កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ អាល្លឺម៉ង់ត្រូវការឈ្នះស្វ៊ីស ដើម្បីកំណត់ត្រា ខណៈស្កុតឡែន ប្រជែងលេខ ៣ ជាមួយហុងគ្រី
23, Jun 2024 , 4:29 pm        
រូបភាព
ព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 វគ្គចែកពូលឈានដល់ការប្រកួតជុំទី៣ ដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ នឹងត្រូវវិលត្រឡប់មកប្រកួតបង្ហើយ ទល់ស្វ៊ីស ទោះខ្លួនកក់កៅអីវគ្គ ១៦ក្រុមរួចហើយ។ ចំណែកក្នុងពូល A ជាមួយគ្នា​នេះ ស្កុតឡែន ប៉ះហុងគ្រី ត្រូវប្រជែងពិន្ទុដើម្បីឱកាសតំណែងលេខ ៣ ល្អ។ ការប្រកួតទល់ស្វ៊ីសរាត្រីនេះ អាល្លឺម៉ង់ ត្រូវការឈ្នះដើម្បីកំណត់ត្រា ក្លាយជាក្រុមម្ចាស់ផ្ទះ ដែលឈ្នះវគ្គចែកពូលទាំង ៣ លើកជាប់គ្នា។

ជុំទី៣ វគ្គចែកពូល ក្រុមតាមពូលនាទីមួយៗ នឹងត្រូវកាត់សេចក្តីគ្នា នាការប្រកួតដំណាលគ្នា នៅវេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
 
ស្វ៊ីស តទល់អាល្លឺម៉ង់ វេលាម៉ោង ២យប់

អាល្លឺម៉ង់ បច្ចុប្បន្នជាក្រុមឈរកំពូលតារាងពូល A ស្ថិតនៅក្នុងការប្រកួតពានរង្វាន់ UEFA Euro 2024 ដោយបានកក់កៅអីវគ្គ ១៦ក្រុមរួចស្រេចដំបូងគេ។ កីឡាដ្ឋាន Deutsche Bank Park នឹងក្លាយជាទីតាំងកាត់សេចក្តីថា តើអាល្លឺម៉ង់ អាចនឹងយកឈ្នះស្វ៊ីស​ ដើម្បីធ្វើបានកំណត់ត្រាក្លាយជាក្រុមម្ចាស់ផ្ទះទី៣ ក្នុងប្រវត្តិសាស្ត្រ Euro ដែលឈ្នះការប្រកួតវគ្គចែកពូលទាំងអស់។
  


ជាដៃគូចាស់ប៉ះគ្នាច្រើនលើក អាល្លឺម៉ង់-ស្វ៊ីស នឹងឈានដល់ការប៉ះគ្នាលើកទី៥៤ ក្នុងប្រវត្តិសាស្ត្រនៅគ្រប់ពានរង្វាន់ទាំងអស់។ អាល្លឺម៉ង់ មានកំណត់ត្រាល្អដោយធ្លាប់បានយកឈ្នះការប្រកួត ចំនួន ៣៥លើក ពីការប្រកួតប៉ះគ្នាជាមួយស្វ៊ីស ៥៣លើក កន្លងមក ហើយស្វ៊ីសរកបានជ័យជម្នះមកវិញត្រឹមតែ ៩លើក ប៉ុណ្ណោះ។
 
ទោះជាយ៉ាងណា តាមស្ថិតិនៃការប៉ះគ្នាចុងក្រោយ ស្វ៊ីសតែងយកឈ្នះការប្រកួតលើអាល្លឺម៉ង់ នាការប៉ះគ្នា ៣លើកចុងក្រោយ ។ ក្នុងចំណោមការប្រកួត ៣លើកចុងក្រោយនោះ គ្រាប់បាល់កើតឡើងដល់ ១៦គ្រាប់។ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះ អាល្លឺម៉ង់ហាក់បីមានទម្រង់លេងល្អខ្លាំង ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ខណៈស្វ៊ីសក៏មានទម្រង់លេងមួយគួរឱ្យចាប់អារម្មណ៍ផងដែរ។
 
ស្កុតឡែន ប៉ះហុងគ្រី ប្រជែងឱកាសលេខ ៣ ល្អ

ស្កុតឡែន និងហុងគ្រី នឹងត្រូវតទល់គ្នាប្រជែងពិន្ទុ ដើម្បីស្វែងរកឱកាសឈរក្នុងនាមជាក្រុមលេខ ៣ ល្អ ដើម្បីបានកៅអីប្រកួតក្នុងវគ្គ ១៦ក្រុម។ ស្កុតឡែនមាន ១ពិន្ទុក្នុងដៃ ចំណែកហុងគ្រីខកចិត្តពីប្រកួតជាប់គ្នា។
ការប្រកួតក្នុងកីឡដ្ឋាន Stuttgart Arena នឹងជាទីកន្លែងកាត់សេចក្តីសម្រាប់ស្កុតឡែន និងហុងគ្រី រាត្រីនេះ វេលាម៉ោង ២យប់ ដំណាលគ្នាជាមួយនឹងអាល្លឺម៉ង់ ប៉ះស្វ៊ីស។ ស្កុតឡែនមិនដែលឡើងដល់វគ្គចែកពូល ពានរង្វាន់ទ្វីបអឺរ៉ុប កំពុងតែចង់បានជ័យជម្នះឡើងវគ្គជម្រុះ ១៦ក្រុមលើកដំបូង ខណៈហុងគ្រីក៏មិនមែនជាក្រុមងាយស្រួលយកឈ្នះ។
 
ការប្រកួតរវាងស្កុតឡែន ទល់នឹងហុងគ្រី ក៏នឹងក្លាយជាការប្រកួតប៉ះគ្នាលើកដំបូងផងដែរ នៅក្នុងការប្រកួតពានរង្វាន់អន្តរជាតិ ។ កន្លងមកក្រុមទាំង ២​ នេះបានត្រឹមជួបគ្នានៅការប្រកួតមិត្តភាព ៩លើក តែប៉ុណ្ណោះ៕
 

Tag:
 Euro 2024
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com