីលទ្ធភាពក្នុងការចូលរួមជាមួយផ្សារពាណិជ្ជកម្ម Alibaba ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ​ផ្សេងៗទៀត។ តាមរយៈទីផ្សារអេឡិចត្រូនិកមួយនេះ នឹងធ្វើឱ្យកិត្តិនាមផលិតផលកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងទទួលស្គាល់ពីគុណភាព ស្តង់ដាររបស់ខ្លួនពីអ្នកប្រើប្រាស់អន្តរជាតិបាន។
 
ដើម្បីជំរុញការលក់ផលិតផលខ្មែរនៅលើ Alibaba.com លោកស្រី រដ្ឋមន្រ្តី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ រៀបចំគោលការណ៍ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្លាល Alibaba ដើម្បីឱ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់។
 
លើសពីនេះ ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជនដែលមានផលិតផលសក្តានុពល អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និងអាចនាំចេញបានតាមរយៈយន្តការនេះ។ សហការជាមួយក្រុមហ៊ុន Alibaba លើការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួននិងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕ 

Tag:
 កសិកម្ម
  ពាណិជ្ជកម្ម
  Alibaba
© រក្សាសិទ្ធិដោយ thmeythmey.com