ជាតិ
សិស្សម្នាក់បានស្លាប់ក្នុងករណីលិចទូកចម្លងនៅខេត្តកំពង់ធំ
08, Jun 2024 , 5:19 pm        
រូបភាព
សិស្សស្រីម្នាក់អាយុ១៣ឆ្នាំបានស្លាប់ ក្នុងឧប្បតិ្តវហេតុលិចទូកចម្លង កាលពីព្រឹកថ្ងៃទី៨ មិថុនា ស្ថិតក្នុងភូមិសាស្រ្តឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។



បើតាមគ្រូបង្រៀននៅអនុវិទ្យាល័យឈូក អ្នកស្រី សាត់ ចិន កាលពីម៉ោង១១:១០នាទី មានទូកមួយគ្រឿងបានលិចក្នុងពេលចម្លងសិស្សសាលាប្រមាណ១៥នាក់​ ចេញពីអនុវិទ្យាល័យឈូក ទៅកាន់ភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ហេតុការណ៍នេះ បានបណ្ដាលឱ្យក្មេងស្រីអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យឈូក ស្លាប់ម្នាក់ និងម្នាក់ទៀត ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។  
 
ប្រភពដដែលអះអាងថា ករណីនេះលិចទូកនេះ បណ្ដាលមកពីដាក់លើសចំណុះ ខណៈពេលដែលទឹក ឡើងខ្ពស់រហូតដល់ជិត២ម៉ែត្រ ក្មេងៗទាំងអស់នោះបានប្រលែងគ្នាដោយឈរផ្ដុំនៅផ្នែកខាងមុខទូក ទើបធ្វើឱ្យទូកផ្អៀងលិចតែម្ដង។
 
អ្នកស្រី សាត់ ចិន ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ម្ចាស់ទូកគាត់អត់ចង់ឱ្យឡើងច្រើនគ្នាទេ តែក្មេងៗចង់ឡើងជុំគ្នាច្រើន។ ក្នុងពេលចម្លងហ្នឹង ម្ចាស់ទូកក៏ហាមមិនឱ្យពួកគេ(សិស្ស) ទៅមុខដែរ ប៉ុន្តែពួកមិនស្ដាប់ ដូច្នេះ ទើបធ្វើឱ្យលិច»៕ 
 

Tag:
 លិចទូកចម្លង
  ខេត្តកំពង់ធំ
  វិទ្យាល័យឈូក
© រក្សាសិទ្ធិដោយ thmeythmey.com