ជាតិ
រដ្ឋមន្រ្តីកសិកម្ម កៀរគរកសិករឱ្យចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីបានផលចំណេញច្រើន
18, Jun 2024 , 10:29 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបន្តចុះកៀរគរកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប» ដើម្បីកាត់បន្ថយការចំណាយ និងផ្ដល់ផលចំណេញច្រើន។



ក្នុងជំនួបសំណេះសំណាលជាមួយកសិករសមាជិកសហគមន៍ដាំបន្លែ ក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៨ មិថុនា លោក ឌិត ទីណា បានពន្យល់ទៅកាន់កសិករថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យពួកគេទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់។ មិនតែប៉ុណ្ណោះ សហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវ តាមបច្ចេកទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយឱ្យបានជាអតិបរិមា។
  


ជាមួយគ្នានេះ រដ្ឋមន្រ្តីកសិកម្ម បានណែនាំឱ្យ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏ដូចជាថ្នាក់ដឹកនាំទទួលបន្ទុកការងារ «សហគមន៍កសិកម្មទំនើប» ដទៃទៀត ពិនិត្យមើលលទ្ធភាព ជាមួយកសិករ និងសមាជិកសហគមន៍កសិកម្មដែលចាប់អារម្មណ៍ ដើម្បីសិក្សាបន្តអំពីលទ្ធភាពនៃការចងក្រងសហគមន៍កសិកម្មទំនើប ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងសក្ដានុពលនៃផលិតកម្មរបស់ពួកគេ។ 
 
«សហគមន៍កសិកម្មទំនើប» គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធី គោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ ២០២៣។ គោលបំណងការបង្កើតសហគមន៍កសិកម្មទំនើប គឺដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និង គុណភាព៕ 



Tag:
 កសិកម្ម
  ឌិត ទីណា
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com