ជាតិ
ក្រសួងបរិស្ថាន គ្រោងដាក់ភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត
08, Jun 2024 , 1:59 pm        
រូបភាព
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន គ្រោងរៀបចំតំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត(Go-Park) ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី។ ការពិចារណាដាក់តំបន់ទាំងពីរនេះទៅជាសួនឧទ្យានភូគម្ភសាស្រ្ត គឺធ្វើឡើងក្នុងជំនួបរវាងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់ JICA នារសៀលថ្ងៃទី ៧ ខែមិថុនា នៅទីស្តីការក្រសួងបរិស្ថាន។



បើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន តំបន់ឧទ្យានអង្គវត្ត និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងបំរើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផងដែរ។ 
 
តំបន់ការពារធម្មជាតិភ្នំគូលែន ឬឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន ជាទីតាំងប្រវត្តិសាស្រ្តដ៏មានសារសំខាន់មួយ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្រ្តច្រើនប្រភេទមានដូចជា សំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ ប្រព័ន្ធទឹកធម្មជាតិ និងសហគមន៍។ តំបន់នេះ មានផ្ទៃដីទំហំ ៣៧ ៣៧៣ ហិកតាមានប្រភពទឹកធំៗប្រមាណ៥០កន្លែង និងមានអាងស្តុកទឹកធំៗជាង១០ ដែលមានទីតាំងនៅចំកណ្តាលខេត្តសៀមរាប និងមានតួនាទីជាអ្នកផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងខេត្ត។
 
ចំណែក ភ្នំណាមលៀរ ស្ថិតនៅទីតាំងខេត្តមណ្ឌលគិរី ដែលមានផ្ទៃក្រឡា៤៧.៥០០ ហិកតា។ តំបន់នេះ សម្បូរដោយតំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ និងសត្វព្រៃ ជាពិសេសថ្មភ្នំណាមលៀរដែលផុសនៅចំកណ្ដាលព្រៃព្រឹក្សា និងទឹកជ្រោះបានទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាយ៉ាងច្រើនកុះករ៕ 
 

Tag:
 ក្រសួងបរិស្ថាន
  ភ្នំគូលែន
  ណាមលៀរ
  ឧទ្យានភូគម្ភសាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com