អន្តរជាតិ
ព្យុះ​ទី​ហ្វុ​ង​Noulវាយប្រហារ​នៅ​តំបន់​ឦសាន​ប្រទេស​ហ្វីលីពីន
11, May 2015 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ

    កម្លាំង​ទឹកភ្លៀង និង​ខ្យល់​កន្ត្រាក់​ធំ​បាន​បក់បោក​មកលើ​ឆ្នេរសមុទ្រ​ស្ថិតនៅ​ទិសឦសាន​ប្រទេស​ហ្វីលីពីន។បាតុភូតធម្មជាតិ​នេះ បានសម្លាប់​មនុស្ស​ចំនួន២នាក់ និង​ធ្វើ​ឲ្យ​រង​ការខូចខាត​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជាង3000ខ្នង។ បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកជំនាញ​ព្យុះ​នេះ​មាន​ឈ្មោះថា ព្យុះ Noul។



ល្បឿន​នៃ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​នោះ​គី១៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ហើយ​កើនឡើង​ទៅដល់១៩៥កាលពី​ថ្ងៃ​ចន្ទ។ បើ​យោងតាម​ការព្យាករណ៍​អាកាសធាតុ ល្បឿន​ខ្យល់​នឹង​អាច​ផ្លាស់ប្តូរ​ទិស​ទៅ​ភាគ​ខាងជើង​ក្នុង​ល្បឿន១៩គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​វិញ។

នៅ​ថ្ងៃ​ចន្ទ​នេះ ស្ថាប័ន​របស់​ប្រទេស​អង់គ្លេស​ដែល​ទទួលបន្ទុក​ព្យាករណ៍​អាកាសធាតុ​បាន​ឲ្យ​ដឹងថា វា​ជា​ប្រភេទ​នៃ​ខ្យល់ព្យុះ​ទី​បួន ក្នុងចំនោម​ខ្យល់ព្យុះ​ទាំង​ប្រាំ​ដែល​នឹង​បោកបក់​កាត់​ប្រទេស​ហ្វីលីពីន។

នៅ​ថ្ងៃអាទិត្យ ព្យុះ​ទី​ហ្វុ​ង Noul បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​តំបន់​មួយចំនួន​ក្នុងប្រទេស​ហ្វីលីពីន​ផង ជាពិសេស​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម នៅ​តំបន់​Cagayan  ដែលមាន​ចម្ងាយ​ប្រហែល ៤០០គម ភាគ​ខាងជើង​រដ្ឋធានី ម៉ានីល។

លោក​ចៅហ្វាយក្រុង Cagayan បាន​ថ្លែងថា៖« ព្យុះ​ទី​ហ្វុ​ង​ថមថយ​ឥទ្ធិពល​បាត់ទៅ​ក៏ដោយ ប៉ុន្តែ​មាន​បញ្ហា​ច្រើន​ដែល​យើង​ត្រូវ​ដោះស្រាយ​ជាពិសេស​ការខូចខាត​ផ្ទះសម្បែង ផលដំណាំ​កសិកម្ម ដែល​រង​ការបំផ្លាញ​ដោយ​ខ្យល់​នេះ»។លោក​បាន​បន្ថែម​ផងដែរ​ថា ក្រោយ​ខ្យល់ព្យុះ​ទៅ​បាត់ អ្នក​ដែល​ត្រូវបាន​ភៀសខ្លួន​រក​កន្លែង​សុវត្ថិភាព នោះ​ត្រូវបាន​ត្រលប់​ទៅ​ទីលំនៅ​របស់​ពួកគេ​វិញ​ដែរ។

ថ្វីបើ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​បាន​បំផ្លិច​បំ​ផ្លា​ផ្ទះសម្បែង និង​គំរាមកំហែង​អាយុជីវិត​មនុស្ស​ក៏ពិតមែន តែ​វា​ក៏បានផ្ដល់​នូវ​ភាព​វិជ្ជមាន​ខ្លះ​ផងដែរ។ ព្យុះ​នាំមក​នូវ​ភ្លៀង​ធ្លាក់​ជោគជាំ​ដែល​វា​អនុគ្រោះ​ដល់​ការដាំ​ដំណាំ​កសិកម្ម ព្រោះ​កន្លងមក​កសិករ​ប្រឈម​ការ​លំ​បា​ដោយសារ​ការអូសបន្លាយ​នៃ​រដូវក្ដៅ​នេះ។

គួរបញ្ជាក់​ផង​ដែលថា​ប្រទេស​ហ្វីលីពីន​តែង​រង​ការវាយប្រហារ​ដោយសារ​ខ្យល់ព្យុះ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខ្យល់​ដែល​ឆ្លងកាត់​ហ្វីលីពីន​មាន​កម្លាំង​ខ្លាំង​និ​បង្ក​គ្រោះថ្នាក់​ផងដែរ។ ដូចជា​ព្យុះ​ហៃ​យ៉ាន​កន្លងមក​បានសម្លាប់​មនុស្ស​ប្រហែល ៨០០០នាក់​ហើយ​ធ្វើ​ឲ្យ​មនុស្ស​ប្រហែល ១លាន​នាក់​ទៀត​បាត់បង់​ផ្ទះសម្បែង​កាលពី​ឆ្នាំ២០១។


ប្រែ​សម្រួល​ដោយ៖ រ៉េ​ន សុភ​ក្តិ

© រក្សាសិទ្ធិដោយ thmeythmey.com