ជាតិ
១២ឆ្នាំនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បង្កើតពាក្យថ្មី បាន៦ពាន់ពាក្យ
20, Jun 2024 , 8:19 pm        
រូបភាព
សិក្ខាសាលាស្ដីពី «ការសិក្សាពីម៉ូដែលនៃការបង្កើតពាក្យរបស់ក្រុមប្រឹក្សាជាតិខ្មែរ» នៅរាជបណ្ឌិត្យសភាកម្ពុជា។
សិក្ខាសាលាស្ដីពី «ការសិក្សាពីម៉ូដែលនៃការបង្កើតពាក្យរបស់ក្រុមប្រឹក្សាជាតិខ្មែរ» នៅរាជបណ្ឌិត្យសភាកម្ពុជា។
ជាតិ៖ ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បង្កើតពាក្យថ្មីប្រមាណ៦ពាន់ពាក្យ ដោយក្នុងនោះមានពាក្យបច្ចេកកទេសនិងកសិកម្ម វេជ្ជសាស្រ្ត សេដ្ឋកិច្ច គីមីវិទ្យារូបវិទ្យា អក្សរសិល្ប៍ ភាសាវិទ្យា និងវិទ្យាសាស្រ្តនយោបាយការទូតជាដើម។ នេះបើតាម លោក ឃឹម វិច្ឆិកា អនុប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រាប់សារព័ត៌មានថ្មីៗ។

 
ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានរៀបចំសិក្ខាសាលាស្ដីពី «ការសិក្សាពីម៉ូដែលនៃការបង្កើតពាក្យរបស់ក្រុមប្រឹក្សាជាតិខ្មែរ» ដើម្បីពិនិត្យមើលម៉ូដែល នៃការបង្កើតពាក្យ និងប្រមូលធាតុចូលបន្ថែម ពីការជ្រើរើសវិធីសាស្រ្តក្នុងការបង្កើតពាក្យ។  
 
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២០ មិថុនា លោក ឃឹម វិច្ឆិកា បានបន្ថែមថា ពាក្យដែលបានបង្កើតកន្លងមក មានភាសាខ្មែរ ៣០ភាគរយ ខណៈពាក្យបង្កើតថ្មី ៧០ភាគរយទៀត ជាពាក្យកម្ចីពីសំស្ក្រឹត និងបរទេស។ ដោយសារបញ្ហានេះ ជាក្ដីកង្វល់របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ទើបសម្រេចរៀបចំឱ្យមានសិក្ខាសាលានេះឡើង ដើម្បីទទួលមតិពីមហាជន និងស្វែងរកជម្រើសដ៏ល្អប្រសើរ។ 
 
លោក ឃឹម វិច្ឆិកា អនុប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។ 

«យើងបានខ្ចីពាក្យបរទេស៧០ភាគរយសម្រាប់យកមកប្រើប្រាស់បង្កើតជាពាក្យបច្ចេកស័ព្ទ។ យើងថ្លឹងថ្លែងមើលថាតើការខ្ចីលើសលុបនេះ វាអាចធ្វើឱ្យបះពាល់ដល់ភាសាខ្មែរយើងដែរឬទេ? ហើយបើយើងបន្តបែបនេះ កម្ចីភាសាគេនឹងកាន់តែលើសលុបលើភាសាខ្មែរយើង…។ យើងចង់បានធាតុចូលពីមហាជន ថាតើយើងកម្ចីភាសាគេមក ក្នុងកម្រិតណា?»។ អនុប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រាប់សារព័ត៌មានថ្មីៗបែបនេះ។
 
បើតាមលោក វិច្ឆិកា ក្នុងសម័យសកលភាវូបនីយកម្មនេះ កម្ពុជា មិនអាចជៀសផុតទេ ពីការខ្ចីពាក្យគេយកមកប្រើប្រាស់ ជាពិសេសពាក្យក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដែលពិបាកក្នុងការរកពាក្យខ្មែរ ទៅជំនួសឱ្យសាកសម។ 
 
ឆ្លងកាត់ការជជែកគ្នា អស់មួយព្រឹកនេះ លោក វិឆ្ឆិកា សង្កេតឃើញថា មហាជនដែលបានចូលរួមប្រមាណ៥០នាក់ ក្នុងសិក្ខាសាលា ពុំចង់ខ្ចីពាក្យពីបរទេសច្រើនពេកនោះទេ ព្រោះអាចបាត់អត្តសញ្ញាណជាតិ។ ដើម្បីដោះស្រាយបញ្ហានេះ លោកអះអាងថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងបន្តរៀបចំការជួបជជែកគ្នាបន្តទៀត ពាក់ព័ន្ធនឹងការបង្កើតពាក្យនេះ៕ 





Tag:
 ក្រុមប្រឹក្សាជាតិភាសាខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com