ជាតិ
អង្គការ World Vision ជួយកុមារ១,៥លាននាក់ ឱ្យទទួលបានការអប់រំ និងអាហារូបត្ថម្ភប្រសើរឡើង
08, Jun 2024 , 9:09 pm        
រូបភាព
នៅឆ្នាំ២០២៣ អង្គការទស្សនៈពិភពលោក (World Vision) បានជួយកុមារកម្ពុជាប្រមាណ១,៥លាននាក់ រស់នៅខេត្តចំនួន២០ និងជាយរាជធានីភ្នំពេញ ឱ្យទទួលបានទឹកស្អាត ការអប់រំ សេវាថែទាំសុខភាព និងអាហារូបត្ថម្ភកាន់តែប្រសើរឡើង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ World Vision នៅថ្ងៃទី៦ ខែមិថុនា។



ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន អង្គការដែលផ្តោតលើកុមារមួយនេះ បានផ្តល់ផលជាវិជ្ជមានដល់ពលរដ្ឋជាង៣,២លាននាក់ រួមទាំងកុមារ១,៥លាននាក់ក្នុងប្រទេសកម្ពុជា  ដើម្បីឱ្យពួកគេលទ្ធភាពទទួលបានទឹកស្អាត ការអប់រំប្រកបដោយបរិយាបន្ន សេវាថែទាំសុខភាព និងអាហារូបត្ថម្ភកាន់តែល្អប្រសើរ។ 
 
ចំពោះសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៣កន្លងទៅនេះ World Vision បានជួយកុមារ៧៩ ៥០០នាក់ ទទួលបានអាហារពេលព្រឹកដែលមានជីវជាតិ តាមរយៈកម្មវិធីស្បៀងអាហារតាមសាលារៀន ដែលបានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអត្រាចូលរៀនកើនឡើង និងបោះបង់ការសិក្សាធ្លាក់ចុះ។ ក្នុងនោះដែរ ក៏មានប្រជាពលរដ្ឋ៧៨ ៤០០នាក់ ទទួលបានទឹកស្អាតប្រើប្រាស់ ហើយកន្លែងយកទឹកថ្មីចំនួន ៤៣កន្លែង ត្រូវបានតម្លើងនៅតាមគ្រឹះស្ថានសុខាភិបាល។ 
 
លើសពីនេះ កុមារ និងក្មេងវ័យជំទង់ចំនួន ១៣ ១៧០នាក់ បានទទួលការបណ្តុះបណ្តាលលើជំនាញជីវិតទាក់ទងនឹងការការពារ និងសមាជិកសហគមន៍ចំនួន ២៩ ៥០២នាក់ បានចូលរួមក្នុងវគ្គផ្លាស់ប្តូឥរិយាបថស្តីពី ការការពារកុមារ។ ជាមួយគ្នានេះ កសិករ ៤ ០៤០នាក់ មកពី«សហគមន៍កសិកម្មវ័យឆ្លាត ធន់នឹងអកាសធាតុ និងផ្តោតលើអាហារូបត្ថម្ថ» ក៏ទទួលបានការពង្រឹងសមត្ថភាពផងដែរ។ 



ក្រៅពីនោះ World Vision ក៏បានជួយគាំទ្រប្រាក់កម្ចី ក្នុងទំហំទឹកប្រាក់ប្រមាណ ៥ ២៥៨ ០៨៤ ដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យមចំនួន១៨៧ផងដែរ។ ដោយឡែក គ្រួសារចំនួន ២ ១៥០ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ក៏បានទទួលជំនួយផងដែរ។ 
 
អង្គការទស្សនៈពិភពលោកអន្តរជាតិ បានធ្វើការងារយ៉ាងសស្រាក់សស្រាំជាមួយរដ្ឋាភិបាល ក្នុងការរៀបចំបង្កើតប្រកាសលេខ២១៤ ស្តីពី «ក្រមសីលធម៌នៃកម្លាំងសេវាសង្គម ឆ្នាំ២០២៣ ដើម្បីពង្រឹងក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ ប្រសិទ្ធភាព និងគុណភាព នៃកម្លាំងសេវាសង្គម និងបុគ្គលិកបម្រើការសង្គម ក្នុងប្រទេសកម្ពុជា» និង ប្រកាសលេខ២៣៣ ស្តីពី «ក្រមសីលធម៌សម្រាប់ការការពារកុមារ ឆ្នាំ២០២៣ ដើម្បីការពារលុបបំបាត់ និងឆ្លើយតបចំពោះការរំលោភបំពានលើកុមារគ្រប់ប្រភេទ និងការពារសិទ្ធិ សុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់កុមារគ្រប់រូប»។ 
 
ការរួមចំណែកដ៏សំខាន់ទាំងនេះ គឺសម្រាប់សង្គមកម្ពុជា ចាប់ពីកម្រិតសហគមន៍ រហូតដល់ថ្នាក់ជាតិ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់អង្គការអន្តរជាតិមួយនេះ ដែលមានគោលដៅក្នុងការសម្រេចឱ្យបាននូវសុខមាលភាពរបស់កុមារចំនួន៥ លាននាក់ ក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៧ ជាមួយនឹងអាទិភាពសំខាន់មួយទៀត គឺការលើកកម្ពស់យុទ្ធសាស្រ្តបន្សាំ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕ 

Tag:
 World Vision
  ការអប់រំ
  សុខភាព
  ទឹកស្អាត
  អាហារូបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com