បទយកការណ៍ / បទសម្ភាសន៍
សន្តិសុខ និង​អ្នក​ចាក់​ប្រេង នឹក​ស្ដាយ​បុណ្យ តែ​មិនអាច​ចោលការ​ងារ​
29, Sep 2016 , 9:39 pm        
រូបភាព
 
​ភ្នំពេញ​៖ បុគ្គលិក​ចាក់​ប្រេងឥន្ធនៈ និង​សន្តិសុខ​នៅតាម​បណ្តា​រោងចក្រ  សាលារៀន ទីតាំង​កម្សាន្ត និង​កន្លែង​ផ្សេងៗ​ទៀត មិនមាន​ពេល​ឈប់សម្រាក​ច្រើន​ថ្ងៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឡើយ​។ ពួកគេ​ខ្លះ​មិនបាន​ឈប់សម្រាក​សោះ ក្នុង​ថ្ងៃ​ភ្ជុំ​ធំ និង​អ្នកខ្លះ​បាន​ឈប់​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ ព្រោះ​ត្រូវ​ផ្លាស់ប្តូរ​វេន​គ្នា​ឈប់  ដើម្បី​ឲ្យ​អ្នកផ្សេង​បាន​ទៅ​ជួបជុំ​គ្រួសារ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះដែរ​។ ពួកគេ អះអាងថា សោកស្តាយ​ដែល​មិនបាន​ទៅ​វត្ត​ជុំ​គ្រួសារ​នៅ​ថ្ងៃ​ភ្ជុំ​ធំ ប៉ុន្តែ​មិនអាច​ទុកចោល​ការងារ​បាន​។​


​លោក យ៉ាន់ ចាន់​កវី ជា​បុគ្គលិក​ចាក់​ប្រេង នៅ​ស្ថានីយ​ប្រេង​មួយកន្លែង​ម្តុំ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​ឈប់សម្រាក​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺ​នៅ​ថ្ងៃ​ភ្ជុំ​ធំ និង​ក្រោយ​ភ្ជុំ​មួយថ្ងៃ​។ ការឈប់​សម្រាក​បុណ្យ​ភ្ជុំ​នេះ កវី ត្រូវ​ផ្លាស់ប្តូរ​វេន​ឈប់​ជាមួយ​មិត្ត​រួមការ​ងារ​ផ្សេងទៀត ដើម្បី​បាន​ទៅ​ជួបជុំ​ក្រុមគ្រួសារ​។ កវី បញ្ជាក់ថា គេ​សោកស្តាយ​ណាស់​ដែល​មិនបាន​ទៅ​វត្ត​ជួបជុំ​គ្រួសារ​នៅក្នុង​ថ្ងៃ​ភ្ជុំ​ធំ ពីព្រោះ​ព្រឹក​ថ្ងៃនោះ រូបគេ​ទើប​ដល់​វេន​ឈប់ ហើយ​កំពុងធ្វើដំណើរ​ទៅ​ស្រុកកំណើត​ក្នុង​ខេត្តកំពត​។ យុវជន យ៉ាន់ ចាន់​កវី បានបញ្ជាក់​យ៉ាង​ដូច្នេះ ៖«​ថ្ងៃ​ភ្ជុំ​ខ្ញុំ​បាន​ជូន​សម្ភារ និង​ថវិកា ឲ្យ​ម៉ែ​ពុក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ ព្រោះ​មិនបាន​ទៅ​វត្ត​ជុំ​គ្រួសារ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​»​។ 
 
​រយៈ​ជិត​១​ឆ្នាំ​ហើយ ដែល កវី បម្រើ​ការងារ​ជា​អ្នក​ចាក់​ប្រេង​នេះ​។ រូបគេ រអ៊ូរទាំ​ថា ឲ្យ​តែ​បុណ្យទាន​ធំៗ ម្តៗ រូបគេ​មាន​ពេល​ខ្លី​ណាស់​ទៅលេង​ឪពុកម្តាយ និង​បងប្អូន​នៅ​ស្រុក​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ក៏​យុវជន​រូបនេះ ក៏​សប្បាយចិត្ត​ដែរ ព្រោះ​រូបគេ​មាន​វត្ត​មាននៅ​ស្រុកកំណើត នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដូច​កូនៗ​អ្នក​នៅក្នុង​ភូមិ ស្រុក ផ្សេងទៀត ដែល​គេ​មក​ធ្វើការ​រកប្រាក់​នៅ ភ្នំពេញ​។ «​បាន​ទៅ ប្រសើរ​ជាង​អត់​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក យ៉ាន់ ចាន់​កវី ដែល​បន្ថែមថា យ៉ាងហោច​ឪពុកម្តាយ​យើង​បានឃើញ​មុខ​កូន​នៅពេល​បុណ្យទាន​ធំៗ ទោះ​ពេល​ឈប់​តិច​ថ្ងៃ​ក៏ដោយ ក៏ត្រូវ​ឆ្លៀត​ទៅ​ជួប​គ្រួសារ​ដែរ​។ 
 
