អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ថ្កោលទោស​ក្រុម​ឧទ្ទាម​ដែល​បាញ់​ផ្លោង​គ្រាប់​ដាក់​ស្ថានទូត​របស់ខ្លួន​នៅ​ស៊ី​រី
20, May 2015 , 3:14 pm        
រូបភាព

រដ្ឋាភិបាល​រុស្ស៊ី​ខឹងសម្បារ​ជាខ្លាំង​ក្រោយ​មានការ​វាយប្រហារ​ដោយ​គ្រាប់ផ្លោង​ប្រឆាំង​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ស៊ី​រី​ក្នុង​រដ្ឋធានី​ដា​ម៉ាស​កាលពី​ម្សិលមិញ។ គ្រាប់ផ្លោង​បាញ់​ចេញពី​តំបន់​ដែល​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​កាន់កាប់ ហើយ​គេ​សង្ស័យថា​ក្រុម​ទាំងនោះ​ជា​អ្នកបាញ់​គ្រាប់ផ្លោង​នោះ។ រុស្ស៊ី​បាន​ថ្កោលទោស និង​ចា​ត​ទុក​ការវាយប្រហារ​ជា​សកម្មភាព​ភេរវកម្ម និង​មិនអាច​លើកលែង​បានឡើយ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​ដា​ម៉ាស​បាន​រង​ការខូចខាត​យ៉ាងដំណំ​ដោយសារ​ការ​ផ្លោង​គ្រាប់​របស់​កងកម្លាំងប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ម្សិលមិញ។ បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​អាជ្ញាធរ​តំបន់ និង​ក្រសួងការបរទេស​រុស្ស៊ី ការវាយប្រហារ​នេះ​បានធ្វើ​ឲ្យ​ខូចខាត​សំណង់​អាគារ​ទូត​រុស្ស៊ី ប៉ុន្តែ​សំណាងល្អ​មិនមាន​មន្ត្រី​ទូត​ណា​ម្នាក់​របួស​ឬ​ស្លាប់​ឡើយ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​រុស្ស៊ី​បានបង្ហាញ​កំហឹង​ចំពោះ​ជន​ដែល​ហ៊ាន​វាយប្រហារ​ស្ថានទូត​រុស្ស៊ី និង​ប្រកាស​ថ្កោលទោស​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ផងដែរ។

បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការ​ការបរទេស​រុស្ស៊ី ការវាយប្រហារ​ដោយ​បាញ់​គ្រាប់ផ្លោង​នេះ កើតឡើង​កាលពី​ម្សិលមិញ ហើយ​គ្រាប់​បាញ់​ផ្លោង​បាន​ចេញពី​តំបន់ Jobarដែល​កំពុង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាល។ ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នោះ បាន​ថ្កោលទោស​សកម្មភាព​វាយប្រហារ​ប្រតិបត្តិការ​និង​បេសកម្ម​ការទូត​រុស្ស៊ី ដោយ​រុស្ស៊ី​ចាត់ទុក​ទង្វើ​នេះ​ជា​សកម្មភាព​ភេរវកម្ម​ផងដែរ។  គេ​មិនទាន់​អាចសន្និដ្ឋាន​បាន​ច្បាស់​នៅឡើយ​ទេ​ថា អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​ឲ្យ​ពិតប្រាកដ ប៉ុន្តែ​ដោយសារ​ការបាញ់​ផ្លោង​ចេញពី​តំបន់​របស់​ក្រុម​ឧទ្ទាម ដូច្នេះ​គេ​ដាក់​ការសង្ស័យ​លើ​ក្រុម​ឧទ្ទាម​តែម្តងទៅ។ ហើយ​ម្យ៉ាង​ដោយសារ​ក្រុម​ឧទ្ទាម​មាន​ច្រើន​ក្រុម គេ​ក៏​នៅ​មិនអាច​ដឹងបាន​ឡើយ​ដែរ ថា​ក្រុម​ឧទ្ទាម​ទាំងនោះ​ស្ថិតក្រោម​ការជួយ​គាំទ្រ​របស់លោក​ខាងលិច​ឬ​យ៉ាងណា​នោះទេ។

ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុមប្រឆាំង​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ កើនឡើង​ច្រើន និង​បន្ត​វាយប្រហារ​កង​ម្លាំ​ង​រដ្ឋាភិបាល​ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​បច្ចុប្បន្ននេះ។ សូម​រម្លឹក​ផងដែរ​ថា សហរដ្ឋអាមេរិក​និង​លោកខាងលិច​មួយចំនួន​ជា​ប្រទេស​សកម្ម​ជា​គេ​ដែល់​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដល់​កងកម្លាំង​ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុម ដើម្បី​ប្រយុទ្ធ។ 

ក្រៅពី​ថ្កោលទោស​ករណី​ភេរវកម្ម អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោក AleksandrLukashevich បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ផងដែរ ដោយ​រដ្ឋាភិបាល​នេះ​បានប្រកាសថា​ខ្លួន​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ដា​ម៉ាស​ដើម្បី​តាម​កម្ចាត់​ក្រុម​ភេរវជន។ លោក​បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​បន្ត​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ក្រុមប្រឹក្សាសន្តិសុខ ឲ្យ​សហការគ្នា​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន និង​ការពារ​សន្តិសុខ សន្តិភាព​ពិភពលោក។

ក្រោយ​ការវាយប្រហារ​ស្ថានទូត​រុស្ស៊ី រដ្ឋាភិបាល​ស៊ី​រី ប្រញាប់ប្រញាល់​ឆ្លើយតបភ្លាមៗ ដោយ​សន្យាថា​នឹង​បង្កើន​ការការពារ និង​រឹតបន្តឹង​សន្តិសុខ​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ការពារ​ស្ថានទូត​និង​មន្ត្រី​ទូត​រុស្ស៊ី​នៅក្នុង​ប្រទេស​ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com