កីឡាអន្តរជាតិ
អន្តរជាតិ
ក្មេងប្រុសរត់ចូលទីលានថតរូបជាមួយ Ronaldo ថាក្តីស្រមៃខ្លួនក្លាយជាការពិត
25, Jun 2024 , 9:59 pm        
រូបភាព
ក្មេងប្រុសដែលរត់ចូលទីលានថតរូប Selfie ជាមួយនឹង Cristiano Ronaldo អំឡុងការប្រកួតដែលព័រទុយហ្កាល់ឈ្នះតួកគី ៣-០ ជំនួបពូល F នៃព្រឹត្តិការណ៍ Euro 2024 បង្ហាញអារម្មណ៍ថារូបគេបានបំពេញក្តីស្រមៃដែលបានប៉ង់ជាយូរ និងបានចែករំលែកបទពិសោធន៍ក្នុងហេតុការណ៍នោះថែមទៀត។ បានបំពេញបំណងខ្លួន តែក្មេងប្រុសរូបនេះ ត្រូវជាប់បម្រាបមិនឱ្យមានវត្តមានក្នុងការប្រកួតសេសសល់ក្នុងពានរង្វាន់អឺរ៉ុប នៅអាល្លឺម៉ង់នេះឡើយ។



ជំនួបរវាងព័រទុយហ្កាល់បំបាក់ក្រុមតួកគីលទ្ធផល ៣-០ ដោយកីឡាករ Bernardo Silva ស៊ុតបាល់បញ្ចូល រួមជាមួយនឹង Bruno Fernandes ហើយថែមទាំងខ្សែការពារតួកគីភ្លាត់ស្នៀតទាត់បាល់ចូលទីខ្លួនឯងមួយគ្រាប់ផងនោះ។ ក្រោយការប្រកួតដែលរកបាន ៣គ្រាប់ អ្នកគាំទ្រយ៉ាងហោច ៦នាក់ បានរត់ចូលទីលានប្រកួត ដើម្បីបំណងតែមួយថតរូបជាមួយនឹង Ronaldo។
 
អ្នកគាំទ្រវ័យក្មេងដែលបានរត់ចូលក្នុងកីឡដ្ឋាន ដំបូងគេហើយបានថតរូបជាមួយ Ronaldo ពេលនេះរូបគេបានបង្ហាញចំណាប់អារម្មណ៍ជាសាធារណលើកដំបូង និងបានចែករំលែកពីបទពិសោធន៍ដោយផ្ទាល់ក្នុងហេតុការណ៍។ អ្នកគាំទ្រវ័យក្មេងបានឆ្លើយប្រាប់ទៅកាន់គេហទំព័រកីឡាករ Sportbible ខ្លីដូច្នេះថា៖«ពេលនោះខ្ញុំបានប្រាប់ឪពុកខ្ញុំថា ទៅបន្ទប់ទឹក។ ខ្ញុំគ្រាន់តែបំពេញតាមក្តីស្រមៃរបស់ខ្ញុំតែប៉ុណ្ណោះ ហើយខ្ញុំមិនជឿទេថាវាបានកើតឡើងពិតមែន។»។
 
ពេលនោះ Ronaldo កីឡាករវ័យ​ ៣៩ឆ្នាំ ក៏បានផ្តល់ពេលវេលាខ្លីមួយ ដើម្បីថតរូបជាមួយក្មេងប្រុសម្នាក់នោះ បន្ទាប់មក អ្នកគាំទ្រ ៥រូប ផ្សេងទៀតក៏បានរត់ចូលលុកលុយទីលានជាបន្តបន្ទាប់រហូតចប់ការប្រកួត។ ការរត់ចូលទីលានពីសំណាក់អ្នកគាំទ្រ ក៏បានបង្កជាការរំខានដល់ការប្រកួត និងប៉ះពាល់ដល់កីឡាករផងដែរ។
លើករណីនេះ លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់ ធ្លាប់បាននិយាយថាលោកបារម្ភចំពោះសុវត្ថិភាពកីឡាករ នៅពេលមានអ្នកគាំទ្ររត់ចូលបែបនេះ ប្រសិនបើអ្នកគាំទ្រនោះមានបំណងមិនល្អ។ 
 
កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក៏បានចាត់វិធានការតឹងរឹងបន្ថែម ទៅលើការពារសន្តិសុខសុវត្ថិភាព ដោយការបង្កើនចំនួនកងការពារនៅក្នុងកីឡដ្ឋាន គ្រប់ការប្រកួតនីមួយៗនៅសល់ បន្ទាប់ពីជួបបញ្ហាក្នុងជំនួបព័រទុយហ្កាល់ឈ្នះតួកគី៕

Tag:
 Euro 2024
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com