អគ្គស្នងការរងរូបនេះ បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួន ដែលប្រើប្រាស់ម៉ូតូ កង់ និងកង់អាគុយជាដើម មិនបានពាក់មួកសុវត្ថិភាព។ ករណីនេះ លោកមិនចង់គួរឱ្យកើតមានបន្តទៀត ដោយសារវាបង្កើតជាទម្លាប់មិនគោរពច្បាប់ចរាចរណ៍។
ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៥មិថុនា លើប្រធានបទ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លោក ចេវ ហាក់ បានលើកឡើងថា សព្វថ្ងៃគ្រឹះស្ថានសិក្សារដ្ឋជាច្រើន បានអនុវត្តវិធានការវិន័យនិងអប់រំឱ្យសិស្សគោរពច្បាប់ចរាចរណ៍ ពិសេសការពាក់មួកសុវត្ថិភាពពេលធ្វើដំណើរទៅសាលារៀន ប៉ុន្តែនៅមិនទាន់ទូលំទូលាយនៅឡើយទេ។
យ៉ាងណាក៏ដោយចំណុចនេះ លោក ចេវ ហាក់ មានទស្សនថា មន្រ្តីអនុវត្តច្បាប់ សាលារៀន អាណាព្យាបាល និងសិស្សានុសិស្សត្រូវមានស្មារតីរួមមួយ ក្នុងការយកចិត្តទុកដាក់ បណ្ដុះទម្លាប់គោរពច្បាប់។
លោក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបដោយ វតី
«មានសាលារៀនច្រើនហើយបានអប់រំឱ្យសិស្សចាប់ពីកុមារទៅចេះគោរពច្បាប់ចរាចរណ៍ ដូចជាការពាក់មួកសុវត្ថិភាព សីលធម៌បើកបរ និងរបៀបដើរឆ្លងផ្លូវជាដើម ប៉ុន្តែបញ្ហានេះមិនទាន់ធ្វើបានទូលំទូលាយ។ នេះជាបញ្ហាទាំងអស់គ្នា ទាំងយើងជាអ្នកអនុវត្តច្បាប់ សាលារៀន ឪពុកម្ដាយ គឺត្រូវចូលរួមចំណែក។ យើងឃើញក្មេងៗជិះកង់ពេញផ្លូវ យើងបារម្ភណាស់ មិនទាន់គិតម៉ូតូ និងកង់អាគុយផង ព្រោះគាត់មិនសូវចាប់អារម្មណ៍ប្រុងប្រយ័ត្ន។ ដូច្នេះខ្ញុំស្នើសាលារៀនជួយណែនាំឪពុកម្ដាយសិស្សានុស្សិស ឱ្យគាត់ទិញមួកសុវត្ថិភាពឱ្យកូន ហើយជំរុញឱ្យពួកគេពាក់ឱ្យបានត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់ អគ្គស្នងការរងទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ពាក់ព័ន្ធនឹងការយល់ដឹងពីច្បាប់ចរាចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលជាបន្តបន្ទាប់ ក្នុងមេរៀនពាក់ព័ន្ធនឹងការលើកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ចំណែកក្រសួងមហាផ្ទៃ ក្រៅពីទទួលខុសត្រូវលើការងារជំរុញ និងអនុវត្តច្បាប់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានផ្ដួចផ្ដើមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ដើម្បីផ្ដល់ការអប់រំបន្ថែមដល់សាធារជន និងសិស្សានុសិស្សផងដែរ។
សូមជម្រាបថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន១ ២៩៦ករណី ក្នុងនោះ៥៥ភាគរយកើតឡើងនៅពេលយប់។ ចំនួនអ្នកស្លាប់បានកើនឡើង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ ។ មូលហេតុនៃគ្រោះថ្នាក់ មាន៤០ភាគរយ កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាពមាន២៤ភាគរយ មិនប្រកាន់ស្ដាំ៩ភាគរយ និងមិនប្រយ័ត្ន៨ភាគរយ។ បញ្ហាចរាចរណ៍ស្ថិតក្នុងចំណោមអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត៕