​ចំណែកឯ បុគ្គលិក​ចាក់​ប្រេង​ម្នាក់ទៀត នៅ​ម្តុំ​ផ្សារ​ដី​ហុយ គឺ លោក ប៊ុន​ថេត ជា​ក៏​សោកស្តាយ​ដែរ ដែល​មិនបាន​ទៅលេង​ស្រុក​ឲ្យ​ចំ​ថ្ងៃបុណ្យ​ភ្ជុំ​ធំ​។  បើតាម ប៊ុន ថេត រូបគេ​បាន​ឈប់​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្នុងឱកាស​បុណ្យ​ភ្ជុំ​នេះ ហើយ ប៊ុត​ថេត សុខចិត្ត​ធ្វើការ​នៅ​ថ្ងៃបុណ្យ ដើម្បី​ទទួលបាន​ប្រាក់​បន្ថែមចំនួន ២០ ដុល្លារ ពី​ក្រុមហ៊ុន​។ តែ​យ៉ាងណាក៏ដោយ​បុរស​មាន​ស្រុកកំណើត​នៅក្នុង​ខេត្តព្រៃវែង​រូបនេះ បាន​ទៅ​ស្រុក​ម្តង​ហើយ នៅមុន​បុណ្យ​ភ្ជុំ​។ យ៉ាងណាក៏ដោយ បុគ្គលិក​ចាក់​ប្រេង​រូបនេះ ក៏បាន​បង្ហាញ​អារម្មណ៍​នឹករលឹក​ស្រុកកំណើត​ដែរ ខណៈពេល​បុណ្យទាន ភាគច្រើន​ក្រុមគ្រួសារ​អ្នកផ្សេង​ជួបជុំគ្នា​នោះ​។ ប៊ុត​ថេត អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​អារម្មណ៍​នឹក​ផ្ទះ នឹក​ស្រុក នឹក​ស្រែ នឹក​ម្ដាយ​ឪពុក នឹក​បងប្អូន ចេះតែ​នឹក​ហើយ សំខាន់​គឺ​គ្មាន​ពេល ព្រោះ​ការងារ​រវល់ មិនអាច​បោះបង់​ការងា​រ​ចោល​បាន​»​។​
 
​រីឯ​លោក ការ៉េ ពៅ ជា​សន្តិសុខ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ នៅ​ម្តុំ​បឹងត្របែក រាជធានី​ភ្នំពេញ វិញ មិនបាន​ឈប់សម្រាក​ឡើយ នៅក្នុង​ថ្ងៃ​ភ្ជុំ​។  បើតាម លោក ពៅ លោក​ត្រូវ​នៅ​យាម​កន្លែងធ្វើការ នៅ​ថ្ងៃ​ដែល​អ្នកផ្សេង​រីករាយ​ជាមួយ​ក្រុមគ្រួសារ នៅឯ​ស្រុកកំណើត​នេះ​។ បុរស​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​រូបនេះ បាន​រៀប​រាប់ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា​៖ «​ឆ្នាំនេះ ខ្ញុំ​មិនបាន​ទៅលេង​ស្រុក និង​ផ្ញើ​លុយ​ឲ្យ​អ្នកផ្ទះ​ទេ ព្រោះ​កន្លែងធ្វើការ​មិនទាន់​បើក​ប្រាក់ខែ ណាមួយ​គេ​ឲ្យ​ខ្ចីលុយ​ត្រឹមតែ​៣០ ដុ​ណ្ល​រ​ប៉ុណ្ណោះ​»​។  មាន​វ័យ​២៩ ឆ្នាំ លោក ការ៉េ ពៅ បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ លោក​ទទួលបាន​ប្រាក់​បន្ថែម​គុណ​នឹង​ពីរ ពោលគឺ​លោក ទទួលបាន​កម្រៃ​ជិត​១០​ដុល្លារ​ដែរ ក្នុង​មួយថ្ងៃ​។  លោក ពៅ និយាយថា​លោក នៅ​ធ្វើការ​យកប្រាក់​បន្ថែម​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ហើយ​លោក​នឹង​ឆ្លៀត​ទៅលេង​ស្រុក នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​បញ្ចប់​វិញ​។ 
 
​ដោយសារ​ឱកាស​បុណ្យទាន​ម្តង​ពួកគាត់ មិនសូវមាន​ពេលវេលា​ច្រើន ឈប់សម្រាក ដូច្នេះ ពួកគេ ចង់​មាន​ពេល​ឈប់សម្រាក​ច្រើន ដើម្បី​បាន​ទៅលេង​ស្រុកកំណើត ជួបជុំ​បងប្អូន ដូច​អ្នកធ្វើការ​ផ្សេងៗ​ទៀត​ដែរ​៕

Tag:
 ភ្ជុំបិណ្ឌ​
 ​​ សន្តិសុខ​
  ​អ្នក​ចាក់​ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com