អន្តរជាតិ
ប្រជាជន​នេ​ប៉ាល់​ត្រូវ​រងគ្រោះ​ដោយ​ជំ​ងឹ​ឆ្លង​ធ្ងន់ធ្ងរ​ក្រោយ​រញ្ជួយ​ដី
02, May 2015 , 5:30 pm        
រូបភាព
 បន្ទាប់ពី​រួចផុត​ពី​គ្រោះថ្នាក់​ក្រោយ​គ្រោះមហន្តរាយ​រញ្ជួយ​ដី កាលពី​ចុង​សប្តាហ៍​មុន ប្រជាជន​នេ​ប៉ាល់​ស្រាប់តែ​ត្រូវ​ប្រឈមមុខ​ជាមួយ​ជំងឺឆ្លង​រាតត្បាត​ថែមទៀត។ បើតាម​អាជ្ញាធរ​អ្នក​នៅ​រស់រានមានជីវិត​ជាច្រើន​នាក់​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​ហើយ​អាច​ធ្លាក់ខ្លួន​កើត​ជំងឺ​អាសន្នរោគ​ដោយសារតែ​កង្វះខាត​ទឹកស្អាត ចំណីអាហារ អនាម័យ និង បង្គន់​ប្រើប្រាស់​ថែមទៀត។ ខាង​ស្ថាប័ន​សុខភាព​បាន​អំពាវនាវ​អោយមាន​ការយកចិត្តទុកដាក់​ជាបន្ទាន់​ចំពោះ​បញ្ហា​នេះ។




ប្រជាជន​នេ​ប៉ាល់​ដែល​នៅ​រស់រានមានជីវិត​ក្រោយ​គ្រោះមហន្តរាយ​រញ្ជួយ​ដី កំពុង​ស្ថិតក្រោម​គំរាមកំហែង​ដោយសារ​បញ្ហា​ជំ​ងឹ​ឆ្លង​ធ្ងន់ធ្ងរ។ ជំ​ងឹ​ឆ្លង​បាន​ចាប់​ផ្តើ​បន្ត​រាតត្បាត និង​រុក​គួ​ន​ប្រជាជន​នេ​ប៉ាល​ក្មេង​ចាស់​ប្រុស​ស្រី ហើយ​ប្រជាជន​នេ​ប៉ាល់​ខ្លះ​ចុះរាគ ចុកពោះ ស្បែក​ប្រែជា​ស្លេកស្លាំង​ខ្លាំង។ អាជ្ញាធរ​ភ័យខ្លាច​ថា ជំងឺឆ្លង​នឹង​បង្ក​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ជីវិត​ប្រជាជន ហើយ​បង្ក​ជា​ជំងឺ​អាសន្នរោគ​ផងដែរ។ 

នៅ​ភូមិ Dukuchap ដែលជា​ភូមិ​មួយ​ដែល​ដាច់ស្រយាល​ពី​គេ​នោះ មាន​ប្រជាជន​ជាច្រើន​នាក់​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដោយសារ​ជំងឺឆ្លង​នេះ។ ខ្លះ​បន្ត​រាគរូស ខ្លះ​បន្ត​ចុកពោះ​ស្រែក​ទ្រ​ហ៊​រយំ ខណៈ​ខ្លះទៀត​ស្លេកស្លាំង​អស់កម្លាំង​កំហែង​ផងដែរ។ អាជ្ញាធរ​មូលដ្ឋាន​ដែល​កំពុង​ស្វះស្វែង​ជួយ​អ្នករងគ្រោះ ដោយ​ផ្តល់​ថ្នាំសង្កូវ​នោះបាន​បញ្ជាក់ថា ជំងឺឆ្លង​ដែល​បង្ក​អោយ​មនុស្ស​រាគរូស​និង​ចុកពោះ​នេះ ដោយសារតែ​ពួកគាត់​មិនមាន​ទឹកស្អាត​សម្រាប់​បរិភោគ ហើយ​ម្យ៉ាង​គ្មាន​បង្គន់​អនាម័យ​សម្រាប់​បន្ទោ​រប​ង់​ថែមទៀត។ ប្រជាជន​នេ​ប៉ាល់ ដែល​ទើប​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កាលពី​សប្តាហ៍​មុន បង្ខំចិត្ត​បរិភោគ​ទឹក​ដែល​មិន​ស្អាត​មាន​មេរោគ ដោយសារតែ​ខ្វះខាត​ខ្លាំង ហើយ​បង្គន់​អនាម័យ​ក៏ត្រូវ​គ្រោះ​រញ្ជួយ​ដី​បំផ្លិច​បំផ្លាញចោល​អស់​ទៀ​ត។ 

