កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ គ្រូបារាំង​ ខកចិត្តចំពោះទម្រង់លេងកូនក្រុមគ្មានប្រសិទ្ធិភាព បានត្រឹមស្មើហូឡង់
22, Jun 2024 , 12:29 pm        
រូបភាព
ក្រុមជម្រើសជាតិបារាំង មិនអាចស្វែងរកគ្រាប់ទល់នឹងហូឡង់ឡើយ ដោយបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជំនួបពូល D នៃព្រឹត្តិការណ៍ Euro 2024 ថ្ងៃទី២២ ខែមិថុនា។ បារាំងខកខានឱកាសដណ្តើមតំណែងកំពូលតារាង ខណៈខ្លួនមានពិន្ទុស្មើហូឡង់ក្នុងពូល ។ លោក​ Didier Deschamps ខកចិត្តចំពោះប្រសិទ្ធិភាពនៃទម្រង់លេងក្រុម ដែលខុសពីការរំពឹងទុក។




គ្រូបង្វឹកសញ្ជាតិបារាំងដែលជួយក្រុមឈ្នះ World Cup ឆ្នាំ ២០១៨ ក៏បានរំលេចសរសើរកូនក្រុមពីការបង្កើតឱកាសគ្រាប់បាល់ជាច្រើនលើក តែមិនអាចស៊ុតទម្លុះសំណាញ់ទីបាន។ ត្រឹមលទ្ធផលស្មើ ០-០ ទាំងបារាំង និងហូឡង់ កំពុងតែមានភាគរយកាន់តែច្រើនឡើង ទៅកាន់វគ្គ ១៦ក្រុម បន្ទាប់ពីឈ្នះការប្រកួតជុំទី១ រៀងៗខ្លួន។ 
 
ក្រោយពីបញ្ចប់ការប្រកួត លោក Deschamps បានអះអាងថា លោកនៅតែរីករាយចំពោះការបង្ហាញទម្រង់លេងបានល្អ ប៉ុន្តែលោកក៏ខកចិត្តចំពោះប្រព័ន្ធលេងគ្មានប្រសិទ្ធិភាព លើការរកគ្រាប់បាល់។
 
«ពួកគេ (ហូឡង់) មានលក្ខណៈអភិរក្សជាងខ្ញុំគិតបន្តិច ប៉ុន្តែសោកស្តាយតែមួយគត់របស់ខ្ញុំគឺ យើងគ្មានប្រសិទិ្ធភាពគ្រប់គ្រាន់លើការរកគ្រាប់បាល់។ យើងបានធ្វើគ្រប់យ៉ាងអស់ហើយ តែយើងមិនអាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ហើយបើយើងមិនអាចស៊ុតបញ្ចូលទីបាននោះ យើងនឹងមិនអាចចាកចេញជាមួយការកាន់ ៣ពិន្ទុក្នុងដៃបាននោះឡើយ។ ជាថ្មីម្តងទៀត យើងព្យាយាមរក្សាប្រព័ន្ធលេងដូចកាលប៉ះអូទ្រីស ទោះការពិតយើងមានពេលតិចក្នុងការសម្រាកក៏ដោយ។»។ លោក Deschamps បាននិយាយបែបនេះនៅក្នុងសន្និសីទកាសែត។
 
បារាំងប្រជែងទល់ហូឡង់ ដោយគ្មានប្រធានក្រុម Kylian Mbappe នៅជម្រើស ១១នាក់ ដំបូង ព្រោះតែរូបគេបានជួបបញ្ហារបួសបាក់ខ្ទង់ច្រមុះ កាលពីប្រកួតប៉ះអូទ្រីស។ ការប្រកួតបន្ទាប់របស់បារាំង នឹងត្រូវប្រជែងតទល់នឹងក្រុមប៉ូឡូញ នៅការប្រកួតចុងក្រោយវគ្គចែកពូលថ្ងៃទី២៥ ខែមិថុនា ដែលជាក្រុមបានធ្លាក់ចេញពីការប្រកួតរួចជាស្រេច ត្រឹមវគ្គចែកពូលនេះ។
 
ដោយឡែកស្ថិតពូល D ជាមួយគ្នា អូទ្រីស ធ្វើបានល្អឡើងវិញ ក្រោយចាញ់បារាំង ១-០ ដោយពួកគេបានវាយបកឈ្នះការប្រកួតលើក្រុមប៉ូឡូញលទ្ធផល ៣-១ យកបាន ៣ពិន្ទុ បន្តក្តីសង្ឃឹមកៅអីទៅកាន់វគ្គ ១៦ក្រុម ក្នុងនាមជាក្រុមលេខ ៣ ល្អ។ 
 
ចំណែកជំនួបពូក E ស្លូវ៉ាគី ភ្លាត់ស្នៀតរបូតឱកាសជ័យជម្នះកៅអីវគ្គ ១៦ក្រុម ក្រោយត្រូវបានអ៊ុយក្រែន វាយបករហូតយកឈ្នះលទ្ធផល ២-១ មកវិញ។ អ៊ុយក្រែន បានចាញ់ការប្រកួតជុំទី១ ក្រោមថ្វីជើងរូម៉ានី ៣-០។ ជ័យជម្នះ បានជួយក្រុមពួកគេមានដង្ហើមដកឡើងវិញ ខណៈការប្រកួតប្រជែងក្នុងពូលE កាន់តែតានតឹង៕
 

Tag:
 Euro 2024
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com