កីឡាជាតិ
ជាតិ
AFF U-16៖ យុវជន​ថៃ​លើក​ពាន​លើក​ទី២លើ​ទឹកដី​កម្ពុជា
10, Aug 2015 , 9:43 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​យុវជន​ក្រោម​អាយុ ១៦ ឆ្នាំ​របស់​ថៃ​ដណ្ដើមបាន​ជើងឯក​ជា​លើក​ទី២ គិតពី​ឆ្នាំ ២០០៧ មកលើ​ទឹកដី​រាជធានី​ភ្នំពេញ ក្នុង​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ១៦ឆ្នាំ​ប្រចាំ តំបន់​អាស៊ាន AFF BIDC U-16 Championship 2015 ក្រោយ​យកឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា ដោយ​លទ្ធផល ៣-០ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី ៩ ខែ សីហា ម្សិលមិញ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។

 
វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​កីឡាករ Sittirak Koetkhumthong បានតែ​តបាល់​គ្រាប់​ដំបូង​ឱ្យ ក្រុម​ថៃ​នាំមុខ មី​យ៉ាន់​ម៉ា ១ ទល់ ០ នៅ​នាទី ៤២ ហើយ​ចូលដល់​នាទី ៨២ កីឡាករ Natthapong Nakpitak បានតែ​តបាល់​ទី២ និង​កីឡាករ​Jinnawat Russamee បាន​ទាត់​បាល់​គ្រាប់​ទី៣ នៅ​នាទី ៨៣ ។
 
គេ​ចាំបាន​ថា​កាលពី​ឆ្នាំ ២០០៧ កន្លងទៅ​ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ដូចគ្នានេះដែរ ក្រុម U-16 ថៃ បាន​គ្រង​ជើងឯក​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ពានរង្វាន់​យុវជន​ប្រចាំ​តំបន់​នេះ ក្រោយ​យកឈ្នះ​ឡាវ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៣-២  ។
 
ងាក​ទៅ​មើល​ក្រុម​អូស្ត្រាលី បាន​យកឈ្នះ​ក្រុម​ឡាវ ដោយ​លទ្ធផល ១០ – ២ ហើយ​គ្រង​កៅអី​ចំណាត់ថ្នាក់​លេខ៣ ប្រចាំ​ឆ្នាំនេះ​តែម្ដង។ កីឡាករ Jonh Roberts និង កីឡាករ Rahmat Akbari រក​គ្រាប់​បាល់​បាន​ម្នាក់ ៣ គ្រាប់ ហើយ​កីឡាករ Marc Moric រកបាន ២ គ្រាប់​ម្នាក់ឯង និង​កីឡាករ Lachland Brook, Ahmed Sweedan រក​គ្រាប់​បាល់​បាន​ម្នាក់១គ្រាប់ ឱ្យ​អូស្ត្រាលី។ ២ គ្រាប់​របស់​ឡាវ រកបាន​ដោយ​កីឡាករ Sengsavang តែម្នាក់ឯង។
 
សរុប​ចំណាត់ថ្នាក់​ពានរង្វាន់ AFF BIDC U-16 Championship 2015 នៅ​រាជធានី​ភ្នំពេញ​នេះ​មាន៖
 
ជើងឯក៖ ក្រុម​ថៃ
ជើងឯក​រង៖ មី​យ៉ាន់​ម៉ា
លេខ៣៖ អូស្ត្រាលី
ក្រុម​លេង​ល្អ ឬ លេង​យុត្តិធម៌ (Fair Play)៖ មី​យ៉ាន់​ម៉ា
 
អាជ្ញាកណ្ដាល​វគ្គ​ផ្ដាច់ព្រ័ត្រ៖ លោក ទុយ វិច្ឆិកា (កម្ពុជា) ជំនួយការ​អាជ្ញាកណ្ដាល Somphavanh Loung Lath (ឡាវ) លោក Mathew Cheeseman (អូស្ត្រាលី) និង​លោក Nguyen Hien Triet (វៀតណាម)។
 
សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ បានផ្ដល់​សិទ្ធិ​ឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ក្រោម​អាយុ១៦ឆ្នាំ​ប្រចាំ​តំបន់​នេះ ចាប់ពី​ថ្ងៃទី ២៧ ខែ កក្កដា ដល់ ៩ ខែ សីហា ឆ្នាំ ២០១៥ ដោយមាន​ក្រុម​ចូលរួម​ចំនួន ១១ ចែកជា ២ ពូ​ល។ ចំពោះ​ពូ​ល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទី​ម័​រ​ខាងកើត, ប្រ៊ុយណេ និង ថៃ ហើយ​ពូ​ល B មាន អូស្ត្រាលី, សិង្ហ​បុរី, ហ្វីលីពីន, មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា៕
 
 

Tag:
 AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com