ជុំវិញ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នេះ មន្ត្រី​ជំនាញ​បាន​ព្រមាន ពី​គ្រោះថ្នាក់​ប្រសិន​គ្មាន​ចំណាត់ការ​ទប់ស្កាត់​ទេនោះ។ ជំងឺឆ្លង​នេះ​នឹង​ក្លាយជា​ជំងឺ​អាសន្នរោគ​ដែល​អាច​ឆក់យក​អាយុជីវិត​មនុស្ស​ច្រើនសន្ធឹក​សន្ធាប់​ទាំង​ក្មេង​ទាំងចាស់​ថែមទៀត។ 

ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ដែល​ដឹកនាំ​ក្រុម​សង្គ្រោះ​និង​ពេទ្យ​ស្ម័គ្រចិត្ត Kishore Rana បានអោយដឹងថា លោក​កំពុង​ប្រឹងប្រែង​បញ្ជូន​ពេទ្យ​ស្ម័គ្រចិត្ត​រួមទាំង​ថ្នាំសង្កូវ​ទៅកាន់​តំបន់​ដែល​រងគ្រោះថ្នាក់​ខ្លាំង ហើយ​បញ្ហា​ដែល​លោក​បារម្ភ​គឺ​ជំងឺឆ្លង​វា​រាតត្បាត​ខ្លាំង។ លោក​បាន​សង្កត់ធ្ងន់ថា​ការលំបាក​ពេលបច្ចុប្បន្ន​គឺ​មន្ទី​ពេទ្យ​នៅតាម​តំបន់ គ្រឿង​បរិក្ខា​សម្រាប់​ជំនួយ​នានា រង​ការបំផ្លិចបំផ្លាញ​ស្ទើរ​អស់​ផង។

ចំ​ណែ​ស្ថាប័ន​សុខភាព​ពិភពលោក បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការកើនឡើង​នៃ​ជំងឺឆ្លង​ផងដែរ ប៉ុន្តែ​ស្ថាប័ន​នេះ​បញ្ជាក់ថា ទោះ​មន្ទី​ពេទ្យ​នៅ​តំបន់​ដែល​រង​ការវាយប្រហារ​ខ្លាំង​ដោយ​ជំងឺ​ត្រូវ​ខូចខាត​ខ្លាំង​ក៏ដោយ គ្រែ​ពេ​ទ្រ បុគ្គលិក​ពេទ្យ មាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ថ្នាំសង្កូវ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។ អង្គការ​អន្តរជាតិ​នេះ​បានលើកឡើង​ផងដែរ​ពី​លទ្ធភាព​នៃ​ការបន្ត​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ ប៉ុន្តែ​បច្ចុប្បន្ន​អ្នកជំនាញ​ពាក់ព័ន្ធ​កំពុង​ផ្តោតលើ​វិធានការ​ទប់ស្កាត់​មិនអោយ​ជំងឺ​អាសន្នរោគ​កើតឡើង​ក្នុងចំណោម​ប្រជាជន​នេ​ប៉ាល់ ២.៨លាន​នាក់​ដែល​បាត់បង់​លំនៅ និង​ត្រូវ​រស់នៅ​ពឹងផ្អែក​ជំរក​និង​ជំនួយ​មនុស្សធម៌៕

© រក្សាសិទ្ធិដោយ thmeythmey.com