កីឡាជាតិ
ជាតិ
ទោះឈ្នះ Lombardo តែ ឈឿង ល្វៃ មិនអស់ចិត្ត ព្រោះមិនទាន់បញ្ចេញអស់ក្បាច់
27, Jun 2024 , 8:59 am        
រូបភាព
កីឡាករ ឈឿង ល្វៃ លើកពាន និងខ្សែក្រវ៉ាត់ Surpreme Championship រូបពី KKIF
កីឡាករ ឈឿង ល្វៃ លើកពាន និងខ្សែក្រវ៉ាត់ Surpreme Championship រូបពី KKIF
ឈឿង ល្វៃ កីឡាករប្រដាល់គុនខ្មែរ បានយកឈ្នះ Luca Lombardo កីឡាករអ៊ីតាលី ក្នុងការប្រកួត Supreme Champion លើប្រភេទទម្ងន់៧៥គីឡូក្រាម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅទឹកដីហុងកុង។ កីឡាករកម្ពុជារូបនេះ យល់ថារូបគេ ធ្វើមិនទាន់បានល្អ ១០០ភាគរយនៅឡើយទេ ព្រោះបានត្រៀមក្បាច់ជាច្រើន ប៉ុន្ដែបែរជាមិនអាចបញ្ចេញអស់ស្នៀត។



ឆ្លងកាត់ការប្រកួតទាំង៣ទឹក កីឡាករទាំង២ បានវាយទៅវាយមក ជាមួយនឹងការបញ្ចេញក្បាច់ និងស្នៀតជាច្រើន។ Luca Lombardo ដែលហាត់ MuoyThai ក៏ចេះក្បាច់ច្រើនមិនចាញ់ ឈឿង ល្វៃ កីឡករគុនខ្មែរ ដែរ។ ប៉ុន្ដែ កីឡាករគុនខ្មែរ ដែលរហស្សនាម «នាគរាជខ្មៅចតុមុខ»រូបនេះ មានកម្លាំងស្ទុះជាង Lombardo។ នៅទឹកទី៣ កីឡាករអ៊ីតាលីរូបនេះ ទន់ និងហត់ជាខ្លាំង។ ចប់ការប្រកួត ល្វៃ ឈ្នះ Lombardo ដែលជាម្ចាស់ខ្សែក្រវ៉ាត់២ស្ថាប័ន ដោយពិន្ទុះ ។
 
ក្នុងការប្រកួតនេះ ល្វៃ បានប្រើកែងផង ជង្គង់ផង ប៉ុន្ដែកីឡាកររូបនេះ យល់ថារូបគេ ធ្វើមិនទាន់បានល្អ ១០០ភាគរយឡើយ ព្រោះនៅមានក្បាច់ជាច្រើនទៀតមិនទាន់បញ្ចេញ។
 
យោងលើវីដេអូសម្ភាសជាមួយ លោក ផន់ សំណាង នាគរាជខ្មៅចតុមុខរូបនេះ បាននិយាយដូច្នេះ៖«ការប្រកួតយប់មិញនេះ គឺស្វិតស្វាញណាស់។ ដៃគូខ្ញុំ ចំណុចល្អរបស់គាត់​ គឺកណ្ដាប់ដៃ ហើយនិងការទាត់។ យប់មិញខ្ញុំ វាយចូលគាត់ច្រើន ប៉ុន្ដែអត់បែក។ ធ្វើបានប៉ុន្នេះ ខ្ញុំ គិតថាមិនទាន់ល្អ ១០០ភាគរយទេ គឺបានត្រឹម ៧០-៨០ភាគរយប៉ុណ្ណោះ ដោយសារយើងនៅស្ទើ យើងចេញបានតែមួយច្រក ២ច្រក វាអត់បានចេញទៅទាំងអស់។ អ្វី ដែលយើងគ្រោងទុក វាមិនបានចេញ។»។
 
ឈឿង ល្វៃ ក៏សោកស្ដាយចំពោះមិនរួមក្លិបគុនខ្មែរអន្ដរជាតិ (KKIF) គឺកីឡាករ សុខ ធី រហ័ស្សនាមមនុស្សឈើ ដោយបានចាញ់កីឡាករ Ali Zarinfar មកពីអ៊ីរ៉ង។ កីឡាករទាំងកម្ពុជាទាំង២នេះ នឹងត្រូវត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១០ព្រឹក៕

Tag:
 ប្រដាល់គុនខ្មែរ
  ឈឿង ល្វៃ
© រក្សាសិទ្ធិដោយ thmeythmey.com