កីឡាអន្តរជាតិ
អន្តរជាតិ
អាល់បានីជួបអេស្ប៉ាញ ដើម្បីប្រជែង ជាមួយក្រូអាស៊ី និងអុីតាលី ទៅវគ្គ១៦ក្រុម Euro 2024
24, Jun 2024 , 5:59 pm        
រូបភាព
ការប្រកួតពានរង្វាន់ Euro 2024 វគ្គសន្សំពិន្ទុពូល B នឹងបន្តជាមួយការប្រកួត ២គូ ក្នុងរាត្រីថ្ងៃទី២៤ ខែមិថុនា វេលាម៉ោង ២យប់រំលងអាធា្រត្រស្របគ្នា ដោយក្រុមអាល់បានី មានបេសកកម្មដ៏តានតឹង ត្រូវដណ្តើម៣ពីន្ទុដាច់ខាតពីជើងខ្លាំងអេស្ប៉ាញ ខណៈក្រូអាស៊ី និងអ៊ីតាលី ត្រូវការពិន្ទុរៀងខ្លួន ក្នុងជំនួបចុងក្រោយពូល B។



អេស្ប៉ាញ ជាក្រុមកំពូលតារាង ដែលបានកក់កៅទៅកាន់វគ្គ ១៦ក្រុម រួចរាល់ ក្រោយឆ្លងកាត់ ២ប្រកួត យកឈ្នះបានទាំង ២ប្រកួត។ ជំនួបចុងក្រោយ អេស្ប៉ាញ ត្រូវជួបអាល់បានី ដែលស្ថិតនៅលេខ៣ ជាក្រុមត្រូវការឈ្នះចាំបាច់ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ២ ឬលេខ៣ល្អ។ ដោយឡែកក្រូអាស៊ី បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់បាតតារាងមាន១ពិន្ទុស្មើអាល់បានី រំពៃចង់ឈ្នះការប្រកួតខ្លាំងបំផុត ព្រោះតែជាផ្លូវតែមួយសម្រាប់ក្រុមនឹងមានឱកាសទៅកាន់វគ្គ ១៦ក្រុម ហើយជំនួបសំខាន់ចុងក្រោយគឺប្រជែងអ៊ីតាលី ដែលនៅចំណាត់ថ្នាក់លេខ​២ ក្នុងពូលមាន៣ពិន្ទុ។ អ៊ីតាលីត្រូវការត្រឹមស្មើប៉ុណ្ពោះដើម្បីឈានទៅវគ្គបន្ត។
 
អាល់បានី ប្រជែងអេស្ប៉ាញ

អាល់បានី ក្នុងការប្រកួត Euro 2024 មានកំណត់ត្រាជាក្រុមស៊ុតបញ្ចូលទីលឿនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ Euro 2024 ហើយពួកគេក៏បានធ្វើឱ្យក្រូអាស៊ី ខកចិត្តផងដែរ នៅការប្រកួតកន្លងមក ដែលទាញឱ្យក្រុមក្រូអាស៊ី ឈានមកជួបរឿងកាន់តែពិបាក ដើម្បីកាត់សេចក្តីគ្នានៅការប្រកួតចុងក្រោយ។ 
 
អេស្ប៉ាញឈ្នះក្រូអាស៊ី ៣-០ និងអ៊ីតាលី ១-០ កំពុងធ្វើឱ្យក្រុមដទៃមានភាពភ័យខ្លាច ខណៈពួកគេរំពឹងធ្វើបានកំណត់ត្រាជាលើកទី៣ ក្នុងនាមជាក្រុមដែលឈ្នះវគ្គចែកពូល ៣ប្រកួតជាប់គ្នា ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីធ្វើបានកាលឆ្នាំ ២០០៨ ដែលកាលនោះពួកគេឈ្នះពាន។ 
  


ជួបគ្នា ៨លើក កន្លងមក អាល់បានី គ្មានប្រវត្តិយកឈ្នះអេស្ប៉ាញម្តងឡើយ រួមទាំងលទ្ធផលស្មើ។ ជំនួបស្ថិតក្នុងកីឡដ្ឋាន Merkur Spiel Arena រាត្រីនឹង អេស្ប៉ាញ ត្រូវបានគេរំពឹងថានឹងយកឈ្នះការប្រកួតបន្តទៀត ខណៈអាល់បានី មានសង្ឃឹមតិចតួចបំផុតក្នុងការដណ្តើម ៣ពិន្ទុពីអេស្ប៉ាញ។ 
 
ក្រូអាស៊ី ប្រជែងអ៊ីតាលី


អ៊ីតាលី នឹងមានភារកិច្ចលេងការប្រកួតចុងក្រោយនៅក្នុងវគ្គចែកពូលពានរង្វាន់ Euro 2024 ពូល B ក្រោយពីប្រកួត ២លើក កន្លងមកពួកគេរកបាន ៣ពិន្ទុ ពីការឈ្នះ១ និងចាញ់១។ អ៊ីតាលី នឹងត្រូវទប់ទល់ក្រូអាស៊ី ដែលត្រូវការឈ្នះដាច់ខាតបំផុតពីពួកគេ ដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គ ១៦ក្រុម។ អ៊ីតាលី ក៏ចង់រក្សាកៅអីខ្លួននៅក្នុងពូល B ក្នុងនាមជាក្រុមលេខ២ ឡើងទៅវគ្គបន្ទាប់ដូចគ្នា។
 
កីឡដ្ឋាន Red Bull Arena នឹងក្លាយជាទីកន្លែងកាត់សេចក្តីរវាងក្រុមទាំងពីរ ហើយថានរណានឹងមានឱកាសទៅវគ្គបន្ត ឬក៏ត្រូវធ្លាក់នៅត្រឹមវគ្គចែកពូលលើកនេះ។ អ៊ីតាលី មានភាគរយខ្ពស់ជាងព្រោះមាន ៣ពិន្ទុក្នុងដៃ រករង់ចាំអុតមើលជាក្រុមលេខ ៣ល្អយ៉ាងណាការប៉ះក្រុមអ៊ីតាលី ក៏នឹងមិនមែនជារឿងដែលងាយស្រួលមួយប៉ុន្មានឡើយ សម្រាប់ក្រូអាស៊ី ដ្បិតកំណត់ត្រាការប្រកួតកន្លងមក ពួកគេធ្វើបានល្អច្រើនទល់អ៊ីតាលី។ ក្រូអាស៊ីបានយកឈ្នះការប្រកួតបាន ៣លើក ពីការជួបគ្នា ៩លើក ជាមួយអ៊ីតាលី ចំណែកអ៊ីតាលី យកឈ្នះមកវិញត្រឹមតែ ១លើក ប៉ុណ្ណោះ។ អ៊ីតាលី ជាក្រុមកីឡាករមានមធ្យមអាយុក្មេងជាងគេក្នុងការប្រកួតលើកនេះ ក៏កំពុងតែបង្ហាញពីទម្រង់លេងដ៏មានប្រសិទ្ធិភាពមួយរបស់ខ្លួនដូចគ្នា ខណៈក្រូអាស៊ី មានបញ្ហាទម្រង់លេង៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com