កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ខ្សែ​ប្រយុទ្ធ​ហុងគ្រី Adam ​រងការ​ចំអក​​ ព្រោះធាត់ និងដុះក្បាលពោះ
18, Jun 2024 , 11:59 am        
រូបភាព
Martin Adam ខ្សែ​ប្រយុទ្ធក្រុមជម្រើសជាតិហុងគ្រី ទទួល​បាន​ការ​ចាប់​អារម្មណ៍ និងចំអក​ខ្លាំងពីអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ Euro 2024 នៅពេលរូបគេបង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ទល់​ស៊្វីស ជាមួយ​នឹង​រូប​រាង​ធាត់ និង​ដុះក្បាល​ពោះ​ធំ។



ក្នុងនាមជាកីឡាករបម្រុង Adam បានប្តូរចូលនៅនាទី៧៩ ជំនួស Milos Kerkez ក្នុងជំនួបបើកឆាកពូល A ដែលហុងគ្រីចាញ់ស្វ៊ីស ៣-១។ ខ្សែប្រយុទ្ធអន្តរជាតិហុងគ្រី វ័យ២៩ឆ្នាំរូបនេះ បានចាប់ភ្នែកអ្នកទស្សនាផ្ទាល់ភ្លាមៗ និងបានក្លាយជាប្រធានបទនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះរូបរាងធាត់កម្រមានក្នុងចំណោមកីឡាករបាល់ទាត់អាជីព និងជាពិសេសក្នុងព្រឹត្តិការណ៍កំពូលអឺរ៉ុបថែមទៀត។
 
បង្ហាញខ្លួនលើទីលាន អ្នកគាំទ្រជាច្រើនបានស្រែកចំអកឱ្យ Adam ដែលសព្វថ្ងៃជាសមាជិកក្រុម Ulsan Huyndai នៃលីគកំពូលកូរ៉េខាងត្បូង ថាជាកីឡាករលើសទម្ងន់។ នៅក្រោយបញ្ចប់ការប្រកួត មានអ្នកគាំទ្រម្នាក់ ​បញ្ចេញ​មតិ​ថា​៖ Adam ទំនងជាកីឡាករចូលចិត្ត​​ផឹកស្រាច្រើនទើបមានរូបរាងធាត់បែបនេះ​។ អ្នកខ្លះទៀតចំអកថា កាយសម្បទារបស់ Adam ស័ក្តិសមជាកីឡាករចំបាប់ ឬបាល់ឱប ជាងបាល់ទាត់។ 
 
បើតាមការចុះផ្សាយរបស់កាសែត Fanzword បន្ទាប់ពីការប្រកួតចប់ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចូលឆែកក្នុងអ៊ីនធឺណិត ដើម្បីរកព័ត៌មានបន្ថែមរបស់ Adam។ Adam ក៏ទទួលបានការចោទសួរពីអ្នកកាសែតផងដែរជុំវិញរូបរាងធាត់ និងដុះក្បាលពោះរបស់គេ។ ខ្សែប្រយុទ្ធ​ Ulsan Huyndai រូបនេះ ឆ្លើយថា រូបគេពិតជាចូលចិត្តផឹកស្រាបៀរនៅផ្ទះមែន។
 
ខ្សែប្រយុទ្ធដែលមានកម្ពស់ ១៩១សង់ទីម៉ែត្រ និងទម្ងន់ជិត៩០គីឡូក្រមរូបនេះ ចាប់ផ្តើមអាជីពដំបូងជាមួយក្លិបនៃលីគកំពូលហុងគ្រី Vasas ដោយរកបាន ៣១គ្រាប់ ចន្លោះឆ្នាំ ២០១៣ ដល់ ២០១៩។ ពីឆ្នាំ ២០១៩ ដល់ ២០២០ Adam បានផ្លាស់ទៅចូលរួមជាមួយ Kaposvar ដោយស៊ុតបញ្ចូលទីបាន ១៤គ្រាប់។ សម្រាប់ការបង្ហាញខ្លួន៦៧ប្រកួតឱ្យ Ulsan Huyndai ចាប់ពីឆ្នាំ ២០២២មក Adam សម្រេចទីបាន ២៤គ្រាប់។ ជំនួបន្ទាប់ពូល A របស់ហុងគ្រី នឹងត្រូវជួបម្ចាស់ផ្ទះអាល្លឺម៉ង់ នៅថ្ងៃទី១៩ ខែមិថុនា៕
 

Tag:
 Euro 2024
  Martin Adam
© រក្សាសិទ្ធិដោយ thmeythmey.com