ជាតិ
កម្ពុជា នឹងរៀបចំការប្រឡងកំណាព្យ ចម្រៀង និងគំនូរ ដើម្បីរំលឹកខួបលើកទី៤៧នៃការផ្ដួលរបបប៉ុល ពត
08, Jun 2024 , 4:09 pm        
រូបភាព
បុរសម្នាក់ឈរស្មូតកំណាព្យក្នុងថ្ងៃទិវាគ្រូបង្រៀនពិភពលោក ៥ តុលា ២០២២។ រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
បុរសម្នាក់ឈរស្មូតកំណាព្យក្នុងថ្ងៃទិវាគ្រូបង្រៀនពិភពលោក ៥ តុលា ២០២២។ រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
គណៈកម្មការអន្តរក្រសួង នឹងរៀបចំការប្រឡង និពន្ធកំណាព្យ បទចម្រៀង និងគូរគំនូរ ក្នុងពិធី​រំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧- ២០ ខែមិថុនា ឆ្នាំ២០២៤។ ការប្រឡងនេះ គឺធ្វើក្នុងគោលបំណងបំផុសព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ កាន់តែមានការផុលផុសដល់គ្រប់ស្រទាប់មហាជន។



លោក សៅ សុខា ប្រធានគណៈកម្មការអន្តរក្រសួង បានដាក់ចេញវិញ្ញាសាប្រឡង ភ្ជាប់ខ្លឹមសារ និងអត្ថន័យពាក់ព័ន្ធព្រឹត្តិការណ៍ធំៗ ដូចជា ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា,  ការយកជីវិតធ្វើដើមទុនរបស់សម្តេច ហ៊ុន សែន ដែលបានចាកចេញពីកម្ពុជា នៅម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។  ការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយមហាជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩,ការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងទី៥ គឺការអភិវឌ្ឍប្រទេសកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា និងលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន។ 
 
ជ័យលាភីលេខ១ នឹងទទួលបានថវិកា៤លានរៀល, លេខ២ បាន៣លានរៀល , លេខ៣បាន២លានរៀល, លេខ៤ បាន១លានរៀល និងលេខ៥ ទទួលបាន៥០ម៉ឺនរៀល។ បេក្ខជន និងបេក្ខនារី អាចទទួលពាក្យនិងដាក់ពាក្យ ចាប់ពីថ្ងៃទី៨ ដល់១៦ ខែមិថុនា នៅនាយកដា្ឋន សៀវភៅនិងការអាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានទីតាំងនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ឬទាកទងតាមលេខទូរសព្ទ ០១១ ៨៥០ ០៩៤, ០១២ ៨៣២ ២២៨, ០៨៨ ៨២៣ ៤៥៦ ៨៕ 

Tag:
 របបប្រល័យពូជសាសន៍ប៉ុល ពត
  កំណាព្យ
  គណៈកម្មការអន្តរក្រសួង
© រក្សាសិទ្ធិដោយ thmeythmey.com