សម្តេច ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ ជាមួយនឹងប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងកំណត់បញ្ហាប្រឈម ដែលអាចកើតឡើងជាយថាហេតុរបស់កម្ពុជា ពីការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងអនុវត្តវិធានការគាំទ្រចាំបាច់ដើម្បីធានាការចាកចេញប្រកបដោយ រលូន និងចីរភាព។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៣ មិថុនា សម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ ចំនួន១២ និងស្ថាប័នដែលជាប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចំនួន១៧។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី៤មិថុនា ជំនួបពិភាក្សានេះជាព្រឹត្តិការណ៍ដំបូងសម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការប្តេជ្ញាធ្វើដំណើររួមជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅ កម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិក្នុងតំបន់ ប្រកបដោយភាពស្វាហាប់ និងស៊ីចង្វាក់។
សម្តេច ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ជំនួបពិភាក្សា ប្រឆ្នាំ២០២៤ បានដំណើរការក្រោមមូលបទ «ពង្រីកសមត្ថភាពផលិតសំដៅឈានទៅការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» អមដោយប្រធានបទចំនួន ២ គឺ«ជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអប់រំ» និង «ពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន»។
សូមរំឭកថា កាលពីឆ្នាំ២០២១ កម្ពុជាបំពេញបាននូវលក្ខណៈវិនិច្ឆ័យទាំង៣ លើកទីមួយ ដើម្បីត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ លក្ខណៈវិនិច្ឆ័យទាំង៣ ដែលវាយតម្លៃដោយ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ រួមមាន ១.ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ត្រូវធំជាង១ ២២២ដុល្លារ ខណៈកម្ពុជាមានប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ស្មើនឹង ១ ៣៧៧ដុល្លារ នៅឆ្នាំ២០២១។ ២. សន្ទស្សន៍ធនធានមនុស្ស ត្រូវមានតម្លៃស្មើ ឬធំជាង៦៦ ហើយកម្ពុជាទទួលបានពិន្ទុ ៧៤,៣។ ទី៣. សន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និងបរិស្ថាន ត្រូវមានតម្លៃស្មើឬតូចជាង ៣២ ហើយកម្ពុជាទទួលបានពិន្ទុ ៣០,៦។
នៅឆ្នាំ២០២៤នេះ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ នឹងវាយតម្លៃអំពីលក្ខណៈវិនិច្ឆ័យទាំង៣ ជាថ្មី ខណៈសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ លើកទី៦០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៤ មិថុនានេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នឹងវាយតម្លៃអំពីស្ថានភាពនៃភាពងាយរងគ្រោះរបស់កម្ពុជា។
បើសិនជាកម្ពុជា ជោគជ័យនៅក្នុងការវាយតម្លៃលើកទីពីរនេះ កម្ពុជាមានពេល ៣ឆ្នាំ ឬ ៥ឆ្នាំ សម្រាប់ត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ មានន័យថានៅឆ្នាំ២០២៧ ឬឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